ពាក់​កណ្តាល​ម៉ារ៉ាតុង នៅ​ខេត្តព្រះសីហនុ មានអ្នក​ចូល​រួម​​១៣០០​នាក់​ហើយ

ព្រឹត្តិការណ៍រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ា​តុង លើក​ទី​៥ នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ត្រូវ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ខាង​មុខ​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​បាន​ចំនួន​១៣០០​នាក់​ហើយ ខណៈ​ព្រឹត្តិការណ៍​ប្រកួត​នេះធ្វើ​ឡើង ដើម្បី​ការពារ​បរិស្ថាន​តំបន់​ឆ្នេរ ​អប់អរ​សាទរទិវា​សិទ្ធិ​នារី ៨​មីនា និង​ស្វែង​រក​មូល​និធិ​មនុស្ស​ធម៌។

kh-1

តួរលេខនៃ​ចំនួន​អ្នក​ចូល​រួម​ជា​បណ្តោះ​អាសន្ន​នេះ ​ត្រូវ​បាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ដៃ​គូសហការ​គឺ​ក្រុម​ហ៊ុន Cambodian Events Organizer និងម្ចាស់​​ឧបត្ថម្ភ​ធំ​​ក្រុម​ហ៊ុនសាបៀរ​អង្គរ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទី​ស្នាក់​ការ NOCC កាល​ពី​ព្រឹក​​ថ្ងៃ​សុក្រ​នេះ។
​លោក វ៉ាត់ ចំរើន អគ្គលេខាធិការNOCC បានបញ្ជាក់ថា៖​« គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ ឆ្នាំ២០១៦នេះ យើងទទួលបាន អ្នកចុះឈ្មោះ​សរុប១,៣០០នាក់ ក្នុង​នោះ​មាន​បរទេស​១៥០​នាក់ មក​ពី​២០​ប្រទេស ខណៈ​ការ​ប្រកួត​​កាល​ពី​ឆ្នាំ​២០១៥ ​​មាន​អ្នក​ចូល​រួម​ប្រមាណ​១,២០០​នាក់ប៉ុណ្ណោះ ហេតុ​​តួលេខ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ប្រកួត​នៅ​ឆ្នាំ​នេះ មាន​អ្នក​ចូល​រួម​មាន​ការ​កើន​ឡើង»។

kh-2គួ​បញ្ជាក់​ថា ក្រៅ​ពី​ការ​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ​២១​គីឡូ​ក្រាម(បុរស-នារី) ក៏​មាន​ការ​ប្រកួត​​រត់​ចម្ងាយ​១០គីឡូម៉ែត្រ(បុរស-នារី) និងរត់កម្សាន្តលក្ខណៈគ្រួសារ ចម្ងាយ​៣គីឡូ​ម៉ែត្រ មិន​ប្រកាន់​វ័យ​​ផង​​ដែរ។ ហេតុ​នេះ ហើយ​អ្នក​មាន​បំណង​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍នេះ អាចមក​ចុះឈ្មោះដោយ​ផ្ទាល់​ នៅ​ការិយាល័យផ្ទះលេខ៧៩C ផ្លូវ១៥៥ កែងផ្លូវ៤៧៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ​ទំនាក់​ទំនង​តាម​រយៈទូរ​ស័ព្ទ​លេខ ០២៣ ២១៣ ៥២៥។ ជាមួយ​នឹង​​​ការ​ប្រកួត​នេះ លោក វ៉ាត់ ចំរើន បាន​សូមស្នើដល់ក្រុមអាជីវករ ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ មេត្តា​កុំឡើងថ្លៃ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មានបំណង​ទៅចូលរួមរត់នៅខេត្តតំបន់ឆ្នររបស់យើង។ បន្ថែម​លើ​នេះ លោក សែម ផល្លា មក​ពី​ក្រុម​ហ៊ុន Cambodian Events Organizer និង​ជាសមាជិក គណៈកម្មការរៀបចំការប្រកួតព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ បានធ្វើការអំពាវនាវ​ដល់សាធារណជន នៅទូទាំងខេត្តព្រះសីហនុ ដូច​ជាយុវជន សិស្សានុសិស្ស ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ដែល​មាន​បំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍រត់ប្រណាំង​នេះ ឲ្យបានច្រើនកុះករ។

លោក វ៉ាត់ ចំរើន និង​លោក សែម ផល្លា បានបន្ថែម​ថា បន្តទៀតថា ការ​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង លើក​ទី​៥ ឆ្នាំ២០១៦នេះ គណៈកម្មការ គ្រោងនឹង​ធ្វើនាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០១៦ ​ខាង​មុខ​នេះ ហេតុ​នេះ​សូម​មហាជនគ្រប់មជ្ឈដ្ឋាន ដែល​មាន​បំណង​ចង់​ចូល​រួម​រត់ប្រណាំង​នេះ មកចុះឈ្មោះឲ្យបានគ្រប់គ្នា និងច្រើនកុះករ ព្រោះព្រឹត្តិការណ៍រត់នេះ ធ្វើ​ឡើងដើម្បី​​ប្រមូល​ប្រាក់​បែប​សប្បុរសធម៌ និង​ការពារ​បរិស្ថាន​នៅ​តំបន់​ឆ្នេរ​អូរឈើទាល​ ព្រម​ទាំង​ អប់អរ​សាទរទិវា​សិទ្ធិ​នារី ៨​មីនា៕