គោលនយោបាយ​ប្រឆាំង​នឹង​​ទេសន្តរ​ប្រវេសន៍​មិន​បាន​រារាំង​ជន​ចំណាក​ស្រុក​ និង​ជន​ភៀសខ្លួន​ទេ

គោលនយោបាយ​ប្រឆាំង​នឹង​​ទេសន្តរ​ប្រវេសន៍​មិន​បាន​រារាំង​ជន​ចំណាក​ស្រុក​ និង​ជន​ភៀសខ្លួន​ទេ

រូបឯកសារ៖ ក្រុម​ជន​ភៀសខ្លួន​លើក​ក្មេង​តូច​មួយ​ឲ្យ​ទៅ​អ្នក​ជួយ​សង្គ្រោះ​នៅ​ខណៈ​ដែល​កប៉ាល់​តូច​មួយ​ដែល​ដឹក​ជន​ភៀស​ខ្លួន​១៥០​នាក់​បាន​លេច​ពាក់​កណ្តាល​ ហើយ​បាន​មក​ដល់​កោះ​ Lesbos ប្រទេស​ក្រិក​ កាល​ពីឆ្នាំមុន។វិទ្យាស្ថាន​អភិវឌ្ឍន៍​ក្រៅប្រទេស​របស់​អង់គ្លេស​ បាន​ចេញ​របាយ​ការ​ណ៍មួយ​ថា​តើ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជាច្រើន​ ក្នុង​ការ​រារាំង​ឬ​រឹតបន្តឹង​ចលនា​ចណាក​ស្រុក អាច​ធ្វើ​ឲ្យ​ជនចំណាក​ស្រុក​និង​ជន​ភៀសខ្លួន​រាង​ចាល​ឬ​យ៉ាង​ណា។ វ៉ាស៊ីនតោន—

របាយការណ៍​សង្ខេប​លើ​គោល​នយោបាយ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ក្រៅប្រទេស (ODI) ​មាន​ចំណង​ជើង​ថា​ដំណើរទៅកាន់តំបន់អឺរ៉ុប(Journeys to Europe) បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​ការ​ធ្វើ​សម្ភាសន៍​ស៊ីជម្រៅ​ជាមួយ​ជន​ចំណាក​ស្រុក​ ជន​ភៀស​ខ្លួន​ និង​ជនស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជាង​៥០​នាក់ នៅ​ប្រទេស​អង់គ្លេស​ អាល្លឺម៉ង់​ និង​អេស្ប៉ាញ។

អ្នក​សិក្សា​ស្រាវជ្រាវ​ អ្នក​ស្រី​ Jessica Hagen-Zanker ដែល​ជា​សហការីនិពន្ធ​នៃ​របាយការណ៍​នោះ​ និយាយ​ថា​ ដើម្បី​ដោះ​ស្រាយ​ជាមួយ​វិបត្តិ​នេះ​ឲ្យ​បាន​ល្អ​បំផុត​ មន្ត្រី​ទទួល​បន្ទុក​ត្រូវ​យល់​អំពី​ផ្នត់​គំនិត​របស់​អ្នក​ដែល​ធ្វើ​ដំណើរ​ទាំង​នោះ។

«អ្នក​នយោបាយ​អឺរ៉ុប​និង​អ្នក​នយោបាយ​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​ កំពុង​តែ​ធ្វើ​ការ​ទស្សន៍ទាយថា​ ជន​ភៀស​ខ្លួន ជនស្វែងរក​សិទ្ធិ​ជ្រកកោន​ ក៏​ដូចជា​ជន​ទេសន្តរប្រវេសន៍​ក្នុង​ន័យ​សេដ្ឋកិច្ច​ផ្សេង​ទៀត​ កំពុង​មក​កាន់​ទ្វីប​អឺរ៉ុប​ដោយសារ​តែ​គោលន​យោបាយ​របស់​ពួក​គេ​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ងាយ​ស្រួល​ចូល​មក។​ យើង​មាន​បំណង​ធ្វើ​ការ​សាក​ល្បង​ ថា​តើ​គោល​នយោបាយ​ទាំង​នេះ​អាច​ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស​បាន​ដែរ​ឬទេ អំពី​ការ​ចំណាក​ស្រុក»។

