ពលរដ្ឋ​កម្ពុជា​ម្នាក់ មាន​បំណុល ៣៨០​ដុល្លារ ខណៈ​អាមេរិក​មាន​រហូត​ជាង ៥ ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​

ភ្នំពេញ: រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សេដ្ឋកិច្ច បាន​អះអាងថា ប្រទេស​កម្ពុជា មិនមែន​ស្ថិតក្នុង​ស្ថានភាព​បំណុល​វ័ណ្ឌករ​នោះទេ ព្រោះ​បច្ចុប្បន្ន បើ​គិតពី​បំណុល​ក្នុង​មនុស្ស កម្ពុជា គឺមាន​ប្រមាណ​តែ ៣៨០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ខណៈដែល​អាមេរិក មាន​រហូត​ទៅដល់​ជាង ៥ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់​។​

​ចំពាះ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បំណុល​សាធារណៈ​នេះ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​វេទិកាសាធារណៈ ស្តីពី ស្ថានភាព និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​សម្រាប់​ឆ្នាំ​២០១៦ នា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថា ​កម្ពុជា​ត្រូវបាន​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ចាត់ទុកថា ជា​ប្រទេស​គំរូ​មួយ​ដែល​បាន​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ខ្លួន​បាន​យ៉ាង​ល្អ ហើយ​យើង​ទទួលបាន​នូវ​អញ្ជើញ​ជា​បន្តបន្ទាប់​ទៅ​ចែករំលែក​បទពិសោធន៍​អំពី​ការគ្រប់គ្រង​បំណុល​នេះ​។

​លោក វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា ជាក់ស្តែង កម្ពុជា​ដែលជា ប្រទេសមួយ​មាន​ហានិភ័យ​បំណុល​កម្រិត​ខ្ពស់បំផុត នៅ​ដើម​ទសវត្សរ៍​ទី​៩០ ឥឡូវនេះ​បាន ក្លាយជា​ប្រទេសមួយ​ដែល​ហានិភ័យ​បំណុល​កម្រិត​ទាប នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ អត្រា​អនុ​បាត​បំណុល​ធៀប​នឹង ផ​.​ស​.​ស នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ ដែលមាន​រហូត​ទៅដល់​ប្រមាណ​៩០​ភាគរយ ត្រូវបាន​ធ្លាក់​ចុះមក​ត្រឹម​ប្រមាណ ៣០ ភាគរយ​នៅក្នុង​ឆ្នាំ​២០១៥ ហើយ​បើ​គិត​តាម តម្លៃ​បច្ចុប្បន្ន​មាន​ប្រមាណ​តែ ២៣ ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​អនុ​បាត​គោល ៤០ ភាគរយ​។​

​លោក​បាន​បន្តថា ប្រទេស​កម្ពុជា មិនមែន​ស្ថិតក្នុង​ស្ថានភាព​បំណុល​វ័ណ្ឌករ​នោះទេ ព្រោះ​បច្ចុប្បន្ន​បើ​គិតពី​បំណុល​ក្នុង​មនុស្ស សម្រាប់​ប្រទេស​កម្ពុជា​យើង គឺមាន​ប្រមាណ​តែ ៣៨០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ក្នុងខណៈ ដែល​អាមេរិក​មាន​រហូត​ទៅដល់​ជាង ៥ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ បារាំង​ជាង ៨​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ហើយ​អូស្ត្រាលី​ក៏​ជាង ៥​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។ និយាយ​ជារួម​នៅក្នុង តំបន់​យើង​នេះ គឺ​មានតែ​កម្ពុជា​ទេ ដែលមាន​ទំហំ​បំណុល​តិចជាងគេ​។ បើ​គិតពី​អនុ​បាត បំណុល​ធៀប​នឹង​ចំណូល​ថវិកាជាតិ គឺមាន​ប្រមាណ​តែ ៤​ភាគរយ នៃ ផ​.​ស​.​ស ប៉ុណ្ណោះ ។​

​លោក​បាន​លើកឡើងថា ជារួម យើង​មាន​គោលការណ៍​ក្នុងការ​គ្រប់គ្រង​បំណុល​ច្បាស់លាស់ ពិសេស​ការអនុវត្ត ជាប់​ជាប្រចាំ​នូវ​គោលការណ៍​គន្លឹះ​ចំនួន ៤​យ៉ាង គឺ ១-​ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​, ២-​ត្រូវ​ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត សម្បទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​, ៣-​ត្រូវ​ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ដែល​ទ្រទ្រង់​ចីរភាព​កំណើន និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​៤-​ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំងនោះ ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព​, ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់បំផុត​។ យើង​បាន​អនុវត្ត នូវ​គោលការណ៍​ទាំង​៤​នេះ តាំង​ពីមុន​ការរៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល​សាធារណៈ​មកម្ល៉េះ​។​

​លោក​រដ្ឋមន្ត្រី​ស្តីទី បាន​ជម្រាប​ផងដែរ​ថា ប្រទេស​ដែល​ឯករាជ្យ​ខាង​ថវិកា មិនមែន​បាន ន័យ​ថា ប្រទេស​នោះ​ត្រូវ​ឈប់​ខ្ចីបុល​គេ​នោះទេ ប៉ុន្តែ​មានន័យថា ប្រទេស​នោះ​មានលទ្ធភាព ក្នុង​ការខ្ចី និង​សងបំណុល​គេ​វិញ ហើយ​យក​កម្ចី​ទាំងនោះ ទៅ​វិនិយោគ​បម្រើឱ្យ​ការអភិវឌ្ឍ​ប្រទេស​។

​លោក​រដ្ឋមន្ត្រី​ស្តីទី បាន​ជម្រាប​ទៀតថា កម្ចី​ពី​ប្រទេស​ចិន គឺមាន​លក្ខណៈ​ឆ្លើយតប​ទៅនឹង​ស្ថានភាព និង​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​៕