ឱសថ​ស្ថាន​​​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ​ប្រកាស​​ទូទាត់​​ប្រាក់​រៀល​សុទ្ធ​


ឱសថ​ស្ថាន​​​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ​ប្រកាស​​ទូទាត់​​ប្រាក់​រៀល​សុទ្ធ​

ឱសថ​ស្ថាន​មួយ​​នៅ​ខេត្ត​ព្រះ​​សីហនុ​ឈ្មោះ​«ចំរើន​ ច័ន្ទលីដា»​បាន​ប្រកាស​ជា​សាធារណៈ​​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​ថា​ រាល់​ការ​ទូទាត់​តម្លៃ​ទំនិញ​​​ក្នុង​​ឱសថ​ស្ថាន​​នេះ​ត្រូវ​ប្រើ​ប្រាស់​រៀល​ខ្មែរ​ទាំង​អស់​​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ដូរ​ និង​លើក​តម្កើង​តម្លៃ​ប្រាក់​រៀល​ខ្មែរ។

 

អ្នក​ស្រី​ ចំរើន ច័ន្ទលីដា ដែល​ជា​ម្ចាស់​ឱសថ​នៅ​ខេត្ត​​នេះ​​បាន​ប្រាប់​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​អ្នក​ស្រី​សម្រេច​​ការ​​ប្រើ​ប្រាស់​​ទិញ​ដូរ​ជា​ប្រាក់​រៀល​​ខ្មែរ​សុទ្ធ​នេះ​ដោយ​សារ​តែ​អ្នក​ស្រី​ជួប​ការ​លំបាក​ច្រើន​​ក្នុង​ការ​ប្រើ​ប្រាស់​ដុល្លារ​ និង​​ចង់​លើក​កម្ពស់​តម្លៃ​ប្រាក់​រៀល​ខ្មែរ។

 

ម្ចាស់​ហាង​ឱសថ​ស្ថាន​រូប​នេះ​រៀប​រាប់​ថា ៖«ខ្ញុំ​ជួប​ការ​លំបាក​ច្រើន​ណាស់​កន្លង​មក​ក្នុង​ការ​ប្រើ​ប្រាស់​ដុល្លារ​ ដូច​ជា​ពេល​ត្រូវ​អាប​លុយ​ យើង​ពិបាក​អាប់​លុយ​រៀល​​ឲ្យ​​ជន​បរទេស​​​ណាស់​ ព្រោះ​កន្លែង​ខ្ញុំ​សំបូរ​អតិថិជន​ជា​ជន​បរទេស។ ពួក​គេ​​មិន​ចង់​យក​ប្រាក់​រៀល​ខ្មែរ។ ដូច​ជា​កន្លះ​ដុល្លារ​ តើ​យើង​បាន​លុយ​កន្លះ​ដុល្លារ​មក​ពី​ណា​ដើម្បី​អាប់​ អី​ចឹង​យើង​មាន​តែ​អាប់​​លុយ​ខ្មែរ​ តែ​ពួក​គេ​មិន​ចង់​យក»។

 

អ្នក​ស្រី​បន្ត​ថា​ អ្នក​ស្រី​ក៏​ដូច​ជា​បុគ្គលិក​របស់​អ្នក​ស្រី​បាន​ទាម​ទារ​ ពន្យល់​ និង​ឈ្លោះ​ប្រកែក​ជា​មួយ​អតិថិជន​បរទេស​ជា​​ច្រើន​​លើក​មក​ហើយ​ និង​ហត់​នឿយ​ក្នុង​ការ​​​ទូទាត់​​ប្រាក់​ដុល្លារ។ ជា​ពិសេស​អ្នក​ស្រី​ឈឺ​ចាប់​នឹង​ការ​​មិន​ឲ្យ​តម្លៃ​ដល់​ប្រាក់​រៀល​ខ្មែរ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​អ្នក​ស្រី​សម្រេច​​ប្រើ​ប្រាស់​ប្រាក់​ខ្មែរ​សុទ្ធ។

 

