រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជំរុញក្រុមការងារ ថ្នាក់ជាតិចុះផ្សព្វ ផ្សាយច្បាប់ ចរាចរណ៍ឲ្យដល់ ផ្ទះពលរដ្ឋ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសជំរុញឲ្យក្រុម ការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន សហការជាមួយ បណ្តាមេឃុំ និងសមាជិកនានា ត្រូវបង្កើនការចុះផ្សព្វផ្សាយច្បាប់ ចរាចរណ៍ថ្មី ឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអាត្រាស្លាប់ និង របួសដោយសារគ្រោះថ្នាក់ ចរាចរណ៍។ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយកិច្ចប្រជុំគណកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវ គោកដឹកនាំដោយសម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ រាយកាណ៍ថា ជាទិសដៅកិច្ចប្រជុំនៅក្នុង សប្តាហ៍នេះ គឺជំរុញឲ្យក្រុមការងារ ថ្នាក់ជាតិចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ឲ្យដល់ខ្នងផ្ទះ ហើយអាជ្ញាធរ និងថ្នាក់ដឹក នាំខេត្តរាជធានីជាអ្នកអនុវត្តបន្ត។

បើតាមសម្តេចក្រឡាហោម ការដាក់ចេញយុទ្ធនាការថ្មី ចុះផ្សព្វផ្សាយនោះ នឹងត្រូវស្នើប្រធានក្រុមការងារ ថ្នាក់ជាតិទាំងអស់សហការធ្វើ សកម្មភាពចុះឃោសនា នៅតាមប្រជុំជន នៅតាមទីផ្សារជាដើមផងដែរ។ ដោយឡែកនៅតាមសាលារៀនវិញ សម្តេចក្រឡាហោម កន្លងមក ថានឹងមានការកំណត់យកមួយថ្ងៃ នៅទូទាំងប្រទេស នៅគ្រប់បណ្តា សាលារៀនរដ្ឋទាំងអស់ គឺត្រូវមានយុទ្ធនាការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នេះមួយដើម្បី សិស្សានុសិស្សទាំង អស់មានការយល់ជ្រាប។ សម្រាប់បញ្ហាប្រឈមដែលបង្កឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន បញ្ហាល្បឿន ការបើកបរក្រោមឥទ្ធិពលគ្រឿង ស្រវឹង បើកបរម៉ូតូមិនពាក់មួក សុវត្ថិភាពមុខក្រោយ បញ្ហាវ៉ាជែងបត់ធ្វេងបត់ស្តាំ និងការបើកបរក្រោមអាកប្ប កិរិយា ឥរិយាបថ ខ្ជីខ្ជា ប្រហើន ល្មើសច្បាប់ នឹងត្រូវ បានដាក់ផ្សាយនៅក្នុងយុទ្ធនាការនោះ ៕

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជំរុញក្រុមការងារ ថ្នាក់ជាតិចុះផ្សព្វ ផ្សាយច្បាប់ ចរាចរណ៍ឲ្យដល់ ផ្ទះពលរដ្ឋ