កម្មករ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​ម្នាក់​ត្រូវ​ឡាន​ស្ទួ​ច​បេតុង​ធ្វើ​ស្ពាន​បោក​សង្កត់​ស្លាប់​

ឧ​ត្ត​រ​មានជ័យ: កម្មករ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង យ៉ាង​អាណោចអាធម៌ ដោយសារ​ឡាន​ស្ទួ​ច​បេតុង​ធ្វើ​ស្ពាន​បោក​សង្កត់​។

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង  កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅចំណុច​លើផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​ស្ថិត​ក្នុងភូមិ​ដី​បាក់ ឃុំ​-​ស្រុក​អំពិល ខេត្ត​ឧ​ត្ត​រមានជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ កែវ វណ្ណា អាយុ​២០​ឆ្នាំ ជា​កម្មករ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​លេខ​៥៨មាន​ស្រុកកំណើត​រស់នៅ​ក្នុងភូមិ​ខ្លុង ឃុំ​ព្រែក​តូច ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង។​

​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​រងគ្រោះ​ខាងលើ​បានធ្វើ​ការងារ​លើកដាក់បេតុង​ពី​រថយន្ត​ស្ទួ​ច ប៉ុន្តែ​មិនដឹង​កើតឡើង​ដោយ​ការធ្វេសប្រហែស​ដោយអ្នកបច្ចេកទេស​ឬក៏​រថយន្ត​ស្ទួ​ច​ខាង​ក្រុមហ៊ុន​មិនបាន​ពិនិត្យ​លើ​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ ក៏​បណ្ដាល​ឲ្យ​ការធ្លាក់​បេតុង​បោក​សង្កត់​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមកអន្តរាគមន៍ និង​ពិនិត្យ រួច​បានប្រគល់​សាកសព​ជូនទៅ​​ក្រុមគ្រួសារ ដឹក​យកទៅស្រុកកំណើត ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​៕​

កម្មករ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​ម្នាក់​ត្រូវ​ឡាន​ស្ទួ​ច​បេតុង​ធ្វើ​ស្ពាន​បោក​សង្កត់​ស្លាប់​