Ibrahimovic ឲ្យ​តម្រុយ​ចង់ទៅ​លេង​នៅ Premier League

Zlatan Ibrahimovic បាន​ស្នើថា រូបគេ​នឹង​ទទួលយក​ការចាប់អារម្មណ៍​ពី​ក្លិប​នៅ Premier League ប្រសិនបើ​រូបគេ​ពិតជា​ត្រូវ​ចាក​ចេញពី​ក្លិប​បារាំង Paris Saint-Germain នា​រដូវក្តៅ​ខាងមុខនេះ ខណៈដែល​កីឡាករ​អន្តរជាតិ​ស៊ុយ​អ៊ែត​នេះ រំពឹងថា នឹង​ទទួលបាន​កិច្ចសន្យា​លេង​រយៈពេល​វែង មុនពេល​អាជីព​បាល់ទាត់​របស់គេ ត្រូវ​ទៅ​បញ្ចប់​ជាមួយ​ក្លិប Miami នៅ​លី​ក​អាមេរិក Major League Soccer។

zlatanខ្សែប្រយុទ្ធ​រូបនេះ ដែល​បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​នាំមុខ ឲ្យ PSG ឈ្នះ ២-១ លើ​តោ​ខៀវ Chelsea នៅ​កីឡដ្ឋាន Parc des Prince កាលពី​យប់​ថ្ងៃ​អង្គារ នឹង​អស់​សុពលភាព​កុងត្រា​នា​ខែមិថុនា​ខាងមុខនេះ និង​មិនទាន់មាន​ការចរចា​ណាមួយ សម្រាប់​បន្ត​កុងត្រា​របស់​កីឡាករ​នេះ​ទេ។ ទោះជា​ប្រធាន​ក្រុម PSG កីឡាករ Thiago Silva បាន​ទៅ​ជួប​លោក Nasser al-Khelaifi ប្រធាន​ក្លិប PSG នៅ​សប្តាហ៍​នេះ ដើម្បី​ជំរុញ ឲ្យ​ផ្តល់​កុងត្រា​បន្ថែម​ដល់​កីឡាករ​ខ្សែប្រយុទ្ធ វ័យ៣៤ឆ្នាំនេះ ប៉ុន្តែ Ibrahimovic បានផ្តល់​តម្រុយ​វិញ​ថា រូបគេ​នឹង​ចាកចេញ​ដើម្បី​បទពិសោធន៍ថ្មីៗ ក្រោយ​បាន​នាំ​ជោគជ័យ ៤ ឆ្នាំ​ជាប់​គ្នា​នៅ Ligue1 នេះ។

កីឡាករ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន​ពេញ​អឺរ៉ុប ដូចជា Malmo, Ajax, Juventus, Inter Milan, Barcelona និង AC Milan បាន​ប្រាប់​សារព័ត៌មាន​អង់គ្លេស​មួយ អំពី​អនាគត​ថា «ខ្ញុំ​មាន​ពេល ៣ខែ​ទៀត​នៅទីនេះ។ រឿង​ធំ​នឹង​កើតឡើង សូម​ចាំមើល​ទាំងអស់គ្នា»។ នៅពេល​សួរថា ចាប់អារម្មណ៍​ក្លិប​នៅ Premier League ភ្លក់​រសជាតិ​ថ្មី? Ibrahimovic និយាយថា «ឧបមា​ថា ខ្ញុំ​កំពុង​ស្ថិតនៅ​ក្នុងនោះ»៕