ឯកឧត្តមកឹម សុខាៈ អ្នកគាំទ្រ បក្សសង្គ្រោះជាតិចេញ គឺចេញពីបេះដូងពលរដ្ឋ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចូលរួមជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងវេទិកាសកម្មជនមូលដ្ឋាន ស្ថិតក្នុងវត្តចំបក់ ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តម កឹម សុខា បដិសេដចំពោះការចោទថា បក្សប្រឆាំងទន់ជ្រាយ។ តែដោយសារកម្លាំងសង្គ្រោះជាតិរឹងមាំ ទើបមានមកដល់ថ្ងៃនេះ។ ឯកឧត្តមថ្លែងថា ប្រាក់ខែមន្រ្តីរាជការ កម្មករ និងបញ្ហាមួយចំនួន គេកំពុងដោះស្រាយបណ្តើរៗនេះ ក៏ដោយសារតែឥទ្ធិពល របស់គណបក្សសង្គ្រោះជាតិ។ ឯកឧត្តមកឹម សុខា មិនបាននិយាយចំឈ្មោះ សំដៅទៅលើភាគីណាទេ តែគេដឹងថា ចង់ដំណឹងទៅលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

កម្លាំងសាមគ្គីរឹងមាំ របស់សង្គ្រោះជាតិ ចេញពីបេះដូងពិត ទើបមានការវិវត្តន៍ជាវិជ្ជមាន។ ម្យ៉ាងទៀត ដោយសារខ្មែរទាំងអស់គ្នា ទើបមានការផ្លាស់ប្តូរខ្លះ តែរដ្ឋាភិបាលសង្គ្រោះជាតិ នឹងធ្វើការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីឲ្យការដឹកនាំប្រកបដោយស្ថិរភាពយូរអង្វែង និងប្រជាធិបតេយ្យ។

ឯកឧត្តម កឹម សុខា បន្ថែមថា “ ប្រតិភូអន្តរជាតិ មិនដែលរំលងជាមួយបក្សប្រឆាំងឡើយ ដោយសារឥទ្ធិពលរបស់គណបក្សនេះ អាចឈានទៅរកការដឹកនាំប្រទេស ទៅពេលអនាគត ហើយម្យ៉ាងទៀត អ្វីដែលគេឃើញ គឺឃើញកម្លាំងខ្មែរក្នុង និងក្រៅ គាំទ្របក្សប្រឆាំងចេញពីបេះដូង នេះហើយជាក្តីសង្ឃឹម ការតស៊ូរបស់យើងមិនអត់ប្រយោជន៍ទេ” ៕

ឯកឧត្តមកឹម សុខាៈ អ្នកគាំទ្រ បក្សសង្គ្រោះជាតិចេញ គឺចេញពីបេះដូងពលរដ្ឋ