ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​សម្តេច​អគ្គមហាសេនាបតី
តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចែករំលែក​បទ​ពិសោធន៍ ចំណេះដឹង និង​មេរៀន​ជីវិត​ជា​ច្រើន​ដល់​សិស្ស​-​និស្សិត​​ជ័យ​លា​ភី​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​សិស្ស​-​និស្សិត​នៃ​សាកលវិទ្យាល័យ​កម្ពុជា​អន្តរជាតិ និង​វិទ្យា​ស្ថាន​អប់រំ​ភាសា​អង់គ្លេស ELT ព្រមទាំង​សាលា​បឋម​សិក្សា និង​មធ្យមសិក្សា ELT ចំនួន​១០៩៦​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

ពិធី​នេះ មានការ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និង​បុគ្គលិក សិស្ស​-​និស្សិត​នៃ​សាកលវិទ្យាល័យ​កម្ពុជា​អន្តរជាតិ​និង​សាលា​បឋម​សិក្សា និង​មធ្យមសិក្សា ELT និង​អាណាព្យាបាល​របស់​សិស្ស​និស្សិត​ផង​ដែរ ។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​ដែល​មាន​សញ្ញាបត្រ​សមត្ថភាព ចំណេះដឹង​ជួយ​ឱ្យ​ប្អូន​ៗ ក្នួ​យ​ៗ ក្នុង​ការ​គ្រប់គ្រង​ជីវិត​ឱ្យ​បាន​ជោគជ័យ ប៉ុន្តែ​ប្អូន​ៗ ក្នួ​យ​ៗ​ត្រូវ​ចេះ​ឱ្យ​ពិតប្រាកដ​ឱ្យ​មាន​គ្រឹះ​រឹង​មាំ ។ លោក​បន្ត​ថា យុវជន​ត្រូវ​បង្កើត​ឱកាស​ខ្លួនឯង កុំ​ចាំបាច់​រង់ចាំ​ឱកាស​គេ​ផ្តល់​ឱ្យ យុវជន​ត្រូវ​ហ៊ាន​ធ្វើ និង​សាកល្បង រៀន​សព្វ​រៀន​គ្រប់​ពី​អ្នក​ដែល​ពូកែ​នៅ​ជុំវិញ​ខ្លួនឯង ដើម្បី​ទទួល​បាន​ជោគជ័យ ។