ប៉ូលិស​បង្ក្រាប​វង់ល្បែង​ស៊ីសង ឃាត់ខ្លួន​ម្ចាស់ផ្ទះ យកទៅ​ផ្តន្ទាទោស

កំពង់ចាម: កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​ចុះបង្ក្រាប​ផ្ទះ​បើក​ល្បែង ស៊ីសង មួយកន្លែង​ឃាត់ខ្លួន​​ក្រុម​អ្នកញៀន​ល្បែងស៊ីសង ប្រុស​ស្រី​ចំនួន​៥​នាក់​។ ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃទី​១៩ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

​សូមបញ្ជាក់ថា កន្លងមក ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន ពៅ មាន​ប្រពន្ធ​ឈ្មោះ កាន ធឿន នេះ ធ្លាប់បាន​លោកនាយ​ប៉ុស្តិ៍ ណែនាំ​ផ្ទាល់ និង​គំរាមថា នឹង​ចាប់​ច្រើនដង​ហើយ តែ​គេ​នៅតែ​ចចេស និង​នៅតែ​បន្ត​បើក​វង់ល្បែង ១​វង់ ២​វង់ ដើម្បី​យក​តុង​ជា​ថ្នូរ​នឹង​ថ្លៃ​ការពារ​។​

​ក្នុង​សភាព​បែបនេះ ទើប​កម្លាំង​នគរបាល ចេញ​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​បាន​អ្នកញៀន​ល្បែង ចំនួន ៥​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់ គឺ​ឈ្មោះ កាន ធឿន ។​

​លោក​អភិបាលស្រុក លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត និង​លោកស្នងការ​ខេត្ត បាន​ឯកភាព​ឲ្យ​ធ្វើ​ការអប់រំ និង​បង្ខំ​អោយធ្វើ​កិច្ចសន្យា ដើម្បី​មាន​វិធានការ ទៅ​ថ្ងៃក្រោយ ហើយ​អោយ​ដោះលែង អ្នកលេង​តូចតាច ៤ នាក់ ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ នា​ល្ងាច​ថ្ងៃ​ដដែល​។​

​ដោយឡែក ម្ចាស់ផ្ទះ ត្រូវ​កម្លាំង​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។ ជននេះ នឹង​ប្រឈម និង​ការ​ទទួលទោស តាម​មាត្រា​៥ នៃ​ច្បាប់​ល្បែងស៊ីសង​៕V​/S

ប៉ូលិស​បង្ក្រាប​វង់ល្បែង​ស៊ីសង ឃាត់ខ្លួន​ម្ចាស់ផ្ទះ យកទៅ​ផ្តន្ទាទោស

ប៉ូលិស​បង្ក្រាប​វង់ល្បែង​ស៊ីសង ឃាត់ខ្លួន​ម្ចាស់ផ្ទះ យកទៅ​ផ្តន្ទាទោស