សហភាព អន្តរសភា IPU នឹងជួយ តម្រង់ផ្លូវសភាកម្ពុជា ប្រសិនបើ មានការស្នើសុំ

ភ្នំពេញៈ សហភាពអន្តរសភា IPU មុនពេលបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ បានសេចក្តីថ្លែងការណ៍ថា IPU នឹងផ្តល់នូវការគាំទ្រ ចំពោះរដ្ឋសភាកម្ពុជា ដើម្បីតម្រង់ផ្លូវឆ្ពោះទៅកាន់ ការគោរពលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍នៃច្បាប់ ប្រសិនបើមានការស្នើសុំ។

តាមសេចក្តីថ្លែងការណ៍ដដែល IPU ក៏ស្នើឲ្យកម្ពុជាទម្លាក់ចោល ការចោទប្រកាន់ទៅលើ អ្នកតំណាងរាស្រ្តបក្សប្រឆាំង១២រូប។ សហភាពអន្តរសភា (IPU) បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ដោយបានអំពាវនាវឲ្យប្រទេសកម្ពុជា ដោះស្រាយបញ្ហានៃការចោទប្រកាន់ ទៅលើក្រុមអ្នកតំណាងរាស្រ្ត គណបក្សប្រឆាំងចំនួន១២រូប រូមមាន ឯកឧត្តម សម រង្ស៉ី លោក ហុង សុខហួរ ,លោក គង់ សភា, លោក ញ៉យ ចំរើន, លោកស្រី មួ សុខហួរ, លោក កែវ ភិរម្យ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក នុត រំដួល, លោក ម៉ែន សុថារិន្រ្ទ, លោក រៀល ខេមរិន និងលោក ចាន់ ចេង។

គណៈប្រតិភូសហភាពអន្តរសភា (IPU) ដឹកនាំដោយសមាជិកសភា ប្រទេសបារ៉ែនលោកAli Abdullah Alaradi និងសមាជិកសភាប្រទេស សេណេហ្គាល់ លោក Abatalib Gueye ទើបតែបានបញ្ចប់ដំណើរបេសកម្ម រយៈពេល២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ ក្នុងដំណើរទស្សនកិច្ចនេះIPU បានជួបជាមួយតំណាងព្រឹទ្ធសភាកម្ពុជា រដ្ឋសភា, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រលាហោម ស ខេង គណបក្សសង្រ្គោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃនៅកម្ពុជា សហភាពអន្តរសភា IPU នឹងសរសេរបញ្ចូលទៅក្នុងរបាយការណ៍ នៃកិច្ចប្រជុំរបស់ខ្លួន នៅខែមីនាខាងមុខនេះ។

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ប្រាប់ដើមអម្ពិលថា មិនទាន់បានទទួលរបាយការណ៍ពីសភាIPUទេ។ លោកសុំមិនធ្វើការ អត្ថាធិប្បាយ ទាល់តែទទួលបានលិខិតពីសភាIPU ទើបមានការបកស្រាយ៕