ធនាគារពិភពលោក​ផ្ដល់​លុយ​១៥០​លាន​ដុល្លារ​ដល់​អាមេរិក​ឡាទីន​កម្ចាត់​Zika

​ធនាគារពិភពលោក​បាន​ប្រកាស​ផ្ដល់ប្រាក់​១៥០​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ប្រទេស​នៅ​អាមេរិក​ឡាទីន​និង​តំបន់​កា​រ៉ា​អ៊ី​ប​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​Zika ដែល​កំពុង​រាតត្បាត​ខ្លាំង​។ កន្លងមក មេរោគ​Zika ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុកជា​មេរោគ​ដែល​រាតត្បាត​ជាស​កល និង​បានប្រកាស​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​កម្ចាត់​មេរោគ​ប្រភេទ​ថ្មី​នេះ​។

​ធនាគារពិភពលោក (World Bank) បានផ្ដល់​ប្រាក់​១៥០​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​តំបន់​ឡាទីន​និង​កា​រ៉ា​អ៊ី​ប​ដែល​កំពុងតែ​រងគ្រោះ​ដោយ​ការរីក​រាលដាល​មេរោគ​ប្រភេទ​ថ្មី​Zika​។ ប្រាក់​ទាំងនេះ​នឹង​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​ការឆ្លង​មេរោគ​Zika ដែល​កំពុងតែ​ចម្លង​ទៅ​មនុស្ស​រាប់ពាន់នាក់​នៅ​តំបន់​អាមេរិក​ឡាទីន​។ ហើយ​វា​ក៏​ជាការ​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​ស្វែងរក​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនាការ​លុបបំបាត់​មេរោគ​Zika នេះ​។​

​តាមរយៈ​សេចក្ដីប្រកាសរ​របស់ខ្លួន ធនាគារពិភពលោក​ប​ញ្ជា​ក់ថា លុយ​ទាំង​១៥០​លាន​ដុល្លារ​នេះ គឺ​ផ្ដល់​ឲ្យ​ទៅតាម​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំងនោះ ហើយ​ប្រ​ទស​ទាំងនោះ​អាច​យក​ប្រើប្រាស់​បាន​ភ្លាម​ផងដែរ​។ មួយវិញទៀត ធនាគារពិភពលោក​ក៏​នឹង​ផ្ដល់​លុយ​បន្ថែមទៀត ប្រសិនបើ​នៅតែមាន​តម្រូវការ​។​

​បើតាម​ការប៉ាន់ស្មានរ​បស់​ធនាគារពិភពលោក ផលប៉ះពាល់​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ដែល​បង្កដោយ​មេរោគ​នេះ មាន​ដល់​ទៅ​៣.៥​ពាន់​លាន​ដុល្លារ​។ ប្រភព​ហិរញ្ញវត្ថុ​ដែល​សំដៅ​ជួយ​ការ​ស្រង់​សេដ្ឋកិច្ច​នេះ ត្រូវ​ផ្ដល់​បានផ្ដល់​ដោយ​ផ្អែកលើ​ការឆ្លើយតប​របស់​អន្តរជាតិ​ចំពោះ​មេរោគ​Zika ក៏ដូចជា​ផលប៉ះពាល់​ដែល​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បង្ក​ដោយសារ​ជំងឺ​នេះ​។ ទឹកប្រាក់​ចំនួន​១៥០​លាន​ដុល្លារ នឹង​ជួយ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​មេរោគ​Zika ដែល​រួមទាំង​ការត្រួតពិនិត្យ ការកំណត់​អត្តសញ្ញាណ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​ការងារ​ចាំបាច់​ដទៃទៀត​។

​ស្របគ្នា​នេះ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ចេញ​ផែនការ​មួយ​ឆ្លើយតប​នឹង​មេរោគ​Zika ដែល​ត្រូវការ​ទឹកប្រាក់​ប្រមាណ​៥៦​លាន​ដុល្លារ​សម្រាប់​អនុវត្ត​ផែនការ​នេះ​។ អង្គការ​សុខភាព​ពិភពលោក​ដែល​ប្រកាស​មេរោគ​Zika ជា​បញ្ហា​ប្រឈម​របស់​ពិភពលោក បានប្រកាស​រក​ធនធាន​ហិរញ្ញវត្ថុ​ជាច្រើន​លាន​ដុល្លារ​ដើម្បី​កម្ចាត់​មេរោគ​នេះ​។ Zika ដែល​រាតត្បាត​ចេញពី​ប្រេ​ស៊ី​ល បាន​រីក​រាលដាល​តៅ​កាន់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ព្រមទាំង​ប្រទេស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​