ពលរដ្ឋ​ទាមទារ​ឲ្យ​ក្រុមហ៊ុន ING Holding បង្ហាញ​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​នៅ​សហគមន៍​ព្រែក​តា​គង់​១ និង​សហគមន៍​ខ្វា ប្រមាណ​១០០​នាក់ បាន​ប្រមូល​ផ្តំ​គ្នា​នៅមុខ​ក្រុមហ៊ុន ING Holding  ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​។ ជាការ​ឆ្លើយតប តំណាង​ក្រុមហ៊ុន ING Holding មានប្រសាសន៍ថា ក្រុមហ៊ុន នឹង​រៀបចំ​វេទិកា​ស​ធា​រណៈ​មួយ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ដែលមាន​ការចូលរួម​ពី​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ​។

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ មកពី​សហគមន៍​ព្រែក​តា​គង់​១ និង​ខ្វា បាន​ប្រមូល​ផ្តំ​គ្នា​នៅមុខ​ក្រុមហ៊ុន ING Holding នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ដើម្បី​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​។ បន្ទាប់ពី​មានការ​តវ៉ា តំណាង​ក្រុមហ៊ុន ING Holding លោក កែវ សុខា បានចេញ​មុខមក​ទទួល​សំណើ​របស់​អ្នក​តវ៉ា​។ លោក ក៏បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ទាំងនេះ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ព្រោះថា​ខាង​ក្រុមហ៊ុន​របស់លោក​សម្រេច​នឹង​រៀបចំ​វេទិកាសាធារណៈ​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​នោះ​។ លោក កែវ សុខា បញ្ជាក់ថា វេទិកាសាធារណៈ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣​ខែកុម្ភៈ​ខាងមុខ ដែល​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​បកស្រាយ​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​។​

​ក្រោយពី​តំណាង​ក្រុមហ៊ុន​ចេញ​អះអាង ប្រជាពលរដ្ឋ​ដែល​បានមក​ប្រមូលផ្តុំ​តវ៉ា​ទាំងនេះ បាន​ទទួលយក​ការឆ្លើយតប​របស់​តំណាង​ក្រុមហ៊ុន ហើយ​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុ​ន្តេ ពួកគាត់​បាន​ព្រមាន​ថា នឹង​ត្រឡប់មក​ម្តងទៀត  ហើយ​មាន​ចំនួន​អ្នកចូលរួម​តវ៉ា​ច្រើនជាង​នេះ បើសិនណា​មិន​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍ​នេះ​នៅ​ថ្ងៃ​បើក​វេទិកាសាធារណៈ​ទេនោះ​។​

​លោក ម៉ុំ រី ជា​អ្នកចូលរួម​តវ៉ា​ម្នាក់​ដែរ និង​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ដែល​តវ៉ា មានប្រសាសន៍ថា បានជា​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​ទាមទារ​នេះ ព្រោះ​ក្រុមហ៊ុន ING Holding បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់ និង​ចាក់​លុប​បឹង ក្នុង​តំបន់​ដែល​ពួកគាត់​កំពុង​រស់នៅ ស្ថិតក្នុង​សហគមន៍​ព្រែក​តា​គង់ ១ ក្នុង​តំបន់​បឹងទំពុន និង​សហគមន៍​ខ្វា ក្នុង​តំបន់​បឹង​ជើងឯក​៕
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​