នៅតែមាន​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​

ប្រភពពី​មន្ត្រី​កិច្ចការ​ព្រំដែន​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ មាន​ពលរដ្ឋ​ខ្មែរ​៤​នាក់​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ត្រូវ​ទាហាន​សៀម​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ច្រាស ឃុំ​ច្រាស ស្រុក​ពួត​ឆេ​ត ខេត្ត​សុរិន្ទ​។ ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​ខ្មែរ​នៅតែ​ត្រូវ​ឈ្មួញ​ទុច្ចរិត​បញ្ចុះបញ្ចូល​ឲ្យ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ពួកគេ​។ លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​សមត្ថកិច្ច​ខេត្ត​នេះ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ទេ ហើយ​លោក ស ថា​វី ត្រូវបាន​ប្រភព​មួយចំនួន​រិះគន់ថា ជា​មេខ្លោង​ជួញដូរ​ឈើ​ប្រណីត​នៅក្នុង​ខេត្តឧត្ដរមានជ័យ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​សៀម​ឃាត់ខ្លួន​នោះ មាន​ប្រុស​២​នាក់ ស្រី​២​នាក់ ក្នុងនោះ​ទី​១-​ឈ្មោះ ណា នឿន ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី​២-​ឈ្មោះ ទូត ម៉ៃ ភេទ​ស្រី អាយុ​២២​ឆ្នាំ ទី​៣-​ឈ្មោះ គង់ កុយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៤-​ឈ្មោះ សន ពៀក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ដងទង់ សង្កាត់​កូន​ក្រៀវ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ត្រូវ​ទាហាន​សៀម​ឃាត់ខ្លួន​ពេល​ពួកគេ​កំពុង​លឺ​និង​ស្ពាយ​ឈើ​គ្រញូង​ពី​ទឹកដី​សៀម​ចូលមក​ទឹកដី​កម្ពុជា​។ កន្លែង​ដែល​ទាហាន​សៀម​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់​នោះ គឺជា​ទីតាំង​ដែល​ទាហាន​សៀម​ធ្លាប់​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ជាច្រើនលើក​មកហើយ​។

គួរ​រំលឹក​ដែរ​ថា កន្លងមក​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ពី​ខេត្តឧត្ដរមានជ័យ ចូលទៅ​ទឹកដី​សៀម​កាប់​ឈើ​គ្រញូង​នៅ​ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត ជា​ញឹកញាប់​ហើយ​ត្រូវ​ទាហាន​សៀម​បាញ់សម្លាប់ បាញ់​ឲ្យ​របួស និង​ចាប់ខ្លួន​រាប់រយ​នាក់​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​នៅតែមាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ឈ្មួញ​ទុច្ចរិត ដែល​រង់ចាំ​ទិញ​នៅតាម​តំបន់​ព្រំដែន​ដដែល ព្រោះ​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ទុច្ចរិត​ទាំង​នោះឡើយ ហើយ​ឈ្មួញ​ខ្លះ​ត្រូវគេ​ដឹងថា ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ទៀតផង​។ ប្រការនេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​លើ​ក្រុម​ឈ្មួញ​ទុច្ចរិត​នៅ​ខេត្តឧត្ដរមានជ័យ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ឧក្រិដ្ឋកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​កើតមាន​តទៅទៀត​៕

khada0054 khada0055