ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ដែល​នាំ​គ្នា​តវ៉ា​បិទផ្លូវ​មិន​ឱ្យ​រថយន្ត​ធំ​ចូល​ដឹក​ថ្ម​ក្នុង​ក្រុមហ៊ុន​កិន​ថ្ម​កាលពី​ពេល​កន្លង​ទៅ​នោះ នៅ​ពេល​នេះ​បាន​យល់ព្រម​បើកផ្លូវ​វិញ​ហើយ​បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​សំណាក់​លោក​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច ។

តាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច ឱ្យ​ដឹង​ថា អធិការរង​ដែល​ចុះ​ទៅ​សម្របសម្រួល​ឱ្យ​មានការ​បើកផ្លូវ​ឡើង​វិញ​នេះ គឺ​លោក​អនុសេនីយ៍ឯក អ៊ុំ សា​រឹទ្ធ ។ មុន​ឈាន​ដល់​ការ​យល់ព្រម​ដក​បង្គោល​ឈើ​ដែល​ដាំ​នៅ​លើ​ផ្លូវ​ដើម្បី​ឱ្យ​រថយន្ត​ដឹក​ថ្ម​បាន​ចូល​ដឹក​ថ្ម​ជា​ធម្មតា​វិញ​នោះ គឺ​លោក​អធិការរង​បាន​ធ្វើការ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​អំពី​ផ្លូវច្បាប់ និង​ផល​ចំណេញ​ទាំងអស់​គ្នា​គឺ​ទាំង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ។

ប្រជាពលរដ្ឋ​ដែល​ចូលរួម​ស្តាប់​មាន​ចំនួន​៤៨​នាក់ ស្រី​៤​នាក់​មក​ពី​ឃុំ​ធម្មតា​អ ស្រុក​សំរោង​ទង និង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច  ។ ដោយ​ការ​ណែនាំ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​យល់​អំពី​កិច្ចសន្យា​ប្រេ​ី​ប្រាស់​ផ្លូវ​ដែល​ពួក​គាត់​បាន​នាំ​គ្នា​បិទ​នៅ​ចំណុច​ខ្លោងទ្វារវត្ត​ត្រពាំង​អោបរ​វាង​ក្រុមហ៊ុន​២ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

លោក​អនុសេនីយ៍ឯក អ៊ុំ សា​រឹទ្ធ អធិការរង​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ថា រូប​លោក​បាន​ធ្វើ​ការ​សម្របសម្រួល​បាន​ធូរស្រាល​ហេ​ី​យ ដោយ​ពលរដ្ឋ​បាន​យល់ព្រម​ដក​បង្គោល​ទាំង​៥​នោះ​ចេញពី​ផ្លូវលំ​ខាង​លើដោយ​យល់​ឃើញ​ថា កិច្ចសន្យា​ទាំង​៦​ចំណុច​គឺ​ត្រូវ​បាន​យក​ចំណុច​ទី​៤,៥,៦​នៃ​កិច្ចសន្យា​ដែល​បាន​ធ្វើ​កន្លង​មក​ដើម្បី​អនុវត្ត គឺ​ភាគី​ក្រុមហ៊ុន​ត្រូវ​ថែទាំ​ជា​ប្រចាំ​ដោយ​កៀរ និង​កិន​បង្ហាប់​ដើម្បី​ឱ្យ​ស្ថានភាព​ផ្លូវ​នៅ​ល្អ ។ ករណី​មានការ​ខូចខាត​ត្រូវ​ជួសជុល​បន្ទាន់ និង​ធានា​ការ​ធ្វើ​ចរាចរណ៍​ធម្មតា​ថែទាំ​និង​ជួសជុល​ផ្លូវ​ប្រវែង​៤,៥៦​គីឡូម៉ែត្រ​ចាប់ពី​ចំណុច​ភ្ជាប់​ផ្លូវជាតិ​លេខ​៤ ភូមិ​សំបួរ ឃុំ​មហា​សាំង ដល់​ចំណុច​ភូមិ​សេរី​វ័​ន្ត ឱ្យ​មាន​សភាព​ល្អ​ដូច​មុន​ពេល​ប្រើប្រាស់ ។

នេះ​ជា​ចំណុច​ដែល​ប្រជាពលរដ្ឋ​ចង់បាន និង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​ចំណុច​ខាង​លើ បើ​មិន​ដូច្នេះ​រយៈពេល​១០​ឬ​១៥​ថ្ងៃក្រោយ​នឹង​នាំ​គ្នា​រារាំង​តវ៉ា​ម្តងទៀត ។

សូម​រំលឹក​ថា ក្រុម​អ្នក​ភូមិ​ប្រមាណ​ជិត​២០០​នាក់​រស់នៅ​ក្នុង​ឃុំ​ធម្មតា​អ ស្រុក​សំរោង​ទង និង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ចំនួន​២​ភូមិ​បាន​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ (​ផ្លូវលំ​ចុះ​ពី​ផ្លូវជាតិ​លេខ​៤) មិន​ឲ្យ​រថយន្ត​ដឹក​ថ្ម​បើក​ឆ្លងកាត់​ដោយសារ​តែ​ពួក​គាត់​ទ្រាំ​នឹង​ដី​ហុយ​មិន​បាន​ពេល​រថយន្ត​បើក​ឆ្លងកាត់​ម្តង​ៗ ។

ការ​តវ៉ា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​កិន​ថ្ម​ចំនួន​២ និង​អាជ្ញាធរ​ដោះស្រាយ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ២០១៦ នៅ​មុខ​ខ្លោងទ្វារវត្ត​ត្រពាំង​អោប ស្ថិត​ក្នុង​ឃុំ​មហា​សាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ៕