​អាជ្ញាធរ​មូលដ្ឋាន និង​ព្រះសង្ឃ ក្នុង​តំបន់​អង្គរ​ជួបជុំគ្នា ដើម្បី​រិះរក​វិធីសាស្ត្រ​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​អង្គរ​

ភ្នំពេញ: អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ និង​អាចារ្យ​គណៈកម្មការ​នៃ​បណ្តា​វត្ត ដែល​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ចំនួន​១១៩​អង្គ​/​នាក់ ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ បានមក​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ស្តីពី កិច្ចការ​វត្ត​អារាម​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​រិះរក​មធ្យោបាយ​យ៉ាងណាដែ​លអាច​ឲ្យ​វត្ត​អារាម ជាពិសេស វត្ត​ដែល​នៅក្នុង​រមណីយដ្ឋាន​អង្គរ មាន​តួនាទី​សំខាន់​ក្នុងការ​រួមចំណែក​អភិរក្ស​បេតិកភណ្ឌ​អង្គរ​។​

​សិក្ខាសាលា​នេះ​មាន​រយៈពេល​មួយ​ព្រឹក​ពេញ រៀបចំឡើង​ដោយ​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​-​ញូ​វ​ហ្សេ​ឡែ​ន ដែលមាន​ឈ្មោះថា គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ ក្រោម​ការសម្របសម្រួល​របស់​អង្គការ​ព្រះពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍ ហៅថា ACHA​។ នេះ​ជាការ​រៀបចំ​ដំណាក់កាល​ទី​ពីរ ក្រោយពី​ដំណាក់កាល​ទីមួយ​បាន​ដំណើរការ​រយៈពេល​មួយឆ្នាំ​កន្លងទៅ​ជាមួយ​វត្ត​ចំនួន​១៥​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ប្រធាន​អង្គការ​ព្រះពុទ្ធសាសនា លោក​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា បាន​លើកឡើងថា ព្រះពុទ្ធសាសនា​មាន​តួនាទី​សំខាន់​ណាស់​ក្នុងសង្គម​ខ្មែរ​។ អ្នកផ្សេង​និយាយ​ដប់​ម៉ាត់​អាច​គេ​មិន​ស្តាប់ តែ​ព្រះសង្ឃ​មាន​ថេរ​ដីកា​តែមួយ​ម៉ាត់ គេ​អាច​ស្តាប់​និង​ធ្វើតាម​។ ក្នុងន័យនេះ បេតិកភណ្ឌ​អង្គរ​ក៏​ទាមទារ​ព្រះសង្