ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ប្រទេស​ថៃ ៖ ប្រភព​ពី​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស ក្នុង​ហេតុការណ៍​ដាច់​ទ​ម្ព​ក់​ស្ទូច​ស៊ីម៉ង់ត៍​លាយ​ស្រេច ដែល​ទម្ងន់​១​តោន​សង្កត់​លើ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​អគារ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​មួយ ក្នុងភូមិ​២ ឃុំ​ភី​ម​ផា ខេត្ត​ឆាក់​ឆឺ​ន​សៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​មិន ឌី​ណា អាយុ​២៦​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​កើតហេតុ និង​ម្នាក់​ទៀត​មិន​ស្គាល់អត្ត​សញ្ញាណ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ជួយ​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ គឺ​ស្លាប់​ក្នុង​សភាព​អង្គុយ​បត់​.​កលើ​ធ្នឹម​សំណង់​បាក់​ចង្កេះ ហើយ​ចំណុច​ទ្រូង​ខាងឆ្វេង ត្រូវ​ដែក​ចំរឹង​ធ្នឹម​បុក​ធ្លាយ​ចេញ​ទៅ​ខ្នង បែក​លលាដ៍ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ចំណែក​ពលករ​ម្នាក់​ទៀត បាន​រង​របួស​ដែរ តែ​ត្រូវ​សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ​ថៃ​ជួយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ករណី​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​គ្រឿងចក្រ​ស្ទូច​យោង​ស៊ីម៉ង់ត៍​លាយ​ស្រេច បម្រុង​យក​ទៅ​ចាក់​ជាន់​លើ​ដាច់​ទ​ម្ព​ក់​យោង​ធ្លាក់​ចំ​ជន​រង​គ្រោះ​ទាំង​២​នាក់​តែ​ម្តង ។

ជុំវិញ​ប្រភព​ខាងលើ លោក​ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​​ទូរស័ព្ទ​របស់​លោក​ម្តង​ជាប់រវល់ និង​២​ដង​ទៀត​ចុច​មិន​ចូល ។