លោក ឈាង វុន៖ អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដូចប៉េងប៉ោងសប់ខ្យល់

ភ្នំពេញៈ នៅព្រឹកថ្ងៃនេះ ឯកឧត្តមកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អះអាងប្រាប់សកម្មជនខ្លួនថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺចេញពីបេះដូងពលរដ្ឋ។ ប្រតិកម្មនឹងការអះអាងនេះ អ្នកនាំពាក្យរដ្ឋសភា និងជាមន្រ្តីជាន់ខ្ពស់បក្សកាន់អំណាច លោក ឈាង វុន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកគាំទ្រគណបក្សប្រឆាំង គឺដូចប៉េងប៉ោងគេសប់ខ្យល់ចូលទៅក្នុងនឹង។ ក៏ប៉ុន្តែដោយឡែក គណបក្សប្រជាជនកម្ពុជា បើមើលទៅលើសន្លឹកឆ្នោតតាំងពី១៩៩៣ មកដល់ពេលនេះអត់មានចុះទេ មានតែឡើង។ ចំពោះអ្នកគាំទ្រក៏មានចំនួនកើនឡើង។

ក្នុងវេទិកាសកម្មជន មូលដ្ឋានស្ថិតក្នុងវត្តចំបក់ ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តម កឹម សុខា មានប្រសាសន៍ថា កម្លាំងសាមគ្គីរឹងមាំរបស់សង្គ្រោះជាតិ ចេញពីបេះដូងពិត ទើបមានការវិវត្តន៍ ជាវិជ្ជមាន។ ម្យ៉ាងទៀតដោយសារខ្មែរទាំងអស់គ្នា ទើបមានការផ្លាស់ប្តូរខ្លះ តែរដ្ឋាភិបាលសង្គ្រោះជាតិ នឹងធ្វើការផ្លាស់ប្តូរជាប្រព័ន្ឋ ដើម្បីអោយការដឹកនាំប្រកបដោយស្ថិរភាពយូរអង្វែង និងប្រជាធិបតេយ្យ។

ឯកឧត្តម កឹម សុខា បន្ថែមថា “ ប្រតិភូអន្តរជាតិមិនដែលរំលង ជាមួយបក្សប្រឆាំងឡើយ ដោយសារឥទ្ឋិពលរបស់គណបក្សនេះ អាចឈានទៅរក ការដឹកនាំប្រទេសទៅពេលអនាគត ហើយម្យ៉ាងទៀតអ្វីដែលគេឃើញ គឺឃើញកម្លាំងខ្មែរក្នុង និងក្រៅ គាំទ្របក្សប្រឆាំងចេញពីបេះដូង នេះហើយជាក្តីសង្ឃឹម ការតស៊ូរបស់យើងមិនអត់ប្រយោជន៍ទេ” ។

លោក ឈាង វុន តបថា” មិនដឹងថាខាងណាចេញពីបេះដូងទេ តើបក្សប្រជាជន ឬបក្សសង្គ្រោះជាតិចេញ ពីបេះដូង ព្រោះការគាំទ្រគណបក្សសង្គ្រោះជាតិ នឹងគឺផ្អើលទៅតាមការញុះញង់កន្លងមក នៅពេលបោះឆ្នោត អាចឹងហើយខ្យល់ប៉េងប៉ោង នឹងវាមិនអាចនៅស្ថិតស្ថេរកើតទេ អាចឹងកុំថាចេញពីបេះដូង វាអត់ចេញពី បេះដូងទេ គឺចេញពីការជ្រួលជ្រើមបន្តគ្នា”។

ទោះបីជាយ៉ាងណាក៏ដោយ មានការកត់សម្គាល់ឃើញថា នៅក្នុងការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣កន្លងទៅ អ្នកគាំទ្រគណបក្សប្រឆាំង មានការកើនឡើងខ្លាំងខុសពីអាណត្តិមុនៗ។ ការគាំទ្រនេះ ធ្វើឲ្យបក្សប្រឆាំង ទទួលបានអាសនៈ ចំនួន៥៥នៅក្នុងរដ្ឋសភា។ ចំនែកឯគណបក្សប្រជាជន បានថយចុះពី៩០កៅអី មកនៅត្រឹម៦៨កៅអី៕