និស្សិត​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​៤​រូប ជាប់​ជ័យលាភី Honda Y-E-S Award

​និស្សិត​៤​រូប​បាន​ជាប់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែងរ​ង្វាន់​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង​របស់​មូល​និ​ធិ​ហុងដា (The Honda Young Engineer and Scientist’s Award “Y-E-S Award” ) ដែលមាន​អ្នកចូលរួម​ប្រជែង​ជាង​៣០​នាក់​ក្នុង​ឆ្នាំ​២០១៥ ។ ពិធី​ប្រគល់​រង្វាន់​បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC)​។​

​ឆ្លងកាត់​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​លើ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម ដែល​ផ្តើមឡើង​ដោយ​ការជ្រើសរើស​ឈ្មោះ​ចេញពី​តាម​បណ្តា​មហាវិទ្យាល័យ​នានា​នៅ​កម្ពុជា​។ ការប្រកួតប្រជែង​ចាប់​ផ្តើមចេញពី​សំណេរ ហើយ​និស្សិត​១៦​នាក់​បាន​ជាប់​បន្តទៅ​វគ្គ​សម្ភាស ដោយ​ពួកគេ​ភាគច្រើន​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។​

​និស្សិត​៤​នាក់​ចុងក្រោយ​ដែល​ជាប់​ជ័យលាភី​រួមមាន កញ្ញា អៀ សុ​មុយ​នា និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​សំណង់​ស៊ីវិល នៃ​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា លោក ប៉ិល ជា​បញ្ញា​សិទ្ធ និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​បរិស្ថាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ឈឹម បញ្ចពណ៌ និស្សិត​ឆ្នាំ​ទី ៥ ផ្នែក​វិស្វកម្ម​គីមី និង​ចំណីអាហារ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​កញ្ញា កូវ ច័ន្ទ​និ​ច និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​
និស្សិត​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​៤​រូប ជាប់​ជ័យលាភី Honda Y-E-S Award

​ជ័យលាភី​ទាំង​៤​នាក់​ទទួលបាន​ប្រាក់រង្វាន់​ម្នាក់​ចំនួន​៣០០០​ដុល្លារ​អាមេរិក ហើយ​មូលនិធិ​ហុងដា បាន​សន្យា​ផ្តល់​ការលើកទឹកចិត្ត​១​ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែមទៀត ក្នុងករណី​ពួកគេ​ជាប់​អាហារូបករណ៍​ណាមួយ​ទៅ​សិក្សា​បន្ត​ក្នុងប្រទេស​ជប៉ុន​។​

និស្សិត​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​៤​រូប ជាប់​ជ័យលាភី Honda Y-E-S Award

​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៨ មក និស្សិត​កម្ពុជា​៣២​នាក់​ហើយ​ដែល​បាន​ជាប់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែងរ​ង្វាន់​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង​របស់​មូល​និ​ធិ​ហុងដា (The Honda Young Engineer and Scientist’s Award “Y-E-S Award” ។ ក្នុងចំណោម​នោះ និស្សិត​១២​នាក់ បាន​ទៅ​សិក្សា​នៅ​ជប៉ុន​។​

​កញ្ញា កូវ ច័ន្ទ​និ​ច ដែលជា​ជ័យលាភី​មួយរូប បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​បានដឹង​ពី​ការប្រកួតប្រជែង​នេះ តាម​ការជូនដំណឹង​នៅ​សាលា ហើយ​ការ​ឈានដល់​ជាប់​ជ័យលាភី គឺ​ដោយសារតែ​ទទួលបាន​បទពិសោធន៍​ពី​រៀមច្បង​មុនៗ ។ បន្ថែម​ពីលើ​នេះ ច័ន្ទ​និ​ច អះអាង​ខ្លួន​តែងតែ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ជានិច្ច​លើ​ជំនាញ​អេកូឡូស៊ី បរិស្ថាន ដែលជា​ប្រធានបទ​នៃ​ការប្រកួតប្រជែង​។ និស្សិត​រូបនេះ សន្យា​ព្យាយាម​បន្ថែមទៀត​ដើម្បី​ទទួលបាន​អាហារូបករណ៍​នៅ​ជប៉ុន និង​អាច​បាន​រង្វាន់​បន្ថែម​១​ម៉ឺន​ដុល្លារ​អាមេរិក​ពី​មូលនិធិ​ហុងដា (Y-E-S Award Plus) ។​

និស្សិត​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​៤​រូប ជាប់​ជ័យលាភី Honda Y-E-S Award

​ជាមួយគ្នានេះ​ផងដែរ លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​ជាប់​ជ័យលាភី​ទាំងអស់ បន្ត​ការប្រឹងប្រែង​ដើម្បី​ទទួលបាន​អាហារូបករណ៍​នៅ​ជប៉ុន ជាពិសេស​ដើម្បី​មានឱកាស​ស្វែងយល់​ពី​ការរីកចម្រើន​នៅក្នុង​ប្រទេសមួយ​នេះ​៕

និស្សិត​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​៤​រូប ជាប់​ជ័យលាភី Honda Y-E-S Award

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​