ការ​វាយប្រហារ​តាម​អាកាស​របស់​អាមេរិក​សំដៅ​ទៅ​លើ​ជំរំ​ហ្វឹកហ្វឺន​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លីប៊ី​

ការ​វាយប្រហារ​តាម​អាកាស​របស់​អាមេរិក​សំដៅ​ទៅ​លើ​ជំរំ​ហ្វឹកហ្វឺន​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លីប៊ី​

នេះ​ជា​ផែនទី​នៃ​ក្រុង​ទ្រីបូលី (Tripoli) ក្នុង​ប្រទេស​លីប៊ី។

យន្តហោះ​ចម្បាំង​របស់​អាមេរិក​បាន​ធ្វើ​ការ​វាយប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​ជំរំ​ហ្វឹកហ្វឺន​មួយ​កន្លែង​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប៉ែក​ខាង​លិច​ប្រទេស​លីប៊ី​ ក្បែរ​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​ទុយនីស៊ី។ នេះ​បើ​យោង​តាម​ក្រុម​មន្រ្តី​របស់​សហរដ្ឋ​អាមេរិក។

ការ​វាយប្រហារ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​កម្ទេច​អាគារ​មួយ​នៅ​ក្នុង​ក្រុង Sabratha ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លិច​រដ្ឋធានី Tripoli នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​វត្តមាន​ក្រុម​ជ្រុល​និយម​នៅ​ទីនោះ។

ក្រុម​មន្រ្តី​នៅ​ក្នុង​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៤០​នាក់​ត្រូវ​បាន​សម្លាប់។ ក្រុមមន្រ្តី​លោក​ខាង​លិច​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ The New York Timesថា​មាន​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ទើប​តែ​ចូល​ថ្មី​ជាង​៣០​នាក់​ត្រូវ​បាន​សម្លាប់។

សារព័ត៌មាន​នោះ​បាន​ដក​ស្រង់​សម្តី​របស់​មន្រ្តី​លោក​ខាងលិច​ថា «គោលដៅ​នៃ​ការ​វាយប្រហារ​នេះ​គឺ​ភ្នាក់ងារ​សម្ងាត់​ទុយនីស៊ី​ជាន់ខ្ពស់​ម្នាក់​ដែល​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយប្រហារ​ធំៗ​ចំនួន​២​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​កាល​ពី​ឆ្នាំ​មុន»។​

សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ពី​ការ​វាយប្រហារ​ផ្លូវ​អាកាស​របស់​ខ្លួន​ទៅ​លើ​ប្រទេស​លីប៊ី​យ៉ាង​ហោច​ណាស់​ចំនួន​២​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​រួម​មាន​ទាំង​ការ​វាយប្រហារ​ទៅ​លើ​ប្រធាន​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​លីប៊ី​នៅ​ក្នុង​ការវាយ​ប្រហារ​កាល​ពី​ខែ​វិច្ឆិកានៅ​ក្នុង​ទីក្រុង Derna ផង​ដែរ។

ប្រទេស​លីប៊ី​បាន​ស្ថិត​ក្នុង​ភាពចលាចល​ និង​ភាព​មិន​ប្រាកដ​ប្រជា​នយោបាយ​ ចាប់​តាំង​ពី​មេដឹកនាំ​ផ្តាច់ការ Moammar Gadhafi ត្រូវ​បាន​ផ្តួល​រំលំ​ពី​អំណាច​និង​សម្លាប់​កាល​ពី​ឆ្នាំ​២០១១​នោះ។ ក្រុម​រដ្ឋ​ឥស្លាម​បាន​ឆ្លៀត​ឱកាស​ពង្រីក​សហប្រតិបត្តិការ​របស់​ខ្លួន​នៅ​ទីនោះ៕