របាយការណ៍​សង្ខេប​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ក្រៅ​ប្រទេស (ODI)​ សរសេរ​ថា «ដោយ​មាន​ករណី​លើក​លែង​ខ្លះ​ ការ​ឆ្លើយ​តប​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ដឹក​មុខ​ដោយ​គោល​នយោបាយ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ការ​រឹត​ត្បិត​ និង​ការ​ធ្វើ​ឲ្យ​រាង​ចាល»។ របាយការណ៍​នោះ​បន្ថែម​ថា​ «ជា​ជាង​ការ​ស្វាគមន៍​ ការ​តាំង​លំនៅ​ និង​ការ​បញ្ចូល​អ្នក​ចំណូល​ថ្មី​ទាំង​នោះ​ រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប​ជា​ច្រើន​បាន​ព្យាយាម​បណ្តេញ​ពួក​គេ​ចេញ​ តាម​រយៈ​គោល​នយោបាយ​ចំណាក​ស្រុក​ដ៏​រឹតត្បិត​ ដែល​តាក់​តែង​ឡើង​ដើម្បី​បញ្ឈប់​មនុស្ស​មិន​ឲ្យ​មក​កាន់​ប្រទេស​ទាំង​នោះ​ នៅ​ដំណាក់​កាល​ដំបូង»។

អ្នក​ស្រី​ HAGEN-ZANKER និយាយ​ថា៖ «គោល​នយោបាយ​ទាំង​នេះ​ និង​គោលនយោបាយ​ធ្វើ​ឲ្យ​រាងចាល​ អាច​ដំណើរ​ការ​បាន​ដោយ​រារាំង​មនុស្ស​ទាំង​នោះ​មិន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​ គឺ​ការ​រារាំង​ខ្លួន​របស់​ពួកគេ​ឲ្យ​នៅ​ក្រៅ​ប្រទេស​មិន​ឲ្យ​ចូល។ ឧទាហរណ៍​ ការ​ធ្វើ​របង​មាន​ន័យ​ថា​ មនុស្ស​ទាំង​នោះ​មិន​អាច​ឆ្លង​កាត់​ព្រំ​ដែន​បាន​ទៀត​ទេ។ បទ​បញ្ញត្តិ​ដែល​ធ្វើ​ឲ្យ​ការ​ទទួល​បាន​ទិដ្ឋាការ​មាន​ការ​ពិបាក​ មាន​ន័យ​ថា​ មនុស្ស​ទាំង​នោះ​មិន​អាច​ជិះ​យន្តហោះ​ ហើយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ទៀត​បាន​ទេ។​ ក៏​ប៉ុន្តែ​ អ្នក​តាក់តែង​គោល​នយោបាយ​ក៏​បាន​សន្មត​ផង​ដែរ​ថា​ គោល​នយោបាយ​ទាំង​នេះ​មាន​ប្រសិទ្ធភាព​តាំងពី​មុន​ពេលមនុស្ស​ទាំង​នោះ​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​ទៀត​ ហើយ​ពួក​គេ​បាន​គិត​ថា​ គោល​នយោបាយ​ទាំង​នេះ​អាច​ប្តូរ​ផ្នត់​គំនិត​របស់​អ្នក​ធ្វើ​ដំណើរ​ អំពី​ការ​ធ្វើ​ចំណាក​ស្រុក»។

អ្នក​ស្រី​ HAGEN-ZANKER និយាយ​ថា​ ការ​រកឃើញ​សំខាន់​មួយ​គឺ​ថា​ «ការ​ធ្វើ​ដំណើរ​ទាំង​នោះ​គឺ​ជា​កត្តា​ដែល​ជះ​ឥទ្ធិពល​លើ​ដំណើរការ​នៃ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក»។ អ្នកស្រី​និង​សហការីនិពន្ធ​គឺ​លោក​ Richard Mallet បាន​សរសេរ​ថា គម្រោង​ការ​របស់​មនុស្ស​ទាំង​នោះ​បាន​ប្រែប្រួល​នៅ​ពេល​ធ្វើ​ដំណើរ។