ច័ន្ទលីដា​មាន​ប្រសាសន៍​ថា ៖«​ទោះ​ពិបាក​ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ធ្វើ​បែប​នេះ​ ពី​ព្រោះ​ចង់​ឲ្យ​ជន​បរទេស​យល់​ និង​​ផ្តល់​តម្លៃ​ប្រាក់​រៀល​ខ្មែរ។ ពេល​​ខ្ញុំ​ទៅ​សិង្ហបុរី​ ខ្ញុំ​ត្រូវ​រត់​រក​ដូរ​ប្រាក់​ដុល្លារ​សិង្ហបុរី​ ខ្ញុំ​ក៏​ចង់​ឲ្យ​​បរទេស​ធ្វើ​អីចឹង​ដែរ។ ជន​ជាតិ​ខ្មែរ​នាំ​គ្នា​ឲ្យ​តម្លៃ​ប្រាក់​ខ្មែរ​ ក្មេង​ជំនាន់​ក្រោយ​​ឲ្យ​តម្លៃ​ប្រាក់​ខ្មែរ»។

 

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ​សម្រាប់​ អ្នក​ស្រី​ ចំរើន ច័ន្ទលីដា​​​ក្នុង​ការ​ប្រើ​ប្រាស់​​ប្រាក់​រៀល​ខ្មែរ​សុទ្ធ​នេះ។ អ្នក​ស្រី​ថា ៖«​ខ្ញុំ​ប្រឈម​នឹង​​​បាត់​បង់​​ភ្ញៀវ​ ត្រូវ​ព្យាយាម​ពន្យល់​ហេតុ​ដល់​អតិថិជន​បរទេស​ និង​ខ្មែរ។ ​ដើម្បី​បង្ក​ការ​ងាយ​ស្រួល​ដល់​ភ្ញៀវ​ ខ្ញុំ​ត្រូវ​បើក​កន្លែង​ដូរ​ប្រាក់​មួយ​នៅ​ខាង​មុខ​ហាង​ ហើយ​ដូរ​ប្រាក់​១​ដុល្លារ​ ត្រឹម​តែ​៤០០០​រៀល​គត់​​ដោយ​មិន​គិត​​កន្ទុយ​ ឬ​ការ​ប្រាក់​ឡើយ។ ពេល​ខ្ញុំ​បើក​កន្លែង​ប្រាក់​អីចឹង​ ខ្ញុំ​ត្រូវ​ការ​មនុស្ស​​បន្ថែម​ ហើយ​​​ប្រឈម​នឹង​សុវត្ថិភាព​​ថែម​ទៀត»។ ​ដើម្បី​ដំណើរ​ការ​ប្រាក់​​រៀល​សុទ្ធ​ អ្នក​ស្រី​បាន​ជូន​ដំណឹង​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦។​

 

ទោះ​បី​ជា​យ៉ាង​ណា​​ ម្ចាស់​ឱសថ​ស្ថាន​រូប​នេះ​ទទួល​ការ​​លើក​ទឹក​ចិត្ត​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​សីហនុ​ និង​អ្នក​ស្គាល់​មួយ​ចំនួន​ ជា​ពិសេស​មិត្ត​ភក្តិ​តាម​ Facebook បាន​កោត​សរសើរ​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ស្រី។

​​

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​​​ថា «ដូច​មាន​ចែង​ក្នុង​មាត្រា​ទី​៤៣​ និង​៦៤​ នៃ​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជ​ក្រម​លេខ​ នស/រកម/០១៩៦/២៧​ ចុះ​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​១៩៩៦​ “ក្នុង​ពេល​ដែល​មិន​បាន​ដក​ចេញ​ពី​ចរាចរ​ទេ​នោះ​ ក្រដាស​ប្រាក់​[…]​ដែល​បោះ​ផ្សាយ​ដោយ​ធនាគារ​កណ្តាល​ គឺ​ជា​រូបិយ​វត្ថុ​មាន​តម្លៃ​នីត្យានុកូល​ក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា​ និង​មាន​តេជានុភាព​ធ្វើ​សេរីកា​គ្មាន​ព្រំដែន​[…]។” “ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយ​វត្ថុ​ដែល​មាន​តម្លៃ​នីត្យានុកូល និង​មាន​តេជានុភាព​ធ្វើ​សេរីកា​លើ​ដែន​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជន​នោះ​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ស្មើ​នឹង​ ១០០​ដង​នៃ​ទឹក​ប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ៕

 

ឱសថ​ស្ថាន​​​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ​ប្រកាស​​ទូទាត់​​ប្រាក់​រៀល​សុទ្ធ​

ឱសថ​ស្ថាន​​​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ​ប្រកាស​​ទូទាត់​​ប្រាក់​រៀល​សុទ្ធ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​