ពលរដ្ឋ​​​នៅ​ខណ្ឌ​មានជ័យ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី

នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ នេះ ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ មក​ពី​សហគមន៍​ភូម​ព្រែកតាគង់១ និង​ភូមិ​ខ្វា បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ខាង​មុខ​ក្រុមហ៊ុន អាយ.អិន.ជី (ING Holding) ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្ដល់​ព័ត៌មាន​លំអិត​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក។ ការ​ស្នើ​នេះ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បន្ត​បូម​ខ្សាច់​ចាក់​លុប​បឹង​ទាំង​២​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ មក​ពី​សហគមន៍​ភូម​ព្រែកតាគង់១ និង​ភូមិ​ខ្វា ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ អះអាង​ថា មិន​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​នៅ​ឡើយ​ពី​ការ​អភិវឌ្ឍ​ទីក្រុង​រណបថ្មី នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក។

តំណាង​ពលរដ្ឋ​ភូមិ​ព្រែកតាគង់១ លោកស្រី ស្រី ម៉ៅ ឲ្យ​ដឹង​ថា ដី​ដែល​ក្រុមហ៊ុន អាយ.អិន.ជី កំពុង​ចាក់​លុប​នេះ ពី​មុន​មិន​លិច​ទឹក​ទេ អ្នក​ភូមិ​ដាំ​កញ្ឆែត ត្រកួន បាន​ផល​ច្រើន។ តែ​ឥឡូវ​នៅ​ពេល​ក្រុមហ៊ុន​វិនិយោគ​ចាក់​លុប​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​អស់​ជាង ៣០០​គ្រួសារ ហើយ​បំពាន​ដល់​ដី​គាត់​ដាំ​ដុះ​ទៀត។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា គោលបំណង​លើក​គ្នា​តវ៉ា គឺ​សុំ​ឲ្យ​ក្រុមហ៊ុន​បកស្រាយ​ឲ្យ​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ថា​មាន​គម្រោង​អ្វី​ខ្លះ? តើ​ទីតាំង​ជាក់លាក់​នៅ​កន្លែង​ណា? តើ​ពេលណា​នឹង​ត្រូវ​អនុវត្ត​គម្រោង? ហើយ​ថា​តើ​មាន​គ្រួសារ​ប៉ុន្មាន​ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់៖ «»។

​បុរស​ម្នាក់​ទៀត​នៅ​ភូមិ​ព្រែកតាគង់១ ដែល​ចូលរួម​តវ៉ា​ដែរ ឲ្យ​ដឹង​ដែរ​ថា បើសិនជា​ក្រុមហ៊ុន​បន្ត​ចាក់​ដី​លុប​បឹង​បន្ត​ទៀត នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ ៣០០​គ្រួសារ ដែល​មាន​ទំហំ​ដី​ជាង ២០​ហិកតារ។ លោក​ថា ពលរដ្ឋ​ដែល​តវ៉ា​ព្រួយ​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ បាត់បង់​មុខ​របរ និង​ការ​សិក្សា​របស់​កូនៗ ព្រោះ​កន្លង​មក​ក្រុមហ៊ុន និង​សាលាក្រុង​មិនដែល​ផ្ដល់​ព័ត៌មាន ឬ​បើក​វេទិកា​សាធារណៈ​ណា​មួយ​ជូន​ពលរដ្ឋ​ពី​គម្រោង​នេះ៖ «»។

​ក្រោយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជាង ១​ម៉ោង តំណាង​ក្រុមហ៊ុន អាយ.អិន.ជី លោក កែវ សូថា ឆ្លើយ​តប​ថា ក្រុមហ៊ុន​មិន​មាន​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​នេះ ហើយ​មិន​អាច​បកស្រាយ​យ៉ាង​ណា​ពី​បញ្ហា​នេះ​ឡើយ។ លោក​ថា ការ​ដោះស្រាយ ឬ​ផ្ដល់​ព័ត៌មាន​យ៉ាង​ណា គឺ​ជា​កាតព្វកិច្ច​របស់​សាលាក្រុង​ភ្នំពេញ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​រូប​នេះ​អះអាង​ថា នឹង​សហការ​ជាមួយ​សាលាក្រុង​ភ្នំពេញ បើក​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​អង្គា ទី​២៣ នៅ​ទីតាំង​អភិវឌ្ឍន៍​ផ្ទាល់ ពន្យល់​ពី​បញ្ហា​ជូន​ពលរដ្ឋ៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ។

​ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម បាន​ស្នើ​ថា សាលាក្រុង​គួរ​មាន​យន្តការ​ច្បាស់លាស់ ដោយ​ផ្ដល់​ជា​ព័ត៌មាន​តាម​វេទិកា​សាធារណៈ ពិសេស​ទូទាត់​សំណង​ដែល​អាច​ទទួល​យក​បាន៖ «»។

​ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​ទាំង​ជាង ៣០០​គ្រួសារ បាន​រស់​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក ចាប់​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ ពលរដ្ឋ​មិន​ចង់​បាន​សំណង់​ដែល​ជា​ថ្នូរ​ដោះដូរ​នឹង​ការ​បណ្ដេញ​ចេញ​នោះ​ឡើយ គឺ​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​តវ៉ា​រហូត​មាន​ការ​បកស្រាយ​ណា​មួយ​ពី​សាលាក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។