មាន​ករណី​ឈ្មួញ​ជីកដី​ភ្នំ​លក់​នៅក្នុង​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង​

សកម្មជន​បរិស្ថាន​នៅ​ខេត្តកោះកុង​បាន​រាយការណ៍​មក​ថា​នៅ​ខេត្តកោះកុង​ក្នុងពេល​សព្វថ្ងៃនេះ​មិន​ត្រឹម​តែមាន​ករណី​បូម​ខ្សាច់​សមុទ្រ​យកទៅលក់​នៅ​បរទេស​នោះទេ តែ​ក៏មាន​ករណី​ជីកដី​ភ្នំ​លក់​នៅក្នុង​ស្រុកស្រែ​អំបិល​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សកម្មភាព​ជីកដី​ភ្នំ​លក់​នៅក្នុង​ស្រុកស្រែ​អំបិល​មិនមាន​ការសិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន​ដែល​អាច​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​បរិស្ថាន​ធ្ងន់ធ្ងរ​នៅពេល​អនាគត​ដូច​បណ្តា​ប្រទេស​មួយចំនួន​ផងដែរ ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​អាច​នឹងមាន​មហន្តរាយ​រអិល​បាក់​ដី​ហូរ​ចូលទៅ​កាន់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​

​មន្ត្រី​ជំនាញ​នៅ​ខេត្តកោះកុង​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​ស្រែអំបិល​រិះគន់ថា មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​ករណី​បំផ្លាញ​បរិស្ថាន​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នោះទេ​។ ប្រភព​ដដែល​បានបញ្ជាក់​ថា​ករណី​ជីកដី​ភ្នំ​លក់​នៅ​ខេត្តកោះកុង​នេះ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ដូច្នេះ​មន្ត្រី​ជំនាញ​មួយចំនួន​មិន​ហ៊ាន​អន្តរាគមន៍​នោះទេ ហើយ​ក៏មាន​មន្ត្រី​ខ្លះ​ចូលរួម​ឃុបឃិត​ទាំង​បំពាន​ច្បាប់​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ លោក ទួន សិលា អភិបាលស្រុក​ស្រែអំបិល លោក ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង លោក ព្រំ នន មេឃុំ​ស្តីទី​ឃុំ​ជ្រោយ​ស្វាយ ត្រូវបាន​អ្នកសារព័ត៌មាន​សាកសួរ​ពី​បញ្ហា​ជីក​ភ្នំ​ខាងលើ តែ​ពួកគេ​បាន​ឆ្លើយ​យករួចខ្លួន​ដោយ​រុញ​ដាក់គ្នា​ទៅវិញទៅមក ពិសេស លោក ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង បាន​ឆ្លើយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ថាបើ​ភ្នំ​ណា​អាច​កាយ​បាន​ឲ្យ​គេ​ដោយ​សម​ហេតុផល​ទៅ​។​

សកម្មជន​បរិស្ថាន​បាន​លើកឡើងថា គ្មាន​ហេតុផល​ណា​ដែល​ភ្នំ​ធម្មជាតិ​គួរ​ជីកដី​យកទៅលក់​នោះទេ ព្រោះ​ភ្នំ​ជា​សម្បត្តិ​ធម្មជាតិ​ត្រូវ​អភិរក្ស ហើយ​បើ​ត្រូវ​ជីក​យក​លក់​មែន​គួរ​មានការ​សិក្សា​ពី​មន្ត្រី​ជំនាញ​ឲ្យ​បាន​ហ្មត់ចត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​មិនទាន់​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​នោះទេ តែបើ​មន្ត្រី​ជំនាញ​មិនបាន​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ នោះ​បញ្ហា​អាច​នឹង​ធ្ងន់ធ្ងរ​នៅពេល​អនាគត​ដោយសារ​ការបំផ្លាញ​រប​ស់មនុស្ស​៕

32db14ad-ffab-4f12-ac40-4ea5f087c08f vichika-5