រឿង​លោក លូ គឹមឈន់ ចាក់ដី​លុប​ឆ្នេរ លុប​ព្រៃ​លិច​ទឹក ប្រឈម​នឹង​ការរិះគន់​កាន់តែខ្លាំង​

ករណី​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ចាក់ដី​លុប​ឆ្នេរ លុប​ព្រៃកោងកាង​រាប់រយ​ហិកតា​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃនប់ និង​ខេត្ត​ព្រះសីហនុ រិះគន់​យ៉ាងខ្លាំង​។ ទាក់ទង​នឹង​បញ្ហា​នេះ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ដែលមាន​ប្រធាន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​អញ្ជើញលោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យ​មក​បំភ្លឺ​ផងដែរ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​ឲ្យ​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណៈកម្មការ​ជំនាញ មាន​គម្រោង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត​មក​បំភ្លឺ​លើ​ករណី​បំផ្លាញ​ព្រៃ​លិច​ទឹក​ឬ​ព្រៃកោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ផងដែរ​។

​សូមបញ្ជាក់ថា កាលពី​សប្ដាហ៍​មុន​ក្រុមការងារ​ឬ​មេការ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​ដឹក​ដី​ចាក់​រំលោភ​ចូល​ឆ្នេរសមុទ្រ​និង​បំផ្លាញ​ព្រៃកោងកាង​ថែមទៀត ប៉ុន្តែ​ក្រោយមក​ត្រូវ​មន្ត្រី​អាជ្ញាធរខេត្ត​ចេញ​បញ្ជា​ឲ្យ​កាយ​ដី​ចេញពី​ឆ្នេរសមុទ្រ​វិញ ដែលមាន​ទីតាំងនៅ​ចំណុច​ចម្ការ​ដូង​ចេង​ហេង​។ ប្រការនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ព្រោះ​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ អាង​អំណាច​និង​តួនាទី​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​លោក លូ គឹមឈន់ បាន​ដោះសា​បិទបាំង​ទង្វើ​របស់​ខ្លូន​ថា ការចាក់ដី​នៅ​មូលដ្ឋាន​ភូមិ​គគីរ ត្រង់ចំណុច​ចម្ការ​ដូង​ចេង​ហេង គឺ​ស្ថិតក្នុង​គម្រោង​ពង្រីក​ទីតាំង​កំពង់ផែ​នេះ​ឲ្យ​បាន​ទូលាយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា សកម្មភាព​របស់លោក លូ គឹមឈន់ នាពេល​កន្លងមក​បាន​បំផ្លាញ​ឆ្នេរ​ធម្មជាតិ ព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង យ៉ាង​មហន្តរាយ​ដែល​បញ្ហា​នេះ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​តាមច្បាប់​។ ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​តាមច្បាប់​ចំពោះ​បទល្មើស​ចាក់ដី​លុប​ឆ្នេរ លុប​ព្រៃ​លិច​ទឹក​នោះ​ផងដែរ ដើម្បី​កុំ​ឲ្យ​មន្ត្រី​ខិលខូច​អាង​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ តាម​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណី​ចាក់ដី​រំលោភ​តំបន់ឆ្នេរ​ក្នុងភូមិ​គគីរ​នោះ គឺ​ថ្នាក់ដឹកនាំ​កំពង់ផែ​សុំ​អភ័យទោស​និង​កាយ​យក​អាចម៍ដី​ចេញ​វិញ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ​មាន​វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ដើម្បី​ជាការ​ព្រមាន​៕

1134លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ 67ca79dd-8336-4b0e-8774-2655e1587127