អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​កំពុង​សិក្សា​ដី​ទំនាស់​ដី​នៅ​អាកាសយានដ្ឋាន​ឡើង​វិញ

គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង កំពុង​សិក្សា​ពី​សាវតារ​ចូល​កាន់​ដី​មាន​ទំនាស់​របស់​អ្នក​ភូមិ​សន្ទៃ នៃ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ប្រមាណ ៣០​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ជំនាញ​សុរិយោដី​ដែល​កសាង​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​បុគ្គល​មាន​ប្រាក់ ២​នាក់ ដោយ​ធ្វេសប្រហែស​ និង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់​ដែល​នាំ​ឲ្យ​កើត​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ។

ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ និង​ជា​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-​ព្រឹទ្ធសភា និង​អធិការកិច្ច គឺ​លោក សោម សុជាតា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ថា លោក​នឹង​ចំណាយ​ពេល​យ៉ាង​យូរ​ពីរ​ខែ​ទៀត ដើម្បី​បញ្ចប់​ការងារ​ស៊ើបអង្កេត និង​ធ្វើ​សាវតារ​កាន់កាប់​ដី​កំពុង​មាន​ជម្លោះ​នោះ រួច​ធ្វើ​របាយការណ៍​ជូន​អភិបាល​រង​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ លោក ចេង ញ៉ាន់ ដើម្បី​ពិនិត្យ​ដោះស្រាយ។

លោក សោម សុធាតា ដែល​ថ្លែង​ក្នុង​លក្ខណ​សុំ​មិន​បញ្ចេញ​សំឡេង​ថា លោក​មិន​ទាន់​អាច​បញ្ចេញ​ព័ត៌មាន​អ្វី​បាន​ច្រើន​ជុំវិញ​រឿង​នេះ​ទេ ប៉ុន្តែ​ក្រោយ​ពី​ចុះ​ធ្វើ​ការ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រក​ឃើញ​ថា មាន​ពលរដ្ឋ​ចំនួន ២៩​គ្រួសារ កំពុង​កាន់កាប់ និង​អាស្រ័យផល​ប៉ះ​លើ​ដី​របស់​បុគ្គល​ពីរ​នាក់ ដែល​មាន​ប្លង់​កម្មសិទ្ធិ​តាំង​ពី​ឆ្នាំ​១៩៩៥។ ក្រុម​ការងារ​លោក​កំពុង​ពន្លឿន​នីតិវិធី​ចំពោះ​ករណី​នេះ។

នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​របស់​តំណាង​ពលរដ្ឋ និង​ជា​មេភូមិ​សន្ទៃ​​ ​គឺ​លោក ប៉ែន ចាន់យឿន ផ្ញើ​ជូន​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ថា ឈ្មោះ ស៊ីវ ចន្ថារី និង​ឈ្មោះ ប៉ិល ចន្ថា ទើប​តវ៉ា​យក​ដី​ចម្ការ​ពី​អ្នក​ភូមិ​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​ពលរដ្ឋ​ចំនួន ៣៥​គ្រួសារ​បាន​កាន់កាប់ និង​អាស្រ័យ​ផល​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៨៦ ហើយ​ទទួល​បាន​បង្កាន់​ដៃ​បង់​ប្រាក់​កាន់កាប់​លើ​ដី​នោះ នៅ​ឆ្នាំ​១៩៩៤។

នៅ​ក្នុង​លិខិត​ដដែល​បង្ហាញ​ថា ការ​ទទួល​បាន​ដី​កាន់កាប់​របស់​ពលរដ្ឋ​កាល​ណោះ គឺ​តាម​រយៈ​អតីត​មេភូមិ​សន្ទៃ​ឈ្មោះ សោម ឈឹង ចែក​ឲ្យ​ស្របតាម​គោលនយោបាយ​៨ "ខ" និង ១១"ខ" របស់​រដ្ឋ។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក ប៉ិល ចន្ថា និង​លោក ស៊ីវ ចន្ថារី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ។ ប៉ុន្តែ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ដីធ្លី​របស់​លោក ប៉ិល ចន្ថា ទំហំ ២​ហិកតារ​កន្លះ ឋិត​នៅ​ភូមិ​ភ្នំតូច នៃ​ឃុំ​ពង្រ មាន​ចុះ​ហត្ថលេខា និង​វាយ​ត្រា​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាំង​ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​មន្ទីរ​សុរិយោដី​ខេត្ត ប៉ុន្តែ​មាន​ភាព​មិន​ប្រក្រតី​ផ្នែក​គំនូស​ប្លង់។ គំនូស​ប្លង់​ដី​របស់​លោក ប៉ិល ចន្ថា ដែល​ចេញ​កាល​ពី​ឆ្នាំ​១៩៩៥​ ​នោះ បាន​ដាក់​ព្រំប្រទល់​ខាង​ជើង​ទល់​ផ្លូវ ខាង​ត្បូង​ទល់​នឹង​ភ្នំ ខាង​កើត​ទល់​នឹង​ឈ្មោះ កែ ហ៊ីម និង​ខាង​លិច​ទល់​នឹង​ឈ្មោះ មុំ សុរ័ត្ន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​ថា ការ​ពិនិត្យ​ផ្ទៃ​ដី​ជាក់​ស្ដែង​បង្ហាញ​ថា បើ​គំនូស​ប្លង់​ដី​ដាក់​ថា​ខាង​ត្បូង​ទល់​នឹង​ភ្នំ នោះ​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​លើស​ពី ៣៥​គ្រួសារ ព្រោះ​បើ​គិត​ពី​ក្បាល​ដី​នោះ​រហូត​ទល់​ភ្នំ​មាន​ប្រវែង​ប្រមាណ ១​ពាន់​ម៉ែត្រ ហើយ​ក្នុង​នោះ​ក៏​មាន​ដី​គ្រួសារ​មន្ត្រី​រាជការ​ដែរ។

