កីឡាយានយន្ដ ត្រៀមបង្កើត ព្រឹត្តិការណ៍ប្លែកមួយទៀត ដើម្បីបង្កើនសក្ដានុពល

ភ្នំពេញ៖ សហព័ន្ធកីឡា យានយន្ដកម្ពុជា បានប្រកាសរៀបចំ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ ដែលមានលក្ខណៈប្លែកមួយ ព្រឹត្តិការណ៍បន្ថែមទៀត មានឈ្មោះថា ពានរង្វាន់ប្រណាំងម៉ូតូ KARA Cup Race លើកទី១ ដែលគ្រោងនឹងធ្វើឡើង ២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នៅលើទីលានមុខសាល មហោស្របកោះពេជ្រ ។

លោក សរ សុជាតិ អគ្គលេខាធិការសហព័ន្ធ កីឡាយានយន្ដកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ KARA Cup Race-2016 កាលពីម្សិលមិញថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ និងភ្នាក់ងាររៀបចំ ប្រណាំងយានយន្ដកម្ពុជា ឬហៅកាត់ថា KARA បានសហការគ្នាបង្កើត ព្រឹត្តិការណ៍លក្ខណៈ អន្ដរជាតិនេះឡើង ដើម្បីបង្កើនភាពទាក់ទាញ និងផ្សព្វផ្សាយពីសក្ដានុពល នៃកីឡាយានយន្ដកម្ពុជា ។

អគ្គលេខាធិការ សហព័ន្ធរូបនេះ បានបញ្ជាក់ថា KARA Cup Race គឺជាព្រឹត្តិការណ៍ប្រណាំង ម៉ូតូលើវាលរាប ដែលបណ្ដាប្រទេស រីកចម្រើនលើពិភពលោកបាន រៀបចំជាយូរមកហើយ ។ អាស្រ័យហេតុនេះ ទើបសហព័ន្ធសម្រេចចិត្ត រៀបចំឲ្យមានក្នុង ប្រទេសកម្ពុជា ដើម្បីបង្កើតឲ្យមានការ ប្រណាំងយានយន្ដកាន់ តែសំបូរបែប និងយល់ដឹងពី បច្ចេកទេសបើកបរ ក៏ដូចជាបច្ចេកទេស ប្រើប្រាស់យានយន្ដ ព្រមទាំងជាការ បង្រួបបង្រួមអ្នកស្នេហា វិស័យកីឡាប្រណាំងយានយន្ដ ទូទាំងប្រទេសផងដែរ ។

ជាមួយគ្នានោះលោក ហូ សិទ្ធីគុណ តំណាងភ្នាក់ងាររៀបចំ ប្រណាំងយានយន្ដកម្ពុជា បានលើកឡើងថា ថ្វីត្បិតនេះជាលើកដំបូង នៃការរៀបចំព្រឹត្តិការណ៍ KARA Cup Race ប៉ុន្ដែលោកមានជំនឿចិត្តថា នឹងទទួលបានជោគជ័យ ព្រោះលោកសំអាងលើ ទីតាំងនៃការប្រកួត ស្របជាមួយភាព រីកចម្រើននៃវិស័យ កីឡាយានយន្ដកម្ពុជា ។

ម្យ៉ាងវិញទៀត ការប្រកួតណាំង ម៉ូតូលើវាលរាបនេះ ក៏ជាំព្រឹត្តិការណ៍មួយពេញ និយមលើពិភពលោកដែរ ។

លោកបានបន្ថែមថា ជុំវិញការរៀបចំនេះ គណៈកម្មការត្រៀមវិញ្ញាសា ៥ប្រភេទ សម្រាប់ កីឡាករ-កីឡាការិនី ធ្វើការប្រកួតប្រជែង រួមមានប្រភេទម៉ូតូកែឆ្នៃ កម្ដៅក្រោម ១៣៥CC, ប្រភេទម៉ូតូប្រើអំប្រីយ៉ាង មានកម្លាំងម៉ាស៊ីនចន្លោះ ១២៥CC ដល់ ១៣៥CC, ប្រភេទម៉ូតូប្រើចង្កិះលេខ កម្លាំងមិនលើស ១២៥CC, ម៉ូតូប្រើលេខអូតូ កម្លាំងត្រឹម ១២៥CC និងវិញ្ញាសាម៉ូតូប្រើលេខអូតូ កម្ដៅចន្លោះពី ១១០CC ដល់ ១១៥CC ។

ចំពោះលក្ខខណ្ឌចុះ ឈ្មោះចូលរួមវិញ គឺកីឡាករ-កីឡាការិនី ត្រូវមានអាយុចាប់ពី ១៦ឆ្នាំឡើង ហើយការចុះឈ្មោះម្នាក់ត្រូវបង់ ១០០ដុល្លារ ដើម្បីទទួលបានសិទ្ធិចូលរួម និងទទួលបានសម្ភារៈ មួយចំនួនទៀត ៕

កីឡាយានយន្ដ ត្រៀមបង្កើត ព្រឹត្តិការណ៍ប្លែកមួយទៀត ដើម្បីបង្កើនសក្ដានុពល

កីឡាយានយន្ដ ត្រៀមបង្កើត ព្រឹត្តិការណ៍ប្លែកមួយទៀត ដើម្បីបង្កើនសក្ដានុពល

កីឡាយានយន្ដ ត្រៀមបង្កើត ព្រឹត្តិការណ៍ប្លែកមួយទៀត ដើម្បីបង្កើនសក្ដានុពល