លោកយ៉ែម បុញ្ញឬទ្ធិ CPP និង CNRP កំណត់គោលដៅដូចគ្នា គឺរក្សាស្ថិរភាព និងសន្ដិភាព

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្សសង្រ្គោះជាតិ (CNRP) បានកំណត់គោលដៅដូចគ្នាមួយ គឺការរក្សាស្ថិរភាព និងសន្ដិភាពនៅក្នុងសង្គមកម្ពុជា ដើម្បីស្រាយបញ្ហាជាតិដោយសន្ដិវិធី។ នេះបើតាមការឲ្យដឹងពីលោកយ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។

លោកយ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ ក្រោយជំនួបរវាងក្រុមតំណាងរាស្រ្ដ សំលេងភាគច្រើន ជាមួយក្រុមតំណាងរាស្រ្ដសំលេងភាគតិច កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភះ ថា "លក្ខណៈដែលសំខាន់ ដែលយើងនៅតែបន្ដពង្រឹង និងពង្រីក រក្សាវប្បធម៌សន្ទនា ដោយបានកំណត់គោលដៅដូចគ្នាមួយ ដែលយើងឯកភាពគ្នា ដែលយើងឲ្យ ឈ្មោះថា រក្សាស្ថិរភាព សន្ដិភាព ឲ្យបាននៅក្នុងសង្គមកម្ពុជា ដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី"។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ រូបនេះបានបញ្ជាក់បន្ថែម ថា គណបក្សទាំង២ ក៏បានឯកភាពគ្នាថា នឹងប្រកួតប្រជែងតែទៅលើតែទស្សនៈគោលនយោបាយ មិនវាយប្រហារជាលក្ខណៈបុគ្គល ដោយឲ្យឈ្មោះថា"ជំហ៊ានប្រជាធិបតេយ្យ ជាជំហ៊ានៗ" ដែលជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ តាមបែបបទរិះគន់ ក្នុងន័យ ស្ថាបនា។

ចំណែកលោក ឈាង វុន មន្រ្ដីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សទាំង២ដែលមានអាសនៈក្នុងរដ្ឋសភា បានសម្រេចថាពង្រឹងនិងពង្រីក បន្ថែមទៀត នូវវប្បធម៌សន្ទនាឲ្យបានរឹងមាំ ដើម្បីជាផលប្រយោជន៍របស់ប្រជាជន និងប្រជាជាតិកម្ពុជា។

លោកឈាង វុន បានបញ្ជាក់ថា "នេះជាការប្ដេជ្ញាចិត្ដធំណាស់ គឺជាមហិច្ឆតារបស់ថ្នាក់ដឹកនាំ គណបក្សទាំង២ នៅក្នុងការធ្វើយ៉ាងណាឲ្យ ពង្រឹងវប្បធម៌សន្ទនាឲ្យ បានរឹងមាំ"។ សូមជម្រាបថា ក្រុមតំណាងរាស្រ្ដសំលេងភាគច្រើន និងភាគតិចក្នុងរដ្ឋសភា បានជួបពិភាក្សាគ្នា កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ ដើម្បីលើក កម្ពស់វប្បធម៌សន្ទនា។

ជាលទ្ធផលក្រុមតំណាងរាស្រ្ដទាំងសំលេងភាគច្រើន និងភាគតិច បានពិនិត្យឃើញ និងវាយតំលៃខ្ពស់ចំពោះការអនុវត្ដវប្បធម៌សន្ទនា ដែលជាវប្បធម៌ជជែក ពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ៕

លោកយ៉ែម បុញ្ញឬទ្ធិ CPP និង CNRP កំណត់គោលដៅដូចគ្នា គឺរក្សាស្ថិរភាព និងសន្ដិភាព

លោកយ៉ែម បុញ្ញឬទ្ធិ CPP និង CNRP កំណត់គោលដៅដូចគ្នា គឺរក្សាស្ថិរភាព និងសន្ដិភាព