បង្ហាញមុខ ជនសង្ស័យ៥នាក់ បាញ់សម្លាប់ បុរសម្នាក់ នៅស្រុកគូលែន ខេត្ដព្រះវិហារ

សៀមរាប៖ ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ដព្រះវិហារ កាលពីថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញនេះ បានបង្ហាញមុខ សញ្ញាជនសង្ស័យ ដែលបានបាញ់សម្លាប់បុរសម្នាក់ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ នៅភូមិឈូក ឃុំត្បែងពីរ ស្រុកគូលែន។

លោកឧត្ដមសេនីយ៍ត្រីកែវ ចំរើន ប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ នៃស្នងការដ្ឋានខេត្ដព្រះវិហារ បានប្រាប់ ថា ជនសង្ស័យទាំង៥នោះ ទី១មានឈ្មោះ ឃុត ដៀប អាយុ៤១ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកគូលែន ខេត្ដព្រះវិហារ (ជាជនដៃដល់),ទី២ឈ្មោះ អ៊ុ ខប អាយុ៣៥ឆ្នាំ រស់នៅភូមិបុស្ស ឃុំភ្នំពេញ ស្រុកគូលែន ខេត្ដព្រះវិហារ,ទី៣ឈ្មោះ លី ហ៊ីម អាយុ៤៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ, ទី៤ឈ្មោះ ឃឹម ទូច អាយុ២៣ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្ដព្រះវិហារ, និងទី៥ឈ្មោះ ឃឹម ម៉ាង អាយុ២៣ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្ដព្រះវិហារ។

លោកឧត្ដមសេនីយ៍ត្រីកែវ ចំរើន បានបញ្ជាក់ប្រាប់ថា ឈ្មោះឃឹម ម៉ាង និងឈ្មោះឃឹម ទូច បានជួលឲ្យឈ្មោះឃុត ដៀប រួមទាំងបក្សពួក មួយចំនួនទៀត ជាថ្នូរនឹងប្រាក់ចំនួន ៣ពាន់ដុល្លារ ដើម្បីឲ្យទៅសម្លាប់ បងប្រុសបង្កើតរបស់ខ្លួន ឈ្មោះ ឃឹម នីន ដោយសារតែមាន បញ្ហាទំនាស់ដីធ្លី ជាមួយគ្នា។

ប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ នៃស្នងការដ្ឋានខេត្ដព្រះវិហារ បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ជនដៃដល់និងបក្សពួក ពីរនាក់ទៀត បានធ្វើសកម្មភាព ដោយយកកាំភ្លើង អាការ១ដើម ដើម្បីត្រៀម លួចស្ទាក់បាញ់លើបុរសឈ្មោះ ឃឹម នីន តាមការជួលរបស់ ឈ្មោះឃឹម ម៉ាង និងឃឹមទូច។

លុះដល់ម៉ោងប្រមាណ ជា៨យប់ថ្ងៃកើតហេតុឈ្មោះឃឹម នីន បានត្រឡប់មកពីផឹកទឹកត្នោតជូរ នៅក្នុងភូមិ ហើយមកដល់ផ្ទះមុនពេល ដែលជនដៃដល់ គ្រោងធ្វើសកម្មភាព។ រហូតដល់ម៉ោង ៩និង៤៥នាទីយប់ថ្ងៃកើតហេតុដដែល ក៏ឃើញបុរសម្នាក់ទៀតឈ្មោះគី គីម បានដើរកាត់មុខផ្ទះឈ្មោះឃឹម នីន ក៏ត្រូវជនដៃល់បាញ់សម្លាប់តែម្ដង ដោយឃើញភិនភាគ ដែលអ្នកជួលសម្លាប់ ស្មានថាជាឈ្មោះឃឹម នីន ព្រោះអីឈ្មោះគី គីម នៅពេលនោះបានស្លៀកក្រម៉ា អត់ពាក់អាវដូចឈ្មោះឃឹម នីន ដែរធ្វើឲ្យជនដៃដល់បាញ់ច្រឡំតែម្ដងទៅ។

ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចបានធ្វើការ ស៊ើបអង្កេតរហូត រកឃើញមុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ នៅតាមផ្ទះដែល ជនសង្ស័យ ស្នាក់នៅរៀងៗខ្លួន នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ រួមទាំងរកឃើញ កំាភ្លើងអាការ១ដើម គ្រាប់កាំភ្លើង១៦គ្រាប់ និងកាំភ្លើងកែច្នៃ១ ដើមផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ខាងលើ  សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

សូមជម្រាបដែរ ថា ជនសង្ស័យឈ្មោះឃុត ដៀប និងឈ្មោះអ៊ុ ខប ជាមុខសញ្ញាចាស់ ដោយធ្លាប់សម្លាប់មនុស្ស ហើយក៏ធ្លាប់ជាប់ពន្ធ នាគារម្ដងរួចមកហើយ៕

បង្ហាញមុខ ជនសង្ស័យ៥នាក់ បាញ់សម្លាប់ បុរសម្នាក់ នៅស្រុកគូលែន ខេត្ដព្រះវិហារ
បង្ហាញមុខ ជនសង្ស័យ៥នាក់ បាញ់សម្លាប់ បុរសម្នាក់ នៅស្រុកគូលែន ខេត្ដព្រះវិហារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត