អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត រង​ការ​រិះគន់ថា​បម្រើ​តែ​ផលប្រយោជន៍​ឈ្មួញ ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​វេទនា​

​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ ត្រូវ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​ដាំ​ដំណាំ​កសិកម្ម​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ដោយសារ​គ្មាន​ភ្លៀង​កក់ខែ​។ ដោយសារ​ខ្វះខាត​ទឹក​ទើប​ប្រជាពលរដ្ឋ​មួយក្រុម​នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បាន​កាប់​ទម្លាយ​អូរ​ខៃ​ដន​ក្នុងស្រុក​ម៉ាឡៃ ដែល​ក្រុមហ៊ុន​អាន​កូ​ទប់ទឹក​ទប់ ដើម្បី​យក​ទឹក​មកប្រើប្រាស់​និង​ស្រោចស្រង់​ដំណាំ​។ ក៏ប៉ុន្តែ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត មិន​ត្រឹមតែ​មិនបាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​អាន​កូ​ទៀតផង​។

តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ដោយសារ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ទើប​នាំគ្នា​ទៅ​កាប់​ទម្លាយទំនប់​ទឹកស្ទឹង​អូរ​ខៃ​ដន ដើម្បី​យក​ទឹក​ស្រោច​ដំណាំ​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន​អាន​កូរ​បស់​មេ​ឈ្មួញ កុក អាន យក​លេស​ថា​ទំនប់ទឹក​នោះ​សម្រាប់​យក​ទឹក​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ក៏ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​អាន​កូ ស្តុក​ទឹក​លក់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លូន​។ អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត មិនបាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​ទេ ហើយ​ថែមទាំង​និយាយថា អាជ្ញាធរខេត្ត​ត្រូវការពារ​ឲ្យ​បាន​គត់មត់​ចំពោះ​ទឹកស្ទឹង​អូរ​ខៃ​ដន ដើម្បី​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ទៅវិញ​។

ទង្វើ​របស់លោក ង៉ោ ម៉េង​ជ្រួ​ន ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា កំពុងតែ​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​អាន​កូរ​ប​ស់មេ​ឈ្មួញ កុក អាន ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ជាក់ស្តែង​ទឹក​ដែល​ប្រជាពលរដ្ឋ​កាប់​ទម្លាយទំនប់​អូរ​ខៃ​ដន​យកមកប្រើ​ប្រាស់​នោះ គឺជា​ទឹកអូរ​ស្ថិតនៅក្នុង​ស្រុក​ម៉ាឡៃ មិនមែន​ស្ថិតនៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​គ្រប់គ្រង​ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន នោះទេ ម្យ៉ាងទៀត​ទឹកអូរ​នោះ​ជា​ទឹក​កខ្វក់​ហូរ​ពី​ស្រុក​សៀម​ចូល​ទឹកដី​ខ្មែរ ហើយ​ក្រុមហ៊ុន​ក៏​គ្មាន​ច្បាប់​គ្រប់គ្រង​ទឹក​ដល់​ស្រុក​ម៉ាឡៃ​នោះឡើយ​។ ដូច្នេះ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​លោក ង៉ោ ម៉េង​ជ្រួ​ន មិន​ត្រឹមតែ​មិន​យកចិត្តទុកដាក់​ចំពោះ​ផល​លំបាក​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ យ៉ាង​គឃ្លើន​ទៅវិញ​៕

Ngor-Mengchrounលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត p-ma3-500x373 p-malay-500x373 p-ma1-500x373
​    ​