ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បោះពួយ​បុក​រឺ​ម៉ក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​រឺ​ម៉ក​ម្នាក់​ខ្ទាត​បោក​ក្បាល​ថ្ម​បែកក្បាល​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ​៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន បុក​រឺ​ម៉ក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​រឺ​ម៉ក​ម្នាក់​ខ្ទាត​បោក​ក្បាល​និង​ថ្នល់ បែកក្បាល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២0១៦ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេង​ទុង កែង​នឹង​ផ្លូវ​ត្រសក់ផ្អែម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុរស​ជា​ជនរងគ្រោះ​ខាងលើ ឈ្មោះ សួស នាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ដឹក​គ្រឿង​សមុទ្រ ស្នាក់នៅ​ម្ដុំ​តាខ្មៅ​បាន​បើក​រ៉ឺម៉ក​តែម្នាក់ឯង​ចេញពី​តាខ្មៅ ដើម្បី​ទៅ​ដឹក​ឥ​វ៉ាន់​នៅ​ម្តុំ​ត្រឡោកបែក ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច កើតហេតុ ស្រាប់តែ រថយន្ត​បង្ក​ម៉ាក LEXUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-9998 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ស្របគ្នា បុក​រឺ​ម៉ក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រ៉ឺម៉ក​ខ្ទាត​ទៅបុក​នឹង​បង្គោល ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់​អស់​មួយ​ដើម​ទៀត​ចំណែកឯ​ជនរងគ្រោះ​នោះ បាន​ផ្លោង​ទៅ​បោក​ក្បាល​នឹង​ថ្ម​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​ហេតុតែ​ម្ដង​។​

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន រហូត​ទៅ ដល់ ផ្លូវ​ព្រះមុន្នីវង្ស ខាង​ត្បួ​ង​ស្ទុប​បូកគោ ប្រហែល​៣០០​ម៉ែត្រ ដោយសារ​រថយន្ត​បង្ក​នោះ បាន​បែក​កង់​មុខ​ទៅ​លែងរួច ស្របពេល​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់ ទើប​ឃាត់ខ្លួន​ជនបង្ក​បាន​នៅ​ទីនោះ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​រថយន្ត​បង្ក​រួមទាំង​ម្ចាស់ និង​រ៉ឺម៉ក់​ទៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​បងប្អូន​មក​ទទួល​យកទៅ ធ្វើបុណ្យ នៅឯ​ខេត្តស្វាយរៀង​៕

KA-20-02-2016-01 KA-20-02-2016-02 KA-20-02-2016-03 KA-20-02-2016-04 KA-20-02-2016-05