រឿងអាស្រូវ​ពុករលួយ​របស់​មន្ត្រី​ប្រៃសណីយ៍ គួរ​មានការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​

​ថ្មីៗ​នេះ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានបញ្ចប់​មុខតំណែង​មន្ត្រី​ទូរគមនាគមន៍​កម្ពុជា​២​នាក់​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ គឺ​លោក ឡាយ ម៉ា​រី​វ៉ូ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា និង​លោក មាស ប៉ូ ប្រធាន​ក្រុមប្រឹក្សាភិបាល​។ លោក ប្រាក់ សុខុន គ្រាន់តែ​ដកហូត​តំណែង​មន្ត្រី​ទាំង​២​នាក់​នេះ ចេញពី​តំណែង​ហើយ​តែងតាំង​អ្នកថ្មី​ចូល​ជំនួស​ប៉ុណ្ណោះ ដោយ​មិនបាន​បើក​ការស៊ើបអង្កេត​និង​ចាត់វិធានការ​តាមច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ប្រការ​នេះហើយ​ដែល​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ក្នុង​សំណុំ​រឿងនេះ​ផងដែរ​។

សូមបញ្ជាក់ថា ការបញ្ចប់​មុខតំណែង​លោក ឡាយ ម៉ា​រី​វ៉ូ និង​លោក មាស ប៉ូ បាន​ធ្វើឡើង​បន្ទាប់ពី​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏ដូចជា​ក្រុមការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា មន្ត្រី​ទាំង​២​នាក់​នេះ​មាន​កំហុស​ធ្ងន់ធ្ងរ​លើ​ការងារ​គ្រប់គ្រង​និង​ដឹកនាំ​អង្គភាព​ទូរគមនាគមន៍​កម្ពុជា​។ អសមត្ថភាព​ក្នុងការ​ដឹកនាំ​នោះ បាន​នាំ​ឲ្យ​កើត​មានការ​កឹ​ប​កេង​លួច​បន្លំ​យកប្រាក់​ចំណូល​របស់​អង្គភាព​ចំនួន​២៣​ម៉ឺន​ដុល្លារ ការគ្រប់គ្រង​ចំណូល​ចំណាយ​មិន​ច្បាស់លាស់​គ្មាន​ប្រសិទ្ធភាព​តម្លាភាព និង​គណនេយ្យភាព​ធ្វើ​ឲ្យ​ចំណូល​ធ្លាក់ចុះ​បំណុល​កើនឡើង​។ លើស​នេះ​ទៅទៀត​លោក ឡាយ ម៉ា​រី​វ៉ូ និង​លោក មាស ប៉ូ មិនបាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ការគ្រប់គ្រង​កិច្ចការ​បញ្ជី​គណនេយ្យ​និង​ឯកសារ​ពាក់ព័ន្ធ​ដែល​ឈានទៅដល់​ការបាត់បង់​ឯកសារ​ដ៏​មាន​សារៈសំខាន់ ដោយ​ចេតនា​ថែម​ទៀតផង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា​បាន​រិះគន់ថា វិធានការ​ត្រឹម​បញ្ចប់​មុខតំណែង​លោក ឡាយ ម៉ា​រី​វ៉ូ និង​លោក មាស ប៉ូ ដែល​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ គឺ​មិនអាច​លុបបំបាត់​អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​បានឡើយ​។ អ្នកច្បាប់​ពី​អង្គការក្រៅរដ្ឋាភិបាល​បានផ្ដល់​ជា​អនុសាសន៍​ថា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​បើ​រកឃើញថា មន្ត្រី​ទាំងនោះ​ប្រព្រឹត្ត​អំពើពុករលួយ​មែន ពួកគេ​ត្រឹម​ប្រឈម​នឹង​ការផ្ដន្ទាទោស​តាមច្បាប់​។ មានន័យថា ការដកហូត​តំណែង​លោក ឡាយ ម៉ា​រី​វ៉ូ និង​លោក មាស ប៉ូ ដោយ​មិន​ចាត់ការ​តាមច្បាប់​គឺជា​រឿង​បិទបាំង​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​ទូរគមនាគមន៍​កម្ពុជា​ទៅវិញ​ទេ​។ ភស្តុតាង​នៃ​អំពើពុករលួយ​របស់​ម​ន្ត្រី​ទាំង​២​នាក់​នេះ ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ដូច្នេះ​ពួកគេ​ត្រឹម​ប្រឈម​នឹង​វិធានការ​ច្បាប់​៕

94លោក ឡាយ ម៉ារីវ៉ូ ដែលល្បីល្បាញខាងពុករលួយ 2015_09_07_06_41_36_51