បម្រែបម្រួល​អាកាស​ធាតុ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ

បម្រែបម្រួល​អាកាស​ធាតុ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ

រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ចម្ការ​ដែល​ផល​ដំណាំ​របស់​គាត់​បាន​ខូចខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត​នៅ​ខេត្ត​ Afar ប្រទេស​អេត្យូពី។របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា​ការ​ប្រែប្រួល​អាកាសធាតុ​និង​បាតុភូត​អែល​នីណូ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​ឆ្នាំ​ ២០១៥។​ ហ្សឺណែវ—

ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា​ គ្រោះ​រាំង​ស្ងួត​ធំៗ​ចំនួន​៣២​ត្រូវ​បាន​គេ​កត់​ត្រា​ទុក​ក្នុង​ឆ្នាំ ​២០១៥។​ តួលេខ​នេះ​មាន​លើស​ពីចំនួន​ទ្វេដង​នៃតួលេខ​មធ្យម​ប្រចាំ​ឆ្នាំ​ក្នុង​រយៈ​ពេល​ដប់​ឆ្នាំ។ ផល​ប៉ះ​ពាល់​នេះ​មាន​សភាព​ធ្ងន់ធ្ងរជាពិសេស​នៅ​អនុតំបន់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្រ្វិក។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​រោគ​រាតត្បាត​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ​បាន​ចងក្រង​ទិន្នន័យ​ស្តី​ពី​គ្រោះរញ្ជួយ​ដី​ គ្រោះ​រាំង​ស្ងួត​ ទឹកជំនន់​ ខ្យល់​ព្យុះ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក។ បន្ទាប់​ពី​បាន​ពិនិត្យ​ទិន្នន័យ​ទាំង​នោះ​ នាយក​មជ្ឈមណ្ឌល​ អ្នកស្រី​ Debarati Guha-Sapir ​បាន​ប្រកាស​ថា ​ឆ្នាំ ​២០១៥ គឺ​ជា​ឆ្នាំ​នៃ​គ្រោះ​រាំង​ស្ងួត។

«ឥឡូវ​នេះ​ប្រជាជន​ជាង​៥០​លាន​នាក់បាន​ទទួល​រង​ផល​ប៉ះ​ពាល់។ ហើយ​ស្ថានភាព​នេះ​នឹង​កាន់​តែ​អាក្រក់​ឡើង​នៅ​ឆ្នាំ ​២០១៦។​ យើង​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​មនុស្សធម៌​នៅ​ឆ្នាំ​២០១៦ ហើយ​នឹង​មាន​ការ​ចលនា​ប្រជាជន​ធ្វើ​ចំណាក​ស្រុក»។

ទ្វីប​អាហ្រ្វិក​បាន​ជួប​ប្រទះ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ​២០១១ ​នៅ​ពេល​ដែល​មាន​ការ​ខ្វះ​ខាត​ទឹក​ភ្លៀង​នៅ​ក្នុង​តំបន់​ស្នែង​នៃ​ទ្វីប​អាហ្រ្វិក​ (Horn of Africa) ដែល​នាំ​ឲ្យ​មាន​មនុស្ស​ប្រមាណ​១២​លាន​នាក់​ផ្លាស់​ប្តូរ​ទី​លំនៅ​ពី​ផ្ទះ​របស់​ពួក​គេ​ ហើយ​គ្រោះ​រាំង​ស្ងួត​នោះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​២៦០.០០០​នាក់​នៅ​ក្នុង​ប្រទេស​សូម៉ាលី។

អ្នកស្រី​ Guha-Sapir​ បាន​រំលឹក​ថា​ គ្រោះ​រាំង​ស្ងួត​គឺ​ជា​គ្រោះ​មហន្តរាយ​ដែល​មាន​ផល​ប៉ះពាល់​ជា​ប្រចាំ​លើ​ការ​អភិវឌ្ឍ​របស់​មនុស្ស។

«ភាព​រាំង​ស្ងួត​នាំ​ឱ្យ​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូចៗ​ ហើយ​កង្វះ​អាហារ​រូបត្ថម្ភ​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូច​នេះ​នាំ​ឲ្យ​មាន​ការ​ស្លាប់​ក្នុង​រយៈ​ពេល​ប្រមាណ​ពី​បួន​ទៅ​ប្រាំ​មួយ​សប្តាហ៍»។

អ្នកស្រី​ Guha-Sapir​ និយាយ​ថា​មាន​ការ​ប្រាប់​ឲ្យ​ដឹង​ជា​មុន​អំពី​គ្រោះ​មហន្តរាយ​នេះ​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។

អ្នក​ស្រី​និយាយ​ថា ​ឥឡូវ​នេះ​រដ្ឋាភិបាល​មិន​គួរ​ធ្វើ​ឲ្យ​មាន​កំហុស​ដដែលៗ​ហើយ​រង់ចាំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ប្រកាស​គ្រោះ​ទុរភិក្ស​មុន​ពេល​ពួក​គេ​ចាត់​វិធានការ​នោះ​ទេ។ អ្នក​ស្រីក៏​បាន​ព្រមាន​ថា​ នៅ​ពេល​ដែល​គ្រោះ​ទុរភិក្ស​ត្រូវ​បាន​គេ​ប្រកាស ​វា​នឹង​យឺត​ពេល​ដើម្បី​បង្ការ​គ្រោះ​មហន្តរាយ៕

ប្រែសម្រួលដោយ ផន បុប្ឆា