រមណីយដ្ឋាន​ «ទន្លេ​និម្មិត​» ​ពិត​ដូច​ធម្មជាតិ​

Doliprane TVC

​ទន្លេ​និម្មិត​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដែល​ទើប​បង្កើត​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៤ ដែលមាន​វិសាលភាព​ផ្ទៃ​ស្រះ​ល្ហល្ហេវ​ដាច់​កន្ទុយភ្នែក​មើលទៅ​គួរឱ្យ​ចង់​ចុះ​ហែល​ទឹក​កម្សាន្ត ។ ទន្លេ​និម្មិត​ជាស្រះ​ដ៏​ធំ​មួយ​ដែល​គេ​រៀបចំឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ដូចជា​ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ខេត្ត​នានា​ដែល​បាន​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែតឱ្យចូល​ទស្សនា​រមណីយ​ដ្ឋា​ន​ដែល​ទើបនឹង​បង្កើត​ថ្មោងថ្មី​ជាប់​ព្រំដែន​ថៃ ។​

រមណីយដ្ឋាន​ «ទន្លេ​និម្មិត​» ​ពិត​ដូច​ធម្មជាតិ​

​រមណីយដ្ឋាន​«​ទន្លេ​និម្មិត​»​ស្ថិតនៅ​ភូមិ​និម្មិត សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​ចម្ងាយ​ប្រមាណ ១៧ គីឡូម៉ែត្រ​ពី​ក្រុង​ប៉ោយប៉ែត គឺ នៅ​ចន្លោះ​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត ស្ថិតនៅលើ​ផ្លូវជាតិ​លេខ ៥ ទល់មុខ​មណ្ឌល​សុខភាព​ឃុំ​និម្មិត​ដែលមាន​ស្រះ​ទឹក​យ៉ាង​ធំ​ល្វឹងល្វើយរំលេច​ទៅដោយដើមឈើ​ទើប​ដាំ និង កំពុង​លាស់​ត្រួយ​ខ្ចី​ជា​ម្លប់​សម្រាប់ភ្ញៀវទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​លម្ហែកាយ​នៅ​ទីនោះ ។

រមណីយដ្ឋាន​ «ទន្លេ​និម្មិត​» ​ពិត​ដូច​ធម្មជាតិ​

​លោក អេង លី​ហួរ ម្ចាស់​រមណីយដ្ឋាន​ទន្លេ​និម្មិត បានឱ្យដឹងថា រមណីយដ្ឋាន​ទន្លេ​និម្មិត​នេះ​ទើបតែ​កសាងបាន​រយៈពេល​ជាង ១០ ខែ​ប៉ុណ្ណោះ ហើយ​ទើបតែ​កសាងបាន​ប្រមាណ ៨ ភាគរយ​ប៉ុណ្ណោះ ។ លោក​មានគម្រោង​សាងសង់​រមណីយដ្ឋាន​នេះ​ទាំងមូល​នៅលើ​ផ្ទៃដី​ចំនួន ៧ ហិកតារ ដោយមាន​ស្រះ​ទឹក​ស្រាប់​ចំនួន ៣ ធំៗ ស្រះ​ទី ១ ជា​កន្លែង​លម្ហែកាយ ងូតទឹក​លេង ស្រះ​នេះ​មាន​ទំហំ ៦២ ម៉ែត្រ គុណ ២៦៥ ម៉ែត្រ ចាក់​បេតុង​នៅតាម​មាត់​ស្រះ​មួយ​នេះ​ទាំងមូល ព្រមទាំង​ដាំ​ដើមឈើ​នៅតាម​មាត់​ស្រះ​ដើម្បី ជា​ម្លប់​សម្រាប់​ភ្ញៀវទេសចរ​ឈប់សម្រាក​លម្ហែកាយ​ផងដែរ ។

