បើក​គោយន្ត​កន្ត្រៃ​ចុះ​ចំណោតភ្នំ​ក្រឡាប់​ស្លាប់​១​របួសធ្ងន់​ស្រាល​៧​នាក់​

‪​ខេត្ត​ឧ​ត្ត​រ​មានជ័យ​‬៖ គោយន្ត​កន្ត្រៃ​ខណៈ​កំពុងបើក​ចុះ​ពីលើ​ភ្នំ​ច្រក​ជប់​គរ​គី បាន​ក្រឡាប់​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ បាន​ស្លាប់ និង​មនុស្ស​ប្រុស​ស្រី ៦​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​ក្រឡាប់​គោយន្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១ និង​១៥​នាទី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅលើ​ភ្នំ​ច្រក​ជប់​គរ​គី ស្ថិតក្នុង​ភូមិ​ជប់​គរ​គី​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

លោក ហម ភិរម្យ អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​និយាយ​ឲ្យ​ដឹងថា រងគ្រោះ​បាន​ជិះ​គោយន្ត​កន្ត្រៃ​រួមគ្នា ធ្វើដំណើរ​ឡើង​ភ្នំ​ទៅ​ច្រក​ជប់​គរ​គី ចូលក្នុង​ផ្សារ​ថៃ​ទិញ​ទំនិញ​យកមកប្រើ​ប្រាស់​។ លុះ​ទិញ​រួច ក៏បាន​នាំគ្នា​ធ្វើដំណើរ​ត្រឡប់មកវិញ លុះ​មកដល់​កន្លែងកើតហេតុ​ត្រង់ចំណុច​ផ្លូវ​កោង ខ្ទម​អ្នកតា​ចុះ​ពីលើ​ភ្នំ​ដោយសារ​ល្បឿន​គោយន្ត​លឿន​ចាប់​ហ្វ្រាំង ក៏បាន​បោក​គោយន្ត​ធ្លាក់​ប្រឡាយ​ក្រឡាប់​ធ្វើ​ឲ្យ​អ្នកជិះ​គោយន្ត​ធ្លាក់​ខ្ទាត​ចេញ​ច្រងាប់ច្រងិល​រងរបួស​គ្រប់គ្នា​។ ក្រោយ​កើត ហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ទៅ ជួយ​ជនរងគ្រោះ​។ ជនរងគ្រោះ​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង ៧​នាក់​ទៀត របួសធ្ងន់​ស្រាល​។​

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទាំង ៨​នាក់​រួមមាន​៖ ១. ឈ្មោះ យៃ លឿ ភេទ​ស្រី អាយុ ៥៥​ឆ្នាំ (​ស្លាប់​នៅ កន្លែង កើតហេតុ​), ទី​២. ឈ្មោះ យាយ យោន ភេទ​ស្រី អាយុ​៥២​ឆ្នាំ​, ទី​៣. ឈ្មោះ ធំ លាស់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​, ទី​៤. ឈ្មោះ ធំ អិ​ល​ភេទ​ស្រី អាយុ​២៧​ឆ្នាំ​, ទី​៥. ឈ្មោះ ម៉ា មូ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ទី​៦. ឈ្មោះ កង វាដ​នា ប្រុស អាយុ ២​ឆ្នាំ​, ទី​៧. ឈ្មោះ ម៉ូត​មាន ភេទ​ប្រុស អាយុ​២​ឆ្នាំ​។ ជនរងគ្រោះ​ទាំងអស់​រស់នៅ​ភូមិ​ក្រសាំង សង្កាត់​បុស​ស្បូវ ក្រុង​សំរោង​៕

KA-19-02-2016-22 KA-19-02-2016-24 KA-19-02-2016-25 KA-19-02-2016-26