ពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅតែ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ចោមចៅ សង្កាត់​កា​កាប និង​សង្កាត់​មួយចំនួនទៀត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ដូចជា កន្ទុយលេខ ភ្នាល់​បាល់ទាត់​តាម​ប្រព័ន្ធ​អន​ឡាញ និង​បៀ​អាប៉ោង​ជាដើម នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ មិនសូវ​យកចិត្តទុកដាក់​លុបបំបាត់​ល្បែងស៊ីសង និង​បទល្មើស​នានា​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហើយ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​ល្បែងស៊ីសង បទល្មើស​គ្រឿងញៀន និង​អំពើចោរកម្ម កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​មួយចំនួន​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​កា​កាប​ជាដើម បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ល្បែង​កន្ទុយលេខ និង​ល្បែង​ផ្សេងៗ​ទៀត​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កន្លងមក​ការដែល​សមត្ថកិច្ច​បង្ក្រាប​អ្នក​កត់​កន្ទុយលេខ​តូចតាច គឺ​មិនអាច​លុបបំបាត់​បទល្មើស​បានឡើយ ព្រោះ​មេខ្លោង​ធំៗ​នៅតែ​អាច​គេច​ផុតពី​ការដាក់ទោស​។ ជាងនេះទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​នាយ​នគរបាល​ប៉ុស្តិ៍​និង​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខ្លាំងពេក ទើប​បណ្ដោយ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​ឥតឈប់ឈរ នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។​

ដោយសារតែ​ល្បែងស៊ីសង​និង​គ្រឿងញៀន ព្រមទាំង​អំពើចោរកម្ម​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅតែមាន​សភាព​គួរ​ឲ្យ​ភ័យខ្លាច​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងមក​នៅពេលដែល​នគរបាល​ខណ្ឌ​បង្ក្រាប​ល្បែង​កន្ទុយលេខ គឺ​បង្ក្រាប​តែ​អ្នក​កត់​តូចតាច​ប៉ុណ្ណោះ ចំណែក​មេខ្លោង​ធំៗ​សមត្ថកិច្ច​មិន​ហ៊ាន​វែកមុខ​ឡើយ​។ លើស​នេះ​ទៅទៀត​ករណី​ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​បំផុត​៕

12735742_1526152344347009_508944734_nលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