អាមេរិក​ទទួលស្គាល់ថា​ខ្លួន​មាន​ទំនួល​ខុសត្រូវ​ចំពោះ​គ្រាប់បែក​ទម្លាក់​លើ​ឡាវ​

Rancho Mirage-​អាមេរិក​៖ ទីប្រឹក្សា​សន្តិសុខ​រង​អាមេរិក Ben Rhodes បានប្រកាសថា អាមេរិក​នឹង​បន្ត​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ឡាវ​ដើម្បី​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​ទម្លាក់​តាំងពី​សម័យ​សង្គ្រាម​អាមេរិក​នៅ​ឥណ្ឌូចិន​មកម្ល៉េះ​នោះ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​សង្កត់ធ្ងន់ថា វា​ជា​ទំនួល​ខុសត្រូវ​ព្រោះ អាមេរិក​ជា​អ្នកបង្កើត​បញ្ហា​នេះឡើយ​។​

​លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​រង​អាមេរិក​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នៅ Sunnylands កន្លងទៅ​ថា សហរដ្ឋអាមេរិក​មាន​គម្រោង​បន្ត​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ​និង​បច្ចេក​ទេ​នានា​ដើម្បី​ជួយ​ប្រទេស​ឡាវ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទូទាំងប្រទេស​។​

​លោក​ថ្លែងថា​៖ « រដ្ឋាភិបាល​អាមេរិក​មាន​គម្រោង​បង្កើន​ជំនួយ​ហរិញ្ញវត្ថុ​និង​ជំនួយ​ផ្ទាល់​ផ្សេងទៀត​ដើម្បី​ជួយ​ឡាវ​បោសសម្អាត​រាល់​គ្រាប់​មិនទាន់​ផ្ទុះ​។ នេះ​ដោយសារ វា​ជា​ទំនួល​ខុសត្រូវ​របស់​សហរដ្ឋអាមេរិក ហើយ​អាមេរិក​បាន​បង្កើត​បញ្ហា​នេះ​ឡើង​ដែរ​»​។​

 ក្រៅពី​ហេតុផល​ទំនួល​ខុសត្រូវ​ប្រវត្តិសាស្ត្រ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​ខាងលើ​ក៏​បញ្ជាក់​ផងដែរ​ថា វា​ជា​គម្រោង​រួម​ដែល​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​មហាអំណាច​ត្រូវ​ជួយ​ដល់​បណ្តា​ប្រទេស​នានា​បោសសម្អាត​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​ឲ្យ​អស់​លើ​ពិភពលោក​។​

​ហើយ បច្ចុប្បន្ននេះ ក៏​ជា​ពេលវេលា​ល្អប្រសើរ​ដែរ​សម្រាប់​សហ​រដ្ឋ​អាមេរិក​ដែល​ត្រូវ​បង្កើន​ធនធាន​សម្រាប់​ជួយ​ឡាវ ដើម្បី​ជួយ​ឲ្យ​ឡាវ​អាចមាន​លទ្ធភាព​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បាន​រហ័ស​ផងដែរ​។ លោក Ben Rhodes ទទួលស្គាល់ថា បញ្ហា​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​កប់​ក្រោម​ដី​នេះ​ជា​ឧស​គ្គ​ដ៏​ធំ​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​ឡាវ​បច្ចុប្បន្ន​។​

​គេ​រំពឹងថា បញ្ហា​នេះ​នឹងត្រូវ​យកទៅ​ជជែក​ពិភាក្សា​បន្ថែមទៀត​ក្នុងពេលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​ទស្សនកិច្ច​នៅ​ឡាវ​ក្នុងពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ឡាវ ព្រោះ​ឡាវ​បច្ចុប្បន្ន​ជា​ប្រធាន​អាស៊ាន​។ យ៉ាងណាមិញ​បញ្ហា​នេះ ក៏ត្រូវ​បាន​លើក​មក​ជជែក​រួចហើយ​ដែរ​រវាង​អាមេរិក​និង​ឡាវ កាលពី​ចុងខែ​មករា​កន្លងទៅ នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី  ទស្សនកិច្ច​នៅ​ឡាវ​។​

​សូមបញ្ជាក់ថា​ឡាវ​ទទួល​កាដូរ​ជា​គ្រាប់បែក​ដែល​ទម្លាក់​ចេញពី​យន្តហោះ បេ ៥២  អាម​រិ​ក​ច្រើនជាង​២​លាន​តោន​ចន្លោះ​ពី​ឆ្នាំ ១៩៦៤ ដល់​ឆ្នាំ ១៩៧៣ ក្នុងអំឡុង​សង្គ្រាម​វៀតណាម​។ ប៉ុន្តែ​យ៉ាងណាមិញ មិនមែន​មានតែ​ឡាវ​ទេ​ដែល​ក្លាយជា​រងគ្រោះ​ព្រោះ​គ្រាប់បែក​អាមេរិក សូម្បីតែ​កម្ពុជា​ឯណោះ​វិញ​ក៏​ទទួលរង​ការទម្លាក់​គ្រាប់បែក​រាប់​តោន​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​