ក្រសួង​ការងារ​រៀបចំ​គម្រោង​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​អារ៉ាប៊ីសាអ៊ូឌីត

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​រៀបចំ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​នូវ​លក្ខខណ្ឌ​ច្បាប់ និង​ផែនការ​មួយ​ចំនួន​ផ្សេង​ទៀត ទាក់ទង​នឹង​គម្រោង​នាំ​ពលករ​ខ្មែរ​ចេញ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (SAUDI ARABIA)។

​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំមើល​បញ្ហា​ពលករ​ចំណាកស្រុក ចង់​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​បញ្ហា​នេះ ឲ្យ​បាន​ច្បាស់​ដោយ​ដក​ស្រង់​បទពិសោធន៍​ពី​ប្រទេស​ដែល​មាន​បញ្ហា​ប្រឈម​កន្លង​មក​មុន​នឹង​សម្រេច​ចិត្ត​បញ្ជូន​ពលករ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មិន​ទាន់​ហ៊ាន​ប្រកាស​ជ្រើសរើស​ពលករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើ​ការងារ​ស្របច្បាប់​នៅ​ប្រទេស​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នោះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​បី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង (MOU) ជាមួយ​គ្នា​រួច​ហើយ​ក្ដី។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​កម្ពុជា លោក ហេង សួរ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ ទី​១៩ ខែ​កុម្ភៈ ថា ក្រសួង​ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​ការងារ​គ្រប់គ្រង បណ្ដុះបណ្ដាល លក្ខខណ្ឌ និង​ឯកសារ​ផ្លូវការ​នានា​ដែល​ធានា​ដល់​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ សុវត្ថិភាព និង​ស្រប​ទៅ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​ផង៖ «នេះ​គ្រាន់តែ​ជា​កិច្ច​ព្រមព្រៀង​បើកផ្លូវ ហើយ​យើង​នឹង​ត្រូវ​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​ទៅ​លើ​លក្ខខណ្ឌ ពិនិត្យ​ទៅ​លើ​យន្តការ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ដល់​អ្នក​ដែល​ចង់​ទៅ​ធ្វើ​ការងារ​នៅ​ទី​នោះ នៅ​ពេល​ដែល​ការងារ​ទាំង​នេះ​មិន​ទាន់​បាន​សម្រេច គឺ​យើង​មិន​ទាន់​គិត​ពី​បញ្ហា​បញ្ជូន​ពួកគាត់​ទៅ ឬ​ប្រកាស​ជ្រើសរើស​នោះ​ទេ»

​លោក ហេង សួរ បញ្ជាក់​ថា ប្រទេស​កម្ពុជា និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ចុះ​កិច្ច​ព្រមព្រៀង ជាមួយ​គ្នា​ក្នុង​នាម​ប្រទេស​បញ្ជូន និង​ទទួល ឬ​ការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ទី​នោះ។

​ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ សំដែង​ការ​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ ប៉ុន្តែ​លោក​នៅ​តែ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពលករ​ខ្មែរ។ លោក​ថា ការ​រំលោភ​សិទ្ធិ​ការងារ ស្ថានភាព​រស់​នៅ និង​បញ្ហា​ប្រឈម​ដទៃ​ទៀត​នឹង​អាច​កើត​មាន ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​សិក្សា​បញ្ហា​នេះ​ឲ្យ​បាន​ដិតដល់។

លោក​ចង់​ឲ្យ​មាន​ការ​បើក​ទូលំទូលាយ ក្នុង​ការ​ចូលរួម​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​ពិសោធន៍​ច្រើន​ក្នុង​កិច្ចការ​នេះ និង​បញ្ហា​ដែល​ធ្លាប់​កើត​មាន​ក្នុង​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​នោះ៖ «ខ្ញុំ​យល់​ថា សូម្បីតែ​ប្រទេស​ថៃ ដែល​មាន​ទំនៀម​ទម្លាប់​ប្រហាក់ប្រហែល​គ្នា​ក៏​នៅ​តែ​មាន​បញ្ហា​ច្រើន​សម្រាប់​ពលករ​ខ្មែរ​នៅ​ទីនោះ ចុះ​ទម្រាំ​តែ​ប្រទេស​មួយ​ដែល​ឆ្ងាយ​ដែល​យើង​មិន​មាន​ទំនាក់ទំនង​ជា​ពិសេស​មិន​ទាន់​មាន​ស្ថានទូត​នៅ​នោះ តើ​ពេល​មាន​បញ្ហា​អី​ពួកគាត់​ទៅ​រក​ឲ្យ​អ្នក​ណា​ជួយ​អន្តរាគមន៍​នោះ»

​មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា ក្រុម​ការងារ​បច្ចេកទេស​រដ្ឋាភិបាល កំពុង​សិក្សា​លើ​បញ្ហា​ដែល​ជា​ក្តី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ហើយ។ ​លោក ហេង សួរ បញ្ជាក់​ថា ការងារ​ជា​អាទិភាព​នៅ​អារ៉ាប៊ីសាអ៊ូឌីត នោះ មាន​ដូចជា ការងារ​តាម​ផ្ទះ និង​វិស័យ​សំណង់​ជាដើម។

​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​នេះ ជា​ការ​បើក​ទីផ្សារ​ថ្មី​សម្រាប់​តម្រូវ​ការ​ផ្នែក​បុគ្គលិក​របស់​អារ៉ាប៊ីសាអ៊ូឌីត  និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​វិស័យ​ការងារ​រវាង​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។