ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សង្កេត​ឃើញ​ថា​មួយ​រយៈកាល​ទៅ​ថ្មី​ៗ​នេះ​មាន​ករណី​ប្លន់​ជា​ញឹកញាប់​ជា​ពិសេស​ទៅ​លើ​ជន​រង​គ្រោះជា​ស្ត្រី​ដើរ​ម្នាក់ឯង ឬ​ឈប់​ឡាន​ម៉ូតូ​បើកទ្វារ​ចូល​ផ្ទះ កងរាជអាវុធ ហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើន​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លូ​ន​ក្រុម​ចោរប្លន់​ទាំងនោះ​បាន​២​ក្រុម ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ចំការមន រាជធានីភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩BE0 ផ្លួ​វ​លេខ​៣០៤ ​សង្កាត់​បឹង​កេងកង ​ខណ្ឌចំការមន គឺ​រយៈពេល​១​ថ្ងៃក្រោយ​ពី​ក្រុម​នេះ ​បាន​ភ្ជង់ គំរាម ប្លន់​ យក​ ម៉ូតូ​ស្កូ​ពី ពណ៌​ស ស្លាក​លេខ កណ្តាល​1R-0950 របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ន គឹ​ម​ស្រ៊ា​ន រួច​ជិះ​គេច​ខ្លូ​ន​បាត់​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​សារភាព​ថា​ក្រុម​គេ​មាន​គ្នា​៤​នាក់ អ្នក​ផ្សេង​០៣​នាក់​ទៀត​បាន​គេចខ្លួន​អស់ហើយ​។​រីឯ​ម៉ូតូ​០១​គ្រឿង​របស់​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​អោយ​ម្ចាស់​ដើម​វិញ​។ ចំណែក​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ក្នុង​នោះ​៣​នាក់​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ២​នាក់​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌចំការមន និង​២​នាក់​ទៀត​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​។​តាម​ចម្លើយ​សារភាព​របស់​ក្រុម​នេះ​ថា ពួក​គេ​តែងតែ​ធ្វើ​សកម្មភាព​ចេញ​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ​សរុប​មិន​តិច​ជាង​២០​ដង​រួច​មក​ហើយ​ភាគច្រើន​គឺ​ពួក​គេ​តែង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ទូរស័ព្ទ​ពី​ស្ត្រី​ដែល​ដើរ​ម្នាក់ឯង​ឬ​ចុះ​ពី​រថយន្ត​បើកទ្វារ​ចូល​ផ្ទះ​ប៉ុន្តែ​គោលដៅ​ដែល​គេ​ចាំ​បាន​ច្បាស់​តែ​៥​កន្លែង​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ​គឺ​៖១-​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ជិះ​រថយន្ដ​មិន​ចាំ​ម៉ាក​ដោយ​ភ្ជង់​ទៅ​លើ​ជន​រង​គ្រោះ​ខណៈ​ពេល​ចុះ​ពី​រថយន្ត​យក​បាន​កាបូប​លុយ​ដែល​មាន​លុយ​២២០​ដុល្លារ និង​ទូរស័ព្ទ​ម៉ាក​Samsung១​គ្រឿង​នៅ​ចំណុច​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ម្តុំ ពេទ្យ​ចិន​លក់​បបរស​ក្នុង​កំឡុង​ខែ​០២-២០១៦​នេះ​។​២-​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បាន​លុយ​៨០​ដុល្លារ​និង​ទូរស័ព្ទ​Nokia១​គ្រឿង​នៅ​ក្បែរ​វត្ត​ទួល​ទំពូង​ក្នុង​អំឡុង​ខែ​០១-២០១៦​។​៣-​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ដើរ​ថ្មើរជើង​បាន​លុយ​១៦៥​ដុល្លារ​នៅ​ក្រោយ​រោងកុន​គី​រី​រម្យ ខណ្ឌចំការមន​ក្នុង​អំឡុង​ខែ​០១-២០១៦ ៤-​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បាន​លុយ​២៥​ដុល្លារ​និង​ទូរស័ព្ទ​Nokia១​គ្រឿង​នៅ​ម្តុំ​ក្រោយ​រោងកុន​គី​រី​រម្យ​ខណ្ឌចំការមន​ក្នុង​អំឡុង​ខែ​០១-២០១៦​ដែរ ៥- ប្លន់​ម៉ូតូ​ម៉ាក Nex​ពី​ស្ត្រី​២​នាក់​នៅ​ចំណុច​ផ្លូវ​៤៦០​ភូមិ​០២ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​១២-០២- ២០១៦​នេះ​។ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៧​នាក់​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​មាន​ជនសង្ស័យ​០៣​នាក់​ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​គុក​រួម​មានៈ​១- ឈ្មោះ វី រស្មី (​ហៅ ម៉ី​)​អាយុ​២២​ឆ្នាំ​ជាប់គុក​ពី​បទ​ឆក់​ទូរស័ព្ទ​នៅ​ក្រោយ​រោងកុន​បូកគោ ខណ្ឌចំការមន​ចេញពី​គុក​វិញ​ថ្ងៃ​ទី​២៨-០៣-២០១៤, ២- ឈ្មោះ ហេង ថា អាយុ​២៩​ឆ្នាំ ជាប់គុក​ពី​បទ​លួច​ទូរស័ព្ទ ចេញពី​គុក​វិញ​ឆ្នាំ​២០១១, ៣-​ឈ្មោះ ហង្ស សំអាត អាយុ​៣៥​ឆ្នាំ ជាប់គុក​ពី​បទ​កាច់ក​ម៉ូតូ​ចេញពី​គុក​វិញ​ថ្ងៃ​ទី​៣០-០៥-២០១៥ ។

ក្រៅពី​នេះ​ពួក​វា​មាន​បក្សពួក​០៧​នាក់​ទៀត​បាន​គេចខ្លួន​ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​ឈៀន សុ​ជា អាយុ​៣៨​ឆ្នាំ​មាន​អាវុធ​ខ្លី​ម៉ាក រ៉ូ​លូ​១​ដើម​ក៏​ជា​មុខសញ្ញា​ទើប​ចេញពី​គុក​កាលពី​ថ្ងៃ​ទី​១២-១២-២០១៥​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ជា​ចោរប្លន់​ទាំង​០៨​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​បក្ខពួក​ទាំង​២​ក្រុម​ដែល​នៅ​សល់​សរុប​១០​នាក់​ទៀត​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​យ៉ាង​សកម្ម​បន្ត​ទៀត ៕