ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ ក៏​ដូច​ជា​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​ក្រោម​វាទ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ជា​ទណ្ឌិត​បាន​បន្តបន្ទាប់​៤​នាក់ ដែល​ជាប់​ទោស​ពី​១៥​ឆ្នាំ​ដល់​៥៥​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ស្ថិត​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញា​ក្រែ ។ ប្រតិបត្តិការ​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត និង​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​មួយ​ចំនួន​ទៀត​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ក្នុង​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង​មក​ថា មាន​ទណ្ឌិត​មួយ​ចំនួន​បាន​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​នោះ ហើយ​ត្រូវ​បាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ឲ្យ​រូប​លោក និង​កម្លាំង​ជា​ច្រើន​នាក់​ទៀត​ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្ទាន់​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ដោយ​ឃាត់​ទណ្ឌិត​២​នាក់​បញ្ជូន​មក​កាន់​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ចំនួន​១៣​កញ្ចប់ ក្នុង​នោះ​ធំ​៩​កញ្ចប់​នៅ​ជាប់​នឹង​ខ្លួន​ទណ្ឌិត​ឈ្មោះ ឯក ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។

លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​ឆ្លើយ​សារភាព អាវុធហត្ថ​បាន​សហការ​ជាមួយ​ប្រធាន​មណ្ឌល​កែប្រែ​ទី​៣​រហូត​មក​ដល់​ថ្ងៃ​ទី​១៥​កុម្ភៈ​ក៏​ឃាត់​បាន​ទណ្ឌិត​២​នាក់​ទៀត​សរុប​បាន​៤​នាក់ ក្នុង​នោះ​មាន ១-​មេខ្លោង​ឈ្មោះ ប៊ុ​ន លី ២-​ឈ្មោះ ប៊ុ​ន ទ្រី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ៣-​ឈ្មោះ កែវ រ៉ែ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ៤-​ឈ្មោះ កែវ ជី​ន  ភេទ​ប្រុស  អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម ដែល​ក្រុម​ទាំងនេះ​គឺ​សុទ្ធសឹងតែ​មានទោស​បទឧក្រិដ្ឋ​​ត្រូវ​ជាប់​ពន្ធ​នាគារ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ​ដល់​៥៥​ឆ្នាំ ។

សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី​៣​ខាងលើ​ត្រូវ​បាន​មេខ្លោង​ទណ្ឌិត​ឈ្មោះ ប៊ុ​ន លី បាន​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ម្នាក់​ឲ្យ​យក​ថ្នាំ​ញៀន​ដើរទៅ​ចែកចាយ​ដល់​អ្នកទោស​ដែល​កំពុង​តែ​ជាប់​ឃុំ​នោះ ។

លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រធាន​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា ក្រុម​ទណ្ឌិត​ដែល​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៤​នាក់ ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​ដែរ ព្រមទាំង​ចេញ​ដីកាឃុំខ្លួន ដោយ​បាន​នាំ​ទៅ​ដាក់​នៅ​ពន្ធនាគារ​ផ្សេង​ពី​កន្លែង​ខាងលើ ហើយ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ជាង​មុន ៕