​អគ្គមេបញ្ជាការ​កងទ័ព ជំរុញ​ឱ្យ​ទាហាន​ទាំងអស់ ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​បោះឆ្នោត​

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បូកសរុប​លទ្ធផល ការងារ​យោធា​ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ​ផែនការ សកម្មភាព​ការងារ​យោធា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ​២ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​ក្នុងនោះ លោក​បាន​ជំរុញ​ឱ្យ​ទាហាន​ទាំងអស់ ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ ឱ្យបាន​គ្រប់ៗ​គ្នា  ដើម្បី​ចូលរួម​បោះឆ្នោត​។​

​នៅក្នុង​ឱកាស​នោះ លោក​បាន​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ នឹករលឹក និង​ការកោតសរសើរ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៃ​កងពល​
​ធំ អន្តរាគមន៍​លេខ​២ ដែល​បាន​ខិតខំ យកចិត្តទុកដាក់ ក្នុង​ការកសាង​អង្គភាព និង​ធ្វើ​ពលិកម្ម ប្រកបដោយ​វីរភាព អង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត ក្នុង​បុព្វហេតុ​នៃ​កិច្ចការពារ​ព្រំដែន និង​បូរណភាព​ទឹកដី នៃ​មាតុភូមិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ក៏បាន​ដាស់តឿន ជួរ​ថ្នាក់ដឹកនាំ នៃ​បណ្តា​កងឯកភាព ត្រូវ​សិក្សា​ដើម្បី ចេះ​ប្រើប្រាស់ ប្រព័ន្ធ Internet បណ្តាញ​សង្គម Facebook ជាពិសេស​គឺ​យក​គំរូ Facebook សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទទួល​មតិយោបល់ របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន មក​ដោះស្រាយ និង​ម្យ៉ាងទៀត វា​បានផ្តល់​អត្ថប្រយោជន៍ យ៉ាងច្រើន​លើ​ផ្នែក​ព័ត៌មាន ជាពិសេស និង​ធ្វើឱ្យ​យើង​អាច សិក្សា​រៀនសូត្រ តាម​ប្រព័ន្ធ Internet នូវ​មេរៀន​ណាមួយ ដែល​ចាំបាច់​បំផុត សំដៅ​អភិវឌ្ឍ​សមត្ថភាព របស់ខ្លួន កាន់តែ​មុត​ស្រួច មានន័យថា «​ធ្វើយ៉ាងណា​ឱ្យ​ពិភពលោក ស្ថិតនៅលើ​បាតដៃ​របស់​យើង​»​។​

​លោក​បាន​សង្កត់ធ្ងន់ថា មេបញ្ជាការ មេបញ្ជាការរង និង​ថ្នាក់ដឹកនាំ ដែលមាន​ការពាក់ព័ន្ធ ត្រូវ​រក​ឲ្យ​ឃើញ នូវ​មុខសញ្ញា ចែកចាយ​-​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​អង្គភាព​របស់ខ្លួន គឺ​មិនត្រូវ​ឲ្យ​មាន​ជាដាច់ខាត ហើយ​បញ្ហា​មួយទៀត ដែល​យើងទាំងអស់គ្នា ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ នោះ​គឺ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដូច្នេះ​បណ្តា​កងឯកភាព ត្រូវ​សហការ​ជាមួយ​ស្ថាប័ន មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឱ្យ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី  ឱ្យបាន​គ្រប់ៗ​គ្នា ប្រយោជន៍​ដើម្បី ប្រើប្រាស់​ជា​ផ្លូវការ ក្នុង​កិច្ចការរដ្ឋបាល​ស៊ីវិល ជាពិសេស ដើម្បី​ចូលរួម​បោះឆ្នោត​ថ្នាក់ជាតិ នាពេល​ខាងមុខនេះ​៕V​/S

​អគ្គមេបញ្ជាការ​កងទ័ព ជំរុញ​ឱ្យ​ទាហាន​ទាំងអស់ ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ ឱ្យបាន​គ្រប់ៗ​គ្នា  ដើម្បី​ចូលរួម​បោះឆ្នោត​

​អគ្គមេបញ្ជាការ​កងទ័ព ជំរុញ​ឱ្យ​ទាហាន​ទាំងអស់ ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ ឱ្យបាន​គ្រប់ៗ​គ្នា  ដើម្បី​ចូលរួម​បោះឆ្នោត​