សមាជិក​ក្រុមប្រឹក្សា​ឃុំ​នៅ​ស្រុក​មេមត់​ទាមទារ​ប្រាក់​លក់​ដី​រួម​មក​​ប្រើប្រាស់​​​ក្នុង​ឃុំ

សមាជិក​ឃុំ​ទ្រៀក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​តែ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ឃុំ​ប្រមូល​យក​ថវិកា​ថ្លៃ​លក់​ដី​រួម​នៅ​ក្នុង​ឃុំ មក​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ ការ​ទាមទារ​នេះ ក្រោយ​ពេល​ប្រាក់​លក់​ដី​ទាំង​នោះ​ត្រូវ​បាន​កប់​បាត់​ជា​យូរ​មក​ហើយ ដោយ​អាជ្ញាធរ​ឃុំ​មិន​បាន​បង្ហាញ​ជា​សាធារណៈ អំពី​ការ​ចាយវាយ​ប្រាក់​ទាំង​នោះ​ឡើយ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទ្រៀក គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ប្រើប្រាស់​ថវិកា​នៅ​ក្នុង​ឃុំ​កន្លង​មក​មិន​មាន​តម្លាភាព ហើយ​អាច​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ទៀត​ផង។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទ្រៀក គណបក្ស សម រង្ស៊ី លោក ស៊ូ យ៉េន រៀប​រាប់​ថា កន្លង​មក​នៅ​ក្នុង​ឃុំ​មួយ​នេះ មាន​បញ្ហា​មួយ​ចំនួន​ដូចជា បែងចែក​អំណាច ឬ​ហៅ​ថា វិមជ្ឈការ​អំណាច មិន​បាន​ល្អ ព្រម​ទាំង​បញ្ហា​ចាយ​វាយ​ថវិកា​ឃុំ​មិន​មាន​តម្លាភាព​ជាដើម។ ជាក់ស្ដែង ប្រាក់​ឥណទាន និង​ប្រាក់​លក់​ដី​រួម​នៅ​ក្នុង​ឃុំ​ជិត ១០​លាន​រៀល ត្រូវ​បាន​បាត់​សូន្យ​ជា​ច្រើន​ឆ្នាំ រហូត​ដល់​ខាង​លោក​សើរើ​ខ្លាំង ទើប​មាន​ការ​បកស្រាយ​អំពី​ប្រាក់​ទាំង​នោះ៖ «តាម​ផ្លូវ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ តែ​មួយ​កាក់​មួយ​សេន​ក៏​ជា​អំពើ​ពុករលួយ​ដែរ»

​កាល​ពី​ឆ្នាំ​២០១៥ សមាជិក​ក្រុមប្រឹក្សា​ឃុំ​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ដាក់​សំណើ​ទៅ​មេ​ឃុំ​ទាមទារ​ប្រាក់​ទាំង​នេះ​មក​វិញ។ ក្រោយ​មក នៅ​ចុង​ឆ្នាំ​២០១៥ អតីត​ស្មៀនឃុំ​ទ្រៀក លោក ស៊ីម សុខ បាន​ចេញ​លិខិត​បកស្រាយ​មួយ ដោយ​បញ្ជាក់​ថា ប្រាក់​ទាំង​នោះ​អតីត​មេឃុំ​ស្ដីទី លោក ហេង សុផាត បច្ចុប្បន្ន​មាន​ជំងឺ​លើស​ឈាម​ជា​អ្នក​គ្រប់គ្រង និង​បែងចែក។ ក្នុង​លិខិត​បន្ថែម​ថា ប្រាក់ ៥​លាន​រៀល លោក ហេង សុផាត បាន​ឱ្យ​ប្រជាពលរដ្ឋ​ខ្ចី ប៉ុន្តែ​ថ្មីៗ​នេះ ពួកគេ​បាន​យក​មក​សង​ឃុំ​វិញ​ហើយ។ ដោយ​ឡែក លុយ​លក់​ដី​ឃុំ​ប្រមាណ ៤​លាន​រៀល គឺ​ពាក់​កណ្ដាល​ចែក​ទៅ​ឱ្យ​ភូមិបាល​ស្រុក ក្រុម​ដោះស្រាយ​ទំនាស់​ថ្នាក់​ជាតិ ហើយ​ប្រាក់​ជាង ១​លាន​រៀល​ទៀត យក​ទៅ​កសាង​ខ្លោងទ្វារ​សាលា​ឃុំ និង​សល់​ប៉ុន្មាន​យក​ទៅ​ចែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ។ លិខិត​នោះ ត្រូវ​បាន​មេ​ឃុំ​ស្ដីទី យក​ទៅ​បង្ហាញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​កាល​ចុង​ខែ​មករា ឆ្នាំ​២០១៦។