«ការ​ធ្វើ​ដំណើរ​ជា​ច្រើន​មាន​ការ​ចំណាយ​ច្រើន​ណាស់​ រយៈ​ពេល​វែង គ្រោះថ្នាក់​និង​មិន​អាច​ព្យាករណ៍​បាន។ នេះ​មាន​ន័យ​ថា ជន​ទេសន្តរប្រវេសន៍​ត្រូវ​តែ​សម្រប​ផែនការ​របស់​ពួក​គេ​ទៅ​នឹង​អ្វី​ដែល​កើត​ឡើង​ជាក់​ស្តែង​នៅ​តាម​ផ្លូវ។ ដូច្នេះ​ ពួក​គេ​ទទួល​បាន​ព័ត៌មាន​ថ្មី​រហូត។ ពួក​គេ​ជួប​មនុស្ស​ថ្មីៗ។ ពួក​គេ​មាន​បទពិសោធន៍​ល្អ​និង​អាក្រក់។ ប្រហែល​មាន​អ្នក​ខ្លះ​ជួយ​ពួក​គេ​ ហើយ​ក៏​អាច​មាន​អ្នក​ខ្លះ​បោក​ប្រាស់​ពួកគេ។ កត្តា​ជះ​ឥទ្ធិពល​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជន​ទេសន្តរប្រវេសន៍​សម្រេច​ចិត្ត​ថា​ ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត»។

អ្វី​ដែល​បាន​រក​ឃើញ​ដែរ​នោះ​គឺ​ថា «ការ​ធ្វើ​ដំណើរ​មិន​ជាក់​លាក់​គឺ​ជា​រឿង​សាមញ្ញ»។ ជន​ទេសន្តរប្រវេសន៍​និង​ជន​ភៀស​ខ្លួន​ជិត​៤០០០​នាក់​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​សោកនាដកម្ម​លិច​ទូក​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ និង​សមុទ្រ​ Aegean។

«យើង​បាន​និយាយ​ជាមួយ​ពួក​ជន​ទេសន្តរ​ប្រវេសន៍​ចំនួន​បី​ក្រុម​ជនជាតិ​ផ្សេងៗ​គ្នា​ មាន​ដូចជា​អេរីត្រ​ សេណេហ្គាល់​ និង​ស៊ីរី។ ជា​មធ្យម​មនុស្ស​ទាំង​នេះ​ចំណាយ​អស់​ជិត​៣.០០០​ផោន​ (ជាង​៤.៣០០ដុល្លារ)​ ក្នុង​ការ​ព្យាយាម​មក​ដល់​ទ្វីប​អឺរ៉ុប។ ដូច្នេះ​ នេះ​ជា​ដំណើរ​ដ៏​ថ្លៃ​មួយ​ ប្រសិនបើ​យើង​ប្រៀប​ធៀប​ជាមួយ​ចំណាយ​លើ​ការធ្វើ​ដំណើរ​តាម​យន្តហោះ។ អ្នក​ឆ្លើយ​នឹង​សំណួរ​របស់​យើង​មាន​ប្រហែល​មួយ​ភាគ​បី​ បាន​ឆ្លើយ​ថា​ត្រូវ​បាន​គេ​គម្រាម​យក​លុយ​ដោយ​វិធី​ណា​មួយ។ អ្នក​ឆ្លើយ​សំណួរ​មក​ពី​ប្រទេស​អេរីត្រេ​ មាន​ស្ទើរ​តែ​ពាក់​កណ្តាល​ ត្រូវ​បាន​គេ​ចាប់​ជំរឹត​ដើម្បី​ទារ​ប្រាក់​នៅ​ក្នុង​ចំណុច​ណា​មួយ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ»។​

ការ​រក​ឃើញ​សំខាន់​ទីបី​ គឺ​ថា​ សារ​របស់​រដ្ឋាភិបាល​ក្នុង​ទ្វីប​អឺរ៉ុប​ ដែល​ស្តីពី​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​ទំនង​ដូចជា​មិន​អាច​រារាំង​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ទាំង​នោះ​បាន​ទេ។

