​ឆេះ​អគារ​សិប្បកម្ម​តម្បាញ​សូត្រ នៅ​ស្រុក​ពួក​ដ៏​ល្បី បំផ្លាញ​ទាំងស្រុង​

​សៀមរាប: អគារ​សិប្បកម្ម​តម្បាញ​សូត្រ​មួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាប ឆេះ​បំផ្លាញ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១២:៤២ រសៀល​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​
​    ​
​ក្រោយពេល​កើតហេតុ​មួយសន្ទុះ​ធំ គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ព្រលានយន្តហោះ​សៀមរាប សរុប​ចំនួន ៤ គ្រឿង និង​បំពង់​ពន្លត់​អគ្គិភ័យ ចំនួន​១៥​បំពង់ ត្រូវបាន​អន្តរាគមន៍​ជួយ​ពន្លត់ ។​
​    ​
​លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ស្រុក​ពួក បាន​ឲ្យ​ដឹងថា អគារ​សិប្បកម្ម​តម្បាញ​សូត្រ​ដ៏​ល្បីល្បាញ​នេះ  ធ្វើ​អំពី​បេតុង ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ មាន​ទំហំ​៤​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ  ដែល​អគារ​នោះ សំរាប់​ផ្ទុក​សម្ភារៈ​និង​របស់របរ​មានតម្លៃ ត្រូវបាន​ឆេះ​បំផ្លាញ​ទាំងស្រុង ទោះបី​រថយន្ត​អគ្គិភ័យ ជាច្រើន​គ្រឿង ទៅ​អន្តរាគមន៍ ជួយ​ពន្លត់​យ៉ាងណាក៏ដោយ ។​
​    ​
​លោក​បាន​អះអាងថា លោក​មិនអាច​បញ្ជាក់​បានទេ អំពី​ទំហំ​ទឹកប្រាក់ ដែល​បាន​បាត់បង់​សម្ភារៈ ដែល​ឆេះ​នៅក្នុង​អគារ​នោះ ។ ប៉ុន្តែ​ចំពោះ​មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​នោះ លោក​បាន​បញ្ជាក់ថា ការឆេះ​អគារ​សិប្បកម្ម​តម្បាញ​សូត្រ នៅពេលនេះ​គឺ ផ្តើមចេញពី​ឆេះ​ដុត​វាលស្រែ ហើយ​រាលដាល​ឆ្លង​ដល់​ឆេះ​អគារ​នោះ​ទាំងស្រុង​តែម្តង​។ ក្នុង​ហេតុការណ៍​នោះ ពុំមាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់ថា មាន​បុគ្គលិក​នៅ​ទីនោះ​ណា​ម្នាក់​រងរបួស ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ។​
​    ​
​សូមបញ្ជាក់ថា សិប្បកម្ម​តម្បាញ​សូត្រ នៅ​ភូមិ​ប្រយុទ្ធ ស្រុក​ពួក ដែល​ឆេះ​ខាងលើនេះ​គឺជា​សិប្បកម្ម​ដ៏​ធំ​មួយ ហើយ​ល្បីល្បាញ នៅក្នុង​ខេត្តសៀមរាប ក៏ដូចជា​ទូទាំងប្រទេស ព្រោះថា ទីនោះ​ស្រូប​ទាញ​កម្មករ​ជាច្រើន​សិប​នាក់ ហើយ​សិប្បកម្ម​នោះ បាន​ផលិត​ចេញ​នូវ​ក្រណាត់​សូត្រ សំពត់សូត្រ ក្រមា​សូត្រ និង​សម្ភារៈ​កែច្នៃ ធ្វើ​អំពី​សូត្រ​ជាច្រើន​មុខ​ទៀត​។ ការកែច្នៃ​ចេញ​ជា​សូត្រ ដ៏​មានតម្លៃ​នេះ គឺ​ថៅកែ អាច​លក់ដូរ​បាន​យ៉ាង​កាក់កប ក៏ដូចជា​ភ្ញៀវ​ក្នុងស្រុក និង​ភ្ញៀវ​បរទេស ៕V/S

​ឆេះ​អគារ​សិប្បកម្ម​តម្បាញ​សូត្រ នៅ​ស្រុក​ពួក​ដ៏​ល្បី បំផ្លាញ​ទាំងស្រុង​

​ឆេះ​អគារ​សិប្បកម្ម​តម្បាញ​សូត្រ នៅ​ស្រុក​ពួក​ដ៏​ល្បី បំផ្លាញ​ទាំងស្រុង​

​ឆេះ​អគារ​សិប្បកម្ម​តម្បាញ​សូត្រ នៅ​ស្រុក​ពួក​ដ៏​ល្បី បំផ្លាញ​ទាំងស្រុង​

​ឆេះ​អគារ​សិប្បកម្ម​តម្បាញ​សូត្រ នៅ​ស្រុក​ពួក​ដ៏​ល្បី បំផ្លាញ​ទាំងស្រុង​

​ អគារ​សិប្បកម្ម​តំបាញ​សូត្រ​នៅ​ស្រុក​ពួក ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង(ច័ន្ទគារ)