ល្បិចកល​អាក្រក់​របស់​ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន​ហេង​តារា ត្រូវបាន​លាតត្រដាង​

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ល្បិចកល​អាក្រក់​របស់​ឧកញ៉ា សា លាង ដែលជា​អ្នកវិនិយោគទុន​ផ្សារ​បាន​លុង ក្នុង​បំណង​យក​ដី​សាធារណៈ​របស់​រដ្ឋ​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​នោះ គឺ​មិនអាច​ធ្វើទៅ​បានឡើយ​។ ជាក់ស្តែង​អាជ្ញាធរ​ខេត្តរតនគិរី និង​អាជ្ញាធរ​ក្រុង​បាន​លុង បាន​ដកហូត​ដី​មុខ​ផ្សារ​ទំហំ​៥៤​គុណ​នឹង​១០០​ម៉ែត្រ ពី​ក្រុមហ៊ុន​ហេង​តារា មក​គ្រប់គ្រង​វិញ​ធ្វើ​ឲ្យ​មេ​ឈ្មួញ​រូបនេះ​ក្ដៅក្រហាយ​យ៉ាងខ្លាំង​ដោយសារ​បាត់បង់​ផលប្រយោជន៍​។ លើស​នេះ​ទៅទៀត​ឧកញ៉ា សា លាង មិនដែល​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​ក្នុងការ​ប្រមូល​ភាស៊ី​ស្របតាម​សៀវភៅ​បន្ទុក​របស់​ក្រសួង​ហិរញ្ញវត្ថុ​ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឧកញ៉ា សា លាង ទំនងជា​ខាតបង់​ផលប្រយោជន៍​ពី​ការយក​ភាស៊ី ពី​ក្រុមអាជីវករ និង​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​នោះ បាន​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ជាច្រើន ដើម្បី​យក​ដី​សាធារណៈ​របស់​រដ្ឋ​មក​គ្រប់គ្រង​ធ្វើ​អាជីវកម្ម​វិញ​។ មិនតែប៉ុណ្ណោះ​ឧកញ៉ា សា លាង បាន​ប្ដឹង​អភិបាលក្រុង​បាន​លុង ពីបទ​រំលោភសិទ្ធិ​លើ​វិនិយោគទុន​ធ្វើ​អាជីវកម្ម​ប្រមូល​ភាស៊ី និង​ភាស៊ី​ផ្ញើ​កង់​ម៉ូតូ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ឧកញ៉ា សា លាង បាន​ប្រើប្រាស់​មេដៃ​របស់​ប្រជាពលរដ្ឋ​ទៅប្តឹង​សុំ​ឲ្យ​ថ្នាក់លើ​ដកហូត​តំណែង​អភិបាលក្រុង​បាន​លុង​ទៀតផង​។

​អាជីវករ​ផ្សារ​បាន​លុង​មួយចំនួន​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ក្រុមហ៊ុន​ហេង​តារា របស់​ឧកញ៉ា សា លាង បាន​រំលោភបំពាន​លើដី​សាធារណៈ​របស់​រដ្ឋ​នៅមុខ​ផ្សារ​ជាថ្មី​ម្តងទៀត ដោយ​អាជ្ញាធរខេត្ត​ដែលមាន​លោក ថង សាវុន ជា​អភិបាលខេត្ត មិនទាន់​បង្កើត​គណៈកម្មកា​រ​ដើម្បី​ប្រគល់​-​ទទួល​ផង​។ ឧកញ៉ា សា លាង ហាក់ដូចជា​មើលស្រាល​អាជ្ញាធរ​ក្រុង​បាន​លុង និង​អាជ្ញាធរ​ខេត្តរតនគិរី​ជាខ្លាំង ដោយ​នៅតែ​ធ្វើ​សកម្មភាព​ប្រមូល​ភាស៊ី​នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​កំពុងមាន​ភាពចម្រូងចម្រាស​រវាង​ក្រុមហ៊ុន​ហេង​តារា និង​អាជ្ញាធរ​។ ជាងនេះទៅទៀត​ឧកញ៉ា សា លាង នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​បំពាន​យក​ផ្លូវ​សាធារណៈ​ជួល​ឲ្យ​អាជីវករ​លក់ដូរ​និង​យកលុយ​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​មិន​គោរព​តាម​សៀវភៅ​បន្ទុក​ទាល់តែសោះ​៕

img_0108

SONY DSC