លោក​រិះគន់​ថា បញ្ហា​ទាំង​នេះ​ជា​កំហុស​របស់​មន្ត្រី​សុរិយោដី៖ «រឿង​នេះ គណៈកម្មការ គួរ​តែ​ប្ដឹង​ទៅ​តុលាការ​ឲ្យ​មោឃភាព​ប័ណ្ណ​ហ្នឹង​ចេញ និង​ស្នើ​ទៅ​អង្គភាព នៃ​ក្រសួង​រៀបចំ​ដែនដី​នេះ ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ដែល​កសាង​ប្លង់​ខ្ជីខ្ជា ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ បើ​មិន​អ៊ីចឹង​ទេ នឹង​មាន​រឿង​ដដែល ហើយ​កន្លង​មក​មាន​រឿង​ច្រើន​ករណី​ណាស់​ដែល​កើត​មក​ពី​ការ​កសាង​ប័ណ្ណ​សម្គាល់​សិទ្ធិ​ដោយ​ធ្វេសប្រហែស»

ចំណែក​មន្ត្រី​អង្គការ​លីកាដូ (LICADHO) លោក គង់ ច័ន្ទមុនី វិញ​រក​ឃើញ​ថា ប្លង់​ដី​ដែល​បុគ្គល​ពីរ​នាក់​នោះ​កំពុង​កាន់ គឺ​ខុស​ទីតាំង​ដី​ជាក់​ស្ដែង​ដែល​នៅ​ក្នុង​ប្លង់​ដាក់​ថា​ដី​ឋិតនៅ​ក្នុង​ភូមិ​ភ្នំតូច ប៉ុន្តែ​ការ​ពិត​ដី​នោះ​ឋិត​ក្នុង​ទឹកដី​រដ្ឋបាល នៃ​ភូមិ​សន្ទៃ ឃុំ​ពង្រ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​​ចុះ​វាស់វែង​ទីតាំង​ដី​មាន​ជម្លោះ​នោះ​ឡើង​វិញ ហើយ​ពិនិត្យ​មើល​ពី​ភាព​មិន​ប្រក្រតី នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​​ពេល​កន្លង​មក។

ទាក់ទង​នឹង​ដី​មាន​ជម្លោះ​ក្បែរ​ប្រលានយន្តហោះ​ខេត្ត​កំពង់ឆ្នាំង​នេះ ព្រះមហាក្សត្រ​ធ្លាប់​ចេញ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​សហគ្រាស​សេរី​មួយ នៅ​ឆ្នាំ​១៩៩៦ ដោយ​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ជា​ច្រើន​ហិកតារ​នៅ​ជុំវិញ​ប្រលាន​នោះ។ ប៉ុន្តែ​នៅ​ខែ​តុលា ឆ្នាំ​២០១២ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ទៀត​ដើម្បី​និរាករណ៍​ព្រះរាជក្រឹត្យ​ចាស់​ដោយ​កាត់​ដី​នៅ​សល់​ត្រឹម​ជាង ១​ពាន់​ហិកតារ (១.៤១៥)។

យោង​តាម​ព្រះរាជក្រឹត្យ​ទាំង​ពីរ​នេះ​អ្នក​ច្បាប់​ពន្យល់​ថា ផ្ទៃ​ដី​ទំហំ​ជាង ២​ម៉ឺន​ហិកតារ​ដែល​បាន​គ្រប​ដណ្ដប់​ទាំង​ដី​កំពុង​មាន​ជម្លោះ​នៅ​ក្នុង​ព្រះរាជក្រឹត្យ​លើក​ទី​១​នោះ ត្រូវ​បាន​កំណត់​ជា​ដី​សាធារណៈ​របស់​រដ្ឋ។ មាន​ន័យ​ថា រាល់​ប័ណ្ណ​កម្មសិទ្ធិ​ដែល​កសាង​នៅ​មុន​ព្រះរាជក្រឹត្យ​ចេញ ត្រូវ​បាន​មោឃភាព​ចោល។ ប៉ុន្តែ​ក្រោយ​ព្រះរាជក្រឹត្យ​ថ្មី​ចេញ​ដោយ​កាត់​ដី​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​វិញ នរណា​ដែល​ចូល​កាន់កាប់ និង​ប្រើប្រាស់​ជាក់​ស្ដែង​មុន​ព្រះរាជក្រឹត្យ​ថ្មី​ចេញ អ្នក​នោះ​មាន​អាទិភាព ជា​ម្ចាស់​ភោគៈ​លើ​ដី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។