ទាក់ទង​បញ្ហា​នេះ មេឃុំ​ស្ដីទី លោក ជៀប សុទ្ធ បញ្ជាក់​ថា រឿង​នេះ​បាន​បញ្ចប់​ទៅ​ហើយ ក្រោយ​ពេល​លោក​បាន​យក​លិខិត និង​បញ្ហា​នានា​ទៅ​បង្ហាញ​នៅ​ក្នុង​អង្គប្រជុំ។ បន្ថែម​ពី​នេះ បញ្ហា​ប្រាក់​លក់​ដី  គឺ​កើត​ឡើង​មុន​ពេល​លោក​បាន​ចូល​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទៅ​ទៀត៖ «ប្រជុំ​ក្រុមប្រឹក្សា​ឃុំ មើល​ឃើញ​ជាក់ស្ដែង គេ​ធ្វើ​ផ្លាក​សាលាឃុំ​ហ្នឹង​សល់​ប្រាក់​មិន​ដល់​ម៉ា​នេះ​ផង ហើយ​ចំណាយ​ចាយវាយ​លើ​ឈ្នួល​លើ​ជាង​អី​ប្រហែល​អស់​ប៉ុណ្ណឹង​មែន»

​ទោះបីជា​យ៉ាង​ណា លោក ស៊ូ យ៉េន នៅតែ​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​បកស្រាយ​ទាំង​នេះ ហើយ​លោក​នៅ​តែ​ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​ប្រមូល​យក​ប្រាក់​ដែល​បាត់បង់​ទាំង​នោះ​ត្រឡប់​វិញ ដើម្បី​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍​នៅ​ក្នុង​សហគមន៍។ ជាមួយ​គ្នា​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ករណី​នេះ​អាច​ជា​ការ​លក់​ទ្រព្យសម្បត្តិ​រួម​ដើម្បី​យក​ប្រាក់​ចែក​គ្នា​តែម្ដង ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គណនេយ្យភាព​នៅ​ក្នុង​ឃុំ​ទៀត​ផង៖ «លុយ​នេះ បាន​ចែក​ទៅ​ដល់​ស្រុក​ទៀត។ វា​មិន​អាច​ទៅ​លួច​ទេ ទ្រព្យសម្បត្តិ​ឃុំ​គឺ​ចាយវាយ​កម្រិត​ឃុំ»

លោក​បន្ថែម​ថា ត្បិត​តែ​ប្រាក់​ទាំង​នេះ​វា​តិចតួច​ក៏ដោយ ប៉ុន្តែ​វា​បង្ហាញ​ពី​គំរូ​អាក្រក់​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន  ព្រមទាំង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុក​ចិត្ត។ លោក​យល់​ថា ដើម្បី​ជា​គំរូ​ល្អ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ អាជ្ញាធរ​គប្បី​អនុវត្ត​ជាក់ស្ដែង​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ចាប់​ផ្ដើម​ពី​មេ​ឃុំ រួម​នឹង​សមាជិក​ឃុំ​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។