រមណីយដ្ឋាន​ «ទន្លេ​និម្មិត​» ​ពិត​ដូច​ធម្មជាតិ​

បន្ទាប់មកលោក​ក៏មាន​គម្រោង​សាងសង់​ស្រះ​សម្រាប់​រំអិល​លេង​ទឹក និង ស្រះ​សម្រាប់​ស្ទួ​ច​ត្រី​លម្ហែ ដែល​ប្លង់​គម្រោង​នេះ​កំពុង​ឱ្យគេ​គូរ​ប្លង់​ចម្លង​មកពី​ប្រទេស​ថៃ ពេលណា​គេ​គូរ​ប្លង់​ហើយ​កាលណា​នឹង​ចាប់ផ្តើម​ដំណើរការ​តែម្តង ។ នៅពេល​ស្ថាបនា​រួច ការបើក​ដំណើរការ​ដំបូង​ភ្ញៀវ​ទេចរ​អាច​ចូល​លេង​កម្សាន្ត​ដោយ​មិន​គិតថ្លៃ​ឡើយ គ្រាន់តែ​យក​ថ្លៃ​ជួល​អាវ​ទឹក ថ្លៃ​ជិះ​ទា​ទឹកឬក៏​ថ្លៃ​ម៉ូតូ​ទឹកជា​ដើម ។ ភ្ញៀវទេសចរ​អាច​យក​ម្ហូបអាហារ​ពី​ផ្ទះ​ទៅ​ក៏បាន ឬ អាច​ទិញ​ភេសជ្ជៈ​ចូលមក​ក៏បាន​ដែរ ។ ចំពោះ​ការលក់ដូរ​ម្ហូបអាហារនិងភេសជ្ជៈ​នៅ​រមណីយដ្ឋាន​នេះវិញ​មានតម្លៃ​ដូច​ទីផ្សារ​ខាងក្រៅ​ដែរ ។ ឥ​ទ្បូ​វ​នេះ​លោក​បាន​ចំណាយ​ថវិកា​អស់​ប្រហែល​ជាង​មួយ​លាន​ដុល្លារ​សម្រាប់​កសាងរមណីយដ្ឋាន​នេះ ។​

​នៅ​រមណីយដ្ឋាន​ទន្លេ​និម្មិត​គេ​បាន​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាច្រើន ជាពិសេស​ភ្ញៀវទេសចរ​ក្នុងស្រុក​នាំគ្នា​ចូល មក​ទស្សនា​មិនដែល​ដាច់​ទ្បើ​យ ។ នៅ​រៀងរាល់ថ្ងៃ​ចុង​សបា្តហ៍វិញភ្ញៀវទេសចរ​បាននាំគ្នា​មកពី​ក្រុង​ប៉ោយប៉ែត ដែល​អ្នកខ្លះមក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ អ្នកខ្លះ​មកជា​លក្ខណៈ​មិត្តភក្តិ និង អ្នកខ្លះ​ទៀត​មកជា​លក្ខ​ណៈ​គូស្នេហ៍​ជាដើម ។​

រមណីយដ្ឋាន​ «ទន្លេ​និម្មិត​» ​ពិត​ដូច​ធម្មជាតិ​

​ប្អូនប្រុស សយ គឹម​ឡុង រស់នៅ​ក្រុង​ប៉ោយប៉ែត កំពុងតែ​ពិសា​អាហារ​ជាមួយ​មិត្តភក្តិ ៦ នាក់​ទៀត​បានឱ្យដឹងថា ប្អូន​មក​លម្ហែកាយ​នៅទីនេះ​ពីរលើក​រួចមកហើយដែល​លើក​មុន​ប្អូនមកជា​លក្ខណៈ​គ្រួសារ ព្រោះ​នៅទីនេះ​មាន​ខ្យល់អាកាស​ល្អបរិសុទ្ធមាន​ផ្ទៃ​ទឹកធំ​ល្ហល្ហេវ​ដូចជា​ទន្លេ​ពិតៗ អម​ទៅ ដោយ​ដើម​ស្វាយ​នៅ​សងខាង​មាត់​ស្រះ​ផ្តល់​ម្លប់​សម្រាប់ជាទី​ជម្រក​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ឱ្យ​សប្បាយរីករាយ ។​

​លោក វណ្ណ ជា​អាជីវករ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែតដែល​កំពុងតែ​នាំ​ក្រុមគ្រួសារ​របស់លោក​មក​លម្ហែកាយ នៅ​ទន្លេ​និម្មិត​នេះដែរ​បាន​សម្តែង​ក្តី​រីករាយ​ថាការ​មកកម្សាន្ត​ទន្លេ​និម្មិត​នេះ​ពិតជា​ធ្វើឱ្យ​អារម្មណ៍​របស់លោក និង ក្រុម គ្រួសារ​សប្បាយរីករាយព្រោះ​នៅទីនេះ​ហាក់បីដូចជា​ទន្លេ ធម្មជាតិ​ពិតៗ ។​​នៅ​បរិវេណ​រមណីយដ្ឋាន​ទន្លេ​និម្មិត​យើង​ក៏បាន​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ឥត​ដាច់ ដោយ​ភ្ញៀវ​ខ្លះ​បាន នាំគ្នា​ហែល​ទឹក​ប្រឡែង​គ្នា​លេង ហើយ​ភ្ញៀវ​ខ្លះ​បាន​ជិះ​ម៉ូតូ​ទឹក និង ភ្ញៀវទេសចរ​ខ្លះទៀត​នាំគ្នា​ពិសា​អាហារ​នៅតាម​ខ្ទម​ដែល គេ​សង់​នៅតាម​មាត់​ស្រះ ឬ ក្រោម​ម្លប់​ស្វាយ​ដ៏​ត្រឈឹងត្រឈៃ​យ៉ាង​ឆ្ងាញ់​ពិសា ៕ នឿន​