ក្រុមហ៊ុន Solidus រួមចំណែកក្នុង មូលនីធិទ្រទ្រង់ គ្រូបង្រៀនចូលនិវត្តន៍ និងមានជំងឺ

ភ្នំពេញ៖ ក្រុមហ៊ុន Solidus និងដោយមានការចូលរួមពី ក្រុមអតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ កំពុងប្រមូលថវិកាដើម្បី ទ្រទ្រង់លោកគ្រូ អ្នកគ្រូដែលចូល និវត្តន៍ និងមានជំងឺ។

លោក ចៅ ប៊ុនហ៊ាន តំណាងក្រុមអតីតសិស្ស បានប្រាប់ឲ្យដឹងថា យើង ចង់ចូលរួមចំណែកផ្តល់ នូវជីវិតថ្មីមួយដល់ លោកគ្រូអ្នកគ្រូយើង ទាំងអស់គ្នា ដែលបានចូលនិវត្តន៍ ហើយខ្លះលោកកំពុង មានជំងឺថែមទៀត។ យើងក៏ចង់ធ្វើជាគំរូ មួយដ៏ល្អដល់មនុស្ស ជំនាន់ក្រោយ ដោយជម្រុញឲ្យ ពួកគាត់ធ្វើការងារ សង្គម ឲ្យបានកាន់តែច្រើន។ ហើយក៏សូមថ្លែង អំណរគុណដល់ ក្រុមហ៊ុន Solidus (www.solidusasia.com) ដែលបានទិញ អាវយឺតចំនួន៥០ និងបរិច្ចាគថវិកា បន្ថែមចំនួន ១០០០ដុល្លារ ដល់មូលនិធិនេះ។ លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើសប្បុរសជន មានបំណងបរិច្ចាគ សូមចូលទៅកាន់ Facebook Fan Page: https://www.facebook.com/10january1979alumni/?fref=ts

ជាមួយគ្នានោះលោកស្រី ខេងពិទូ ពុទ្ធិតា ដែលជា នាយកក្រុមហ៊ុន Solidus បានប្រាប់ឲ្យដឹងដែរថា លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ នៅតែមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ព្រោះថាគ្រូមួយថ្ងៃ គឺជាគ្រូមួយជីវិត។ ពួកគាត់បានបង្រៀន បុត្រធីតាយើង ពលរដ្ឋយើង អប់រំសង្គមយើង ដោយបានលះបង់ នូវពេលវេលា ផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ដល់សង្គមជាតិទាំងមូល។

លោកស្រីបានបន្តថា "នាងខ្ញុំសូមអំពាវនាវបន្ថែម ដល់ពលរដ្ឋគ្រប់រូប និងបណ្តាក្រុមហ៊ុននានា មេត្តាចូលរួមចំណែក ក្នុងកិច្ចការសង្គម ឲ្យកាន់តែច្រើន ជាពិសេស ងាកក្រោយ ដើម្បីតបស្នងសងគុណ ជូនដល់លោកគ្រូអ្នកគ្រូយើង ព្រោះថាសមិទ្ធិផល របស់យើងគឺជាការបរិច្ចាគ របស់ពួកគាត់ដែល មិនអាចកាត់ថ្លៃបាន" ។

លោកស្រីបានបញ្ជាក់ថា "ក្នុងនាម ក្រុមហ៊ុន Solidus យើងខ្ញុំទាំងអស់គ្នា យើងបានត្រៀម ខ្លួនជាស្រេច ដើម្បីជួយជ្រោមជ្រែង នូវរាល់សកម្មភាព ទាំងឡាយរបស់មូលនីធិនេះ ដើម្បីជោគជ័យ និងមាននិរន្តភាព"។

ក្រុមហ៊ុន Solidus រួមចំណែកក្នុង មូលនីធិទ្រទ្រង់ គ្រូបង្រៀនចូលនិវត្តន៍ និងមានជំងឺ