​ឈ្មោះ ស្តើង សុផល មេ​ឆ្នោត​ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​

​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បាន​រាយការណ៍​មក​ថា​នៅក្នុង​ក្រុង​ប៉ោយប៉ែត​មាន​កន្លែង​ភ្នាល់​ល្បែង​គ្រប់​កម្រិត និង​ស្ទើរ​គ្រប់​ប្រភេទ ព្រោះ​អ្នកមាន​គេ​ចូល​លេង​ក្នុង​កាស៊ីណូ ខណៈ​អ្នកមធ្យម និង​អ្នកក្រ​គេ​លេង​នៅតាម​បន​ល្បែង​លួចលាក់​នៅក្នុង​ក្រុង​។ ប្រភព​ដដែល​បានបញ្ជាក់​ថា​បន​ល្បែង​លួចលាក់​មិនមែន​មានន័យថា​សមត្ថ​កិច្ច​មិនដឹង​នោះទេ តែ​សមត្ថកិច្ច​មិន​បង្ក្រាប​ជាក់ស្តែង​មេ​ឆ្នោត​មាន​ឥទ្ធិពល ឈ្មោះ ស្តើង សុផល មិន​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នោះទេ​។​

ល្បែង​ឆ្នោត​ដែល​កំពុងតែ​ដំណើរការ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ឈ្លក់​វង្វេង​ចាក់​រាល់ថ្ងៃ ខណៈ​មេ​ឆ្នោត​កំពុង​កើប​លុយ​បាន​រាប់សិប​លាន​រៀល​ក្នុង​មួយថ្ងៃៗ​។ ប្រជាពលរដ្ឋ​រស់នៅ​នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា អ្នកលេង​ល្បែង​ឆ្នោត​ភាគច្រើន​ជា​អ្នកមាន​កម្រិតជីវភាព​មធ្យម និង​អ្នកក្រ ចំណែក​អ្នកមាន​ភាគច្រើន​គេ​មិន​ចាក់​ឆ្នោត​នោះទេ ដូច្នេះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតែ​ក្រ​ដោយសារ​ល្បែង​ឆ្នោត​។​

អ្នក​កត់​ឆ្នោត​ស៊ី​ភាគរយ​ពី​មេ​ធំ​នៅក្នុង​ក្រុង​ប៉ោយប៉ែត បាន​បង្ហើប​ថា មេ​ឆ្នោត​ធំ​មិនមែនជា​ខ្មែរ​នោះទេ តែ​ជា​ជនជាតិ​យួន​ដែល​គេ​មាន​បណ្តាញ​មេ​ឆ្នោត​ស្ទើរ​គ្រប់​ខេត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ប្រាក់​រាប់រយ​លាន​រៀល​ត្រូវគេ​សង្ស័យថា​ហូរ​ចេញពី​ប្រ​ទេ​កម្ពុជា​ក្នុង​មួយថ្ងៃៗ តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​នោះទេ ហើយ​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ល្បែង​ឆ្នោត​នៅតែ​អាច​ដំណើរការបាន​យ៉ាង​រលូន​នៅក្នុង​សង្គម​កម្ពុជា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បាន​រិះគន់ថា នៅក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មិន​ត្រឹមតែ​គ្មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក​ដូច​ខាង​ទឹកដី​សៀម​នោះទេ តែ​ថែមទាំង​សម្បូរ​ទៅដោយ​បទល្មើស​គ្រប់​ប្រភេទ មាន​គ្រឿងញៀន និង​បន​ល្បែង​តូចធំ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខាង​ទឹកដី​សៀម​មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ហើយ​មន្ត្រី​ជំនាញ​របស់គេ​ក៏​បំពេញការងារ​បានល្អ​ផងដែរ ខណៈ​មន្ត្រី​ជំនាញ​ខ្មែរ​មួយចំនួន​បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ទៅវិញ​៕

10-7-20141 5215-2