នគរបាលឃាត់ខ្លួន ក្រុមក្មេងទំនើងវាយ តប់គ្នាតាមផ្លូវគ្នាបាន ៥នាក់

កណ្តាល៖ ក្រុមក្មេងទំនើងមួយក្រុម ដេញវាយតប់គ្នាតាមផ្លូវ សាធារណៈបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវត្រូវបានកម្លាំង នគរបាលស្រុកខ្សាច់ កណ្តាលឃាត់ខ្លួនបាន ៥នាក់ បញ្ជូនទៅសាកសួរកាលពី ម៉ោង២១និង០០នាទី នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថៃ សុភាន់ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រោងចក្ររស់នៅភូមិ សន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសបែកក្រោមភ្នែកខាងស្តាំ០២កន្លែង)។

ចំណែកជនដៃដល់មានគ្នា ៥នាក់ ១.ឈ្មោះថើ ចាន់ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរកសិកររស់នៅ ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល,២.ឈ្មោះ ធឿន ថេង ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល,៣.ឈ្មោះ ពឹង គឹមហ៊ាន់ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិស្វាត់អាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល,៤.ឈ្មោះ គាង កៀន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល,៥.ឈ្មោះ ជា រតនា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលអ្នកទាំង៥ ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញ ពីរោងចក្រ7NG ឆ្ពោះទៅផ្ទះនៅភូមិសន្លុង ឃុំសន្លុង ពេលជិតដល់ថ្នល់កែង មានម៉ូតូ២គ្រឿង ជិះគ្នា ៣នាក់ ពេលនោះជនរងគ្រោះបាន ស៊ីផ្លេហើយជិះវ៉ាម៉ូតូ ២គ្រឿង នោះទៅលុះមកដល់ថ្នល់កែង ចំណុច ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ជនរងគ្រោះបានឈប់ម៉ូតូ បន្តិចក្រោយមកជនសង្ស័យ ទាំងបីជិះមកទាន់ហើយឈប់រួច បាននិយាយថា ផ្លូវមួយគំនរមិនជិះទៅ ចាំបាច់ ស៊ីផ្លេធ្វើអីភ្លាម នោះបក្ខពួកគេ ម្នាក់បានច្រាន ជនរងគ្រោះដួលទៅលើ ម៉ូតូរួចនាំគ្នាព្រួតវាយជនរងគ្រោះ បណ្តាលឲ្យរងរបួស ស្របពេលនោះដែរ ឈ្មោះ ថើ ចាន់ធឿន និងឈ្មោះ ធឿន ថេង បានជិះម៉ូតូមក ហើយជនរងគ្រោះបានស្រែក ឲ្យជួយអ្នកទាំងពីរបានចូលទៅ ជួយឃាត់រួចបានប្រតាយ ប្រតប់វាយតប់គ្នា ជាមួយជនដៃ ដល់ទាំងបី ប៉ុន្តែមិន មានរងរបួសនោះទេ បន្តិចក្រោយមកនគរបាល ក៏ទៅដល់រួចក៏ឃាត់ខ្លួន អ្នកទាំង៥ ទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ ចំណែកជន រងគ្រោះត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះ ៕

នគរបាលឃាត់ខ្លួន ក្រុមក្មេងទំនើងវាយ តប់គ្នាតាមផ្លូវគ្នាបាន ៥នាក់