សង្គម​ស៊ីវិល​ចោទ​ឆ្មាំ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ខែត្រ​ក្រចេះ​ថា​ចាប់​ខ្លួន​ពលរដ្ឋ​ខុស​ច្បាប់

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចោទ​ឆ្មាំ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ ថា ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​ខុស​នីតិវិធី។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ម្នាក់​នោះ​បាន​យក​កាំបិត​កាប់​ដំឡូង​មី​នៅ​មុខ​ផ្ទះ ត្រូវ​បាន​ឆ្មាំ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ និង​មន្ត្រី​បរិស្ថាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នោះ​គឺ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខែត្រ​ក្រចេះ លើកលែង​បទ​ចោទ​ចំពោះ​ស្ត្រី​ចំណាស់​មួយ​រូប​ដែល​សន្តិសុខ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ និង​មន្ត្រី​បរិស្ថាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា កាប់​ព្រៃ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ឌិន ខន្នី ដែល​បាន​ចុះ​អង្កេត​ករណី​នេះ ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ រឹម ឌុយ អាយុ ៦៣​ឆ្នាំ រស់​នៅ​ភូមិ​ដូង ឃុំ​ឃ្សឹម ស្រុក​ស្នួល ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ និង​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខែត្រ​ក្រចេះ ជាង​មួយ​សប្ដាហ៍​មក​ហើយ។ លោក​រក​ឃើញ​ថា ស្ត្រី​ដែល​សន្តិសុខ​ក្រុមហ៊ុន​ចាប់​ខ្លួន មាន​ជំងឺ​សរសៃ​ប្រសាទ ដូច្នេះ​ការ​ឃុំ​ខ្លួន និង​ការ​ចាប់​ខ្លួន​គឺ​ជា​ករណី​ខុស​នីតិវិធី។

លោក ឌិត ខន្តី ស្នើ​ឲ្យ​សាលាដំបូង​ខែត្រ​ក្រចេះ ដោះលែង​ពលរដ្ឋ​ឲ្យ​នៅ​ក្រៅ​ឃុំ និង​លើកលែង​បទ​ចោទ ដោយ​សំអាង​ថា តំណាង​អយ្យការ​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​ឡើយ។ លោក ឌិន ខន្នី អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​ក៏​ធ្លាប់​សរសេរ​លិខិត​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​ស្ត្រី​ដែល​សន្តិសុខ​ក្រុមហ៊ុន​ចាប់​ខ្លួន​ថា មាន​ជំងឺ​សរសៃប្រសាទ​ដែរ៖ «ការ​ឃុំ​ខ្លួន​របស់​តុលាការ​នេះ បើ​យើង​ផ្អែក​ទៅ​លើ​ភាព​មិន​ប្រក្រតី​របស់​បុគ្គល​ដែល​បាន​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ហ្នឹង ខ្ញុំ​យល់​ថា តុលាការ​គួរ​តែ​ដោះលែង​គាត់។ ផ្អែក​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌ​មាត្រា​៣១ បាន​ចែង​ច្បាស់​លើ​បុគ្គល​ដែល​មាន​វិបល្លាស​ស្មារតី បើ​ទោះ​បី​គាត់​ប្រព្រឹត្ត​បទល្មើស​គឺ​គាត់​អត់​មាន​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ទេ»

​ចំណែក​ពលរដ្ឋ​រស់​នៅ​ភូមិ​ដូង លោក ម៉េត ធី សង្ស័យ​ថា ការ​ចាប់​ខ្លួន​អ្នក​ភូមិ​របស់​សន្តិសុខ​ក្រុមហ៊ុន​អាច​ជា​ហេតុផល​ផ្សេង ព្រោះ​ពលរដ្ឋ​ដែល​ត្រូវ​គេ​​ចាប់​ខ្លួន បាន​យក​កាំបិត​កាប់​ដំឡូង​ដើម្បី​បរិភោគ​នៅ​ខាង​មុខ​ផ្ទះ​ពុំ​បាន​កាប់​ព្រៃ​ក្រុមហ៊ុន​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោក​កត់សម្គាល់​ថា មន្ត្រី​បរិស្ថាន​មុន​ពេល​បញ្ជូន​ពលរដ្ឋ​ទៅ​តុលាការ បាន​ទារ​ប្រាក់​ពលរដ្ឋ​ចំនួន ១​ពាន់​ដុល្លារ​ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះលែង ប៉ុន្តែ​ពលរដ្ឋ​ពុំ​មាន​ប្រាក់​សម្រាប់​បង់៖ «គាត់​មាន​ដំឡូង គាត់​មាន​ដំណាំ​មែន គាត់​ថែ​ដំណាំ​គាត់​មែន។ បើ​ខ្ញុំ​គិត​ទៅ​អត់​យុត្តិធម៌​ទេ បើ​និយាយ​ទៅ ធ្វើ​បាប​ប្រជាជន ប្រុង​សម្លាប់​ប្រជាជន អារ​ក​ហុត​ឈាម​ប្រជាជន​តែម្ដង។ ឆ្មាំ​ធ្វើ​តាម​អំពើ​ចិត្ត​បាន​ទាំង​អស់។ ចំណែក​ប្រជាជន​គ្រាន់តែ​កូន​កាំបិត លះ​ដំឡូង​គេ​ចាប់​ដែរ អត់​មាន​យុត្តិធម៌​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ឆ្មាំ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ មន្ត្រី​បរិស្ថាន និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខែត្រ​ក្រចេះ លោក ធី សុវណ្ណថាល់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

សមាគម​អាដហុក​រក​ឃើញ​ថា  បច្ចុប្បន្ន​ពលរដ្ឋ​ជាង ១០០​គ្រួសារ កំពុង​រស់នៅ​តាម​ដង​ផ្លូវ​ជា​ចំណី​ផ្លូវ​របស់​រដ្ឋ តាំង​ពី​ឆ្នាំ​២០១០ និង​បាន​កាប់ឆ្ការ​ដី​ព្រៃ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ ចំនួន ៥០​ហិកតារ  ដោយ​មួយ​គ្រួសារ មាន​ដី​ប្រភេទ​លំនៅឋាន​ទំហំ​ទទឹង ១០​ម៉ែត្រ បណ្ដោយ ២០០​ម៉ែត្រ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ មិន​ទាន់​ដោះស្រាយ​បញ្ចប់ ហើយ​កាល​ពី​ឆ្នាំ​២០០៩ ពលរដ្ឋ​ជាង ១០០​គ្រួសារ ធ្លាប់​ផ្ដិត​មេដៃ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​អាជ្ញាធរ តែ​រហូត​បច្ចុប្បន្ន​ពុំ​ទាន់​ទទួល​លទ្ធផល​ឡើយ។

​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺ​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​លើ​ផ្ទៃដី​ចំនួន​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥០) រយៈពេល ៥០​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក។

ច្បាប់​ព្រហ្មទណ្ឌ​ថ្មី មាត្រា​៣១ ចែង​ថា កាល​បើ​ជន​ណា​ម្នាក់​ប្រព្រឹត្ត​បទល្មើស នៅ​ពេល​ដែល​ជន​នោះ​កើត​វិបល្លាស ឬ​មាន​ជំងឺ​សរសៃប្រសាទ ជន​នោះ​មិន​ទទួល​ខុស​ត្រូវ​ច្បាប់​ព្រហ្មទណ្ឌ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។