«ដូច្នេះ​ មនុស្ស​ដែល​កំពុង​មក​កាន់​តំបន់​អឺរ៉ុប​ បាន​សម្រេច​ចិត្ត​មក​ទី​នោះ​ដោយសារ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​គ្មាន​ជម្រើស​អ្វី​ទៀត​ទេ»។​

របាយការណ៍​ពី​គោល​នយោបាយ​សង្ខេប​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ក្រៅ​ប្រទេស​ សរសេរ​ថា​ ជន​ទេសន្តរប្រវេសន៍​ និង​ជន​ភៀសខ្លួន​ កំពុង​គិត​រយៈ​ពេលវែង​ឆ្ងាយ​ទៅ​មុខ។​ ពួក​គេ​គិត​ថា​ តើ​អ្វី​ដែល​ជា​ការ​ប្រសើរ​បំផុត​សម្រាប់​កូនៗ​របស់​ពួក​គេ? តើ​ពួក​គេ​អាច​កសាង​ជីវិត​របស់​ពួក​គេ​ឡើង​វិញ​បាន​ទេ? តើ​ពួក​គេ​អាច​រក​ការងារ​បាន​ធ្វើ​ទេ?

«គោល​នយោបាយ​សាធារណៈ​ជា​ទូទៅ​បែប​នេះ​ ហាក់​ដូច​ជា​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ទាំង​នោះ​ ខ្លាំង​ជាង​គោល​នយោបាយ​ទេសន្តរប្រវេសន៍»។

របាយការណ៍​គោល​នយោបាយ​សង្ខេប​បាន​ចេញ​ជា​អនុសាសន៍​ចំនួន​បី​ចំណុច។​ ទីមួយ​ អំពាវ​នាវ​ឲ្យ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ​ដោយ​ការ​ដោះ​ស្រាយ​នូវ​អ្វី​ដែល​របាយការណ៍​នោះ​ហៅ​ថា​ «ផលវិបាក​ដ៏​អាក្រក់ផ្នែក​មនុស្សធម៌​ និង​សេដ្ឋកិច្ច​ ដែល​ចេញ​ពី​គោល​នយោបាយ​ប៉ុនប៉ង​ធ្វើ​ឲ្យ​រាងចាល​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក»។​ របាយការណ៍​នេះ​ សរសេរ​ថា​ បញ្ហា​នេះ​អាច​ធ្វើ​ទៅ​បាន​ ដោយ​ការ​ពង្រីក​ការ​ស្វែងរក​ និង​បេសកកម្ម​ជួយ​សង្គ្រោះ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ និង​សមុទ្រ Aegean និង​ផ្តល់​ទិដ្ឋាការ​ធ្វើដំណើរ​ដើម្បី​ឲ្យការ​ចូល​ទៅ​កាន់​តំបន់​អឺរ៉ុប​តាម​ស្រប​ច្បាប់​ មាន​ភាព​កាន់​តែ​ស្រួល។

វិទ្យាស្ថាន​អភិវឌ្ឍន៍​ក្រៅ​ប្រទេស​ ក៏​បាន​អំពាវនាវ​ឲ្យ​សភាព​អឺរ៉ុប​បង្កើត​ប្រព័ន្ធ​មួយ​ដែល​អាច​ដំណើរការ​ស្នើសុំ​របស់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ឲ្យ​បាន​កាន់​តែ​លឿន​ និង​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទទួល​យក​ពួក​គេ។ របាយការណ៍​បន្ថែម​ថា​ អឺរ៉ុប​ត្រូវ​តែ​ទទួល​យក​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ​និង​សង្គម​ដែល​ការ​ធ្វើ​ចំណាក​ស្រុក​អាច​នាំ​ទៅ​ឲ្យ​ពួក​គេ។

ទីបញ្ចប់​ របាយការណ៍​នេះ​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​អនុវត្ត​វិធីសាស្ត្រ​តំបន់សាមគ្គី​ភាព​ ចំពោះ​វិបត្តិ​នេះ​ ជាជាង​ឲ្យ​ប្រទេស​ផ្សេងៗ​គ្នា​កំណត់​គោល​នយោបាយ​ផ្សេងគ្នា​ដែល​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា៕

ប្រែសម្រួលដោយ នៀម ឆេង