គេ​គ្មាន​ជំនឿ​ថា អាជ្ញាធរខេត្ត​ព្រះសីហនុ ហ៊ាន​កម្ទេច​សំណង់​ខុសច្បាប់​របស់លោក តាក វណ្ណ​ថា នោះទេ​

ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ គ្មាន​ជំនឿ​សូម្បី​ប៉ុន​សរសៃសក់​ចំពោះ​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​សំណង់​ខុសច្បាប់​នៅ​លើដី​ចំណី​មាត់បឹង​ព្រែក​ទប់ ដែលជា​បឹង​ស្តុក​ទឹកស្អាត​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ទូទាំង​ក្រុង​។ ដោយហេតុថា កន្លងមក​លោក យន្ត មីន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​ទាក់ទង​ទៅនឹង​ការទប់ស្កាត់​បទល្មើស​ទ​ន្ទ្រា​ន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ និង​ទប់ស្កាត់​បទល្មើស​រំលោភ​យក​ដី​មាត់បឹង​ព្រែក​ទប់​ជាដើម ក៏ប៉ុន្តែ​វិធានការ​ទាំងនោះ​គ្មាន​ចេញ​ជា​លទ្ធផល​អ្វី​ទាំងអស់​គឺ​សូន្យ​។ សូម្បីតែ​វិធានការ​របស់លោក យន្ត មីន ក្នុងការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​សហគមន៍​ក៏​មិនឃើញ​ចេញ​ជា​លទ្ធផល​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះទេ​។

ថ្មីៗ​នេះ​ក្រុមការងារ​សាលាខេត្ត​ព្រះសីហនុ និង​មន្ទីរ​ពាក់ព័ន្ធ បាន​ចុះទៅពិនិត្យ​និង​អនុវត្តន៍​ការងារ​គ្រប់គ្រង អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​ស្រាវជ្រាវ​រក​ឯកសារ​ពា​ក់​ព័ន្ធ​ផ្លូវច្បាប់​ទៅលើ​សេចក្ដីសម្រេច​៥​ចំណុច​ដែល​រដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​ឈានដល់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រុមការងារ​បានបញ្ជាក់​ថា ពួកគេ​កំពុង​ពិនិត្យ​ឯកសារ ច្បាប់ ឬ​លិខិតស្នាម​ផ្សេងៗ​ទាក់ទង​ទីតាំង​ទាំង​៥​ចំណុច ស្ថិតនៅក្នុង​ផែនការ​គ្រប់គ្រង​និង​អភិរក្ស​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ ក្នុងនោះ​មាន​បឹង​ព្រែក​ទប់​ផងដែរ​។ ប្រតិបត្តិការ​នេះ​បាន​កើតឡើង​ចំពេល​ដែល​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​របស់លោក តាក វណ្ណ​ថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែល​សាងសង​លើដី​មាត់បឹង​ព្រែក​ទប់ បាន​សម្ពោធ​រួចជាស្រេច​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​វាយតម្លៃថា អាជ្ញាធរខេត្ត​ព្រះសីហនុ មិន​ហ៊ាន​កម្ទេច​វីឡា​របស់លោក តាក វណ្ណ​ថា ទេ​បើទោះបី​វីឡា​នោះ​សាងសង់​ខុសច្បាប់​លើដី​មាត់បឹង​ព្រែក​ទប់​ក៏ដោយ​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា ករណី​បឹង​ព្រែក​ទប់​នេះ​ក្រុមការងារ​របស់​រដ្ឋាភិបាល​នឹង​ចុះ​អនុវត្តន៍​ឈានដល់​អភិរក្ស​បឹង​ធម្មជាតិ​មួយ​នេះ ការពារ​ដោយ​ព្រះរាជក្រឹត្យ​ឲ្យ​ស្របទៅតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។ ក៏ប៉ុន្តែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​វាយតម្លៃ​ទុកជាមុន​ថា វិធានការ​របស់​អាជ្ញា​ធរ​ខេត្ត​ព្រះសីហនុ ពុំមាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់ ព្រោះ​បច្ចុប្បន្ន​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​សំណង់​រឹងមាំ​ផ្សេងៗ​ដូចជា វីឡា របង​ថ្ម​ហ៊ុមព័ទ្ធ​ដី និង​មានការ​ចាក់ដី​ចូល​បឹង​យ៉ាង​អនាធិបតេយ្យ​។ ទាល់តែ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​រដ្ឋាភិបាល ចាត់វិធានការ​លើ​សំណង់​ខុសច្បាប់​របស់​អ្នកមានអំណាច អ្នកមាន​លុយ ដូចជា​លោក តាក វណ្ណ​ថា ជាដើម ទើប​ប្រជាពលរដ្ឋ​ជឿជាក់​លើ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​៕

imageលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ sihanuវីឡារបស់លោក តាក វណ្ណថា