EU គ្រោង​ផ្ដល់ប្រាក់​ជំនួយ​ជាង ៦៥ លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ​

​សហភាព​អឺរ៉ុប គ្រោង​ផ្ដល់ប្រាក់​ជំនួយឥតសំណង​ចំនួន​៥៩ លាន​អឺរ៉ូ ដែល​ស្មើ​ទឹកប្រាក់​ជាង​៦៥​លាន​ដុល្លារ បន្ថែមទៀត​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៦​នេះ​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥ សហភាព​អឺរ៉ុប បានផ្ដល់​ថវិកា​ជំនួយ​ជាង​៤០​លាន​អឺរ៉ូ ស្មើនឹង​ទឹកប្រាក់​ជាង​៤៤​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​។​

​ភារៈធារី​ស្ដីទី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អា​ឡាំង វ៉ាន​ឌឺ​ស្មី​សសិន (Alain Vandersmissen) បាន​បញ្ជាក់ថា ការបន្ថែម​ថវិកា​៥៩​លាន​អឺរ៉ូ (​ជាង​៦៥​លាន​ដុល្លារ​)​នៅ​ឆ្នាំនេះ គឺ​សហភាព​អឺរ៉ុប​បាន​វាយតម្លៃ​ទៅលើ​តម្រូវការ​តាម​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា នៅតែ​ជា​ចំណុច​អាទិភាព​សម្រាប់​ជំនួយ​របស់​សហភាព​អឺរ៉ុប ក្នុងការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ដើម្បី​លុបបំបាត់​ភាពក្រីក្រ និង​សម្រេច​ឲ្យ​បាន​នូវ​និរន្ត​ភាព​នៃ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស៍​។ លោក​បន្ថែមថា ការផ្ដល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ធ្វើឡើង​តាមរយៈ​បណ្ដាញ​សំខាន់ៗ​ចំនួន​ពីរ គឺ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​ជំនួយ​តាម​វិស័យ​ដែល​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​តាម​មូលដ្ឋាន​។

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​នេះ លោក វ៉ាន​ឌឺ​ស្មី​សសិន បាន​បញ្ជាក់ថា ការផ្ដល់​ជំនួយ​ទ្វេភាគី​គាំទ្រ​រដ្ឋាភិបាល គឺ​អនុវត្តតាម​នីតិវិធី​មួយចំនួន​ក្នុង​ការត្រួត​ពិនិត្យមើល​ទៅលើ​គម្រោង​អភិវឌ្ឍន៍ និង​ការ​កំណែទម្រង់​តាម​វិស័យ​រួមមាន​ការពង្រឹង​វិស័យ​អប់រំ កសិកម្ម និង​ធនធានធម្មជាតិ ការអនុវត្ត​កំណែទម្រង់​អភិបាលកិច្ច និង​រដ្ឋបាល​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ វិមជ្ឈការ​និង​កំណែទម្រង់​ការបោះឆ្នោត​ជាដើម​។ លោក​ថា ការផ្ដល់​ជំនួយ​ដល់​សង្គម​ស៊ីវិល ក៏​មើល​លើ​ការអនុវត្ត​នីតិវិធី​ដូចគ្នា​ដែរ ក្នុងនោះ​មានការ​កសាង​សមត្ថភាព​សម្រាប់​សង្គម​ស៊ីវិល សិទ្ធិមនុស្ស អភិបាលកិច្ច​មូលដ្ឋាន បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​យែ​ន​ឌ័​រ​។ តាមរយៈ​ជំនួយឥតសំណង​នេះ បច្ចុប្បន្ន​សហភាព​អឺរ៉ុប​កំពុងផ្ដល់​មូលនិធិ​ដល់​គម្រោង​ចំនួន​៥៤ ដែលមាន​ទឹកប្រាក់​សរុប​ជាង​៤៩​លាន​អឺរ៉ូ ដែល​ស្មើ​ទឹកប្រាក់​ជាង​៥៤​លាន​ដុល្លារ នៅក្នុង​គម្រោង​តាម​បណ្ដា​ខេត្ត​ចំនួន​២៣​ទូទាំងប្រទេស ។​

​លោក អា​ឡាំង វ៉ាន​ឌឺ​ស្មី​សសិន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ការប្រើប្រាស់​ជំនួយឥតសំណង​របស់​សហភាព​អឺរ៉ុប ការត្រួតពិនិត្យ​តាមដាន និង​ការវាយតម្លៃ​លើ​ការអនុវត្ត​គម្រោង ត្រូវបាន​ធ្វើឡើង​យ៉ាង​ទៀងទាត់​និង​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​ប្រតិភូ​សហភាព​អឺរ៉ុប បេសកកម្ម​ត្រួតពិនិត្យ​របស់​ការិយាល័យ​កណ្ដាល​នៃ​សហភាព​អឺរ៉ុប និង​ក្រុមហ៊ុន​សវនកម្ម​ឯករាជ្យ​»​។​

​បើតាម​ភារៈធារី​ស្ដីទី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូបនេះ កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួលបាន​ជំនួយ​ពី​សហភាព​អឺរ៉ុប​ច្រើនជាង ហើយ​សហភាព​អឺរ៉ុប​នៅតែ​ចាំ​ជួយ​កម្ពុជា ដោយ​រំពឹងថា ប្រទេសមួយ​នេះ​នឹងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​សហភាព​អឺរ៉ុប​បានសម្រេច​បែងចែក​ជំនួយឥតសំណង​របស់​ខ្លួន ដែលមាន​ទឹកប្រាក់​ចំនួន ៤១០ លាន​អឺរ៉ូ ដែលមាន​ទឹកប្រាក់​ប្រហែល​ជាង​៤៥៦​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា រយៈពេល​ចាប់ពី​ឆ្នាំ​២០១៤​ដល់​២០២០ ក្រោម​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​។ បើតាម​សហភាព​អឺរ៉ុប រដ្ឋាភិបាល​កម្ពុជា​បានទទួល​ជំនួយឥតសំណង​ពី​សហភាព​អឺរ៉ុប គិត​ជា​មធ្យម​ចំនួន​៣០​លាន​អឺរ៉ូ (​ជាង​៣៣​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ ។​រីឯ​អង្គការ​សង្គម​ស៊ីវិល​វិញ បានទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប ជា​មធ្យម​ចំនួន​៨,២​លាន​អឺរ៉ូ (​ជាង​៩​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ខណៈ​នៅ​ឆ្នាំនេះ​សហភាព​អឺរ៉ុប​បានទទួល​សំណើរ​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១១ ក្នុង​ការសុំ​ជំនួយ​សម្រាប់​ទ្រទ្រង់​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​