​ក្រសួងការបរទេស ជួយ​ស្ដ្រី​ខ្មែរ​អ៊ីស្លាម ចេញពី​ប្រទេស អា​រ៉ា​ប៊ី សា​អូឌីត មក​ស្រុកកំណើត​វិញ​

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន អោយដឹង កាលពី ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ស្តីពី​ករណី​ស្ត្រី​ខ្មែរ ១ រូប ឈ្មោះ ហ៊ីម ស្រី ដែល​បាន​ទៅធ្វើ​ការ ជា​អ្នកបម្រើ​តាម​ផ្ទះ នៅ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​ឲ្យ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋ​កូ​វ៉ែត ឲ្យ​យកចិត្តទុកដាក់ អន្តរាគមន៍​ជួយ​ស្ត្រី​ឈ្មោះ ហ៊ីម ស្រី ដែលជា​ស្ដ្រី​ខ្មែរ​អ៊ីស្លាម មួយរូប កំពុង​ជួប​ការលំបាក ក្នុង​ការងារ ដោយមាន​សុខភាព​ខ្សោយ និង​មិនអាច​ប្រឈម ជាមួយ អាកាសធាតុ​ត្រជាក់ នៅ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត ឲ្យ​បាន​វិលត្រឡប់ មក​មាតុប្រទេស​វិញ តាម​បំណងប្រាថ្នា​។​

​ក្រោយពី​មានការ​អន្តរាគមន៍ យ៉ាង​ស្វិតស្វាញ​របស់​ស្ថានទូត ក្រុមហ៊ុន​នាំ​ពលករ និង​ម្ចាស់ផ្ទះ បាន​យល់ព្រម​រៀបចំ ឲ្យ​ស្ត្រី​ឈ្មោះ ហ៊ីម ស្រី វិល​ត្រឡប់មក​កម្ពុជា​វិញ ដោយ​ផ្តល់​សំបុត្រ​យន្តហោះ ពី​ទីក្រុង​រី​យ៉ា​ត មក​ទីក្រុង​បាងកក ហើយ​ក្រុមហ៊ុន មក​ទទួល​បន្ត​នៅ​បាងកក ធ្វើដំណើរ​មក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។
​ស្ត្រី​ឈ្មោះ ហ៊ីម ស្រី នឹង​មកដល់​បាងកក នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ១១:៣៥ នាទី តាម​ជើងយន្តហោះ QR ០៨៣៤៕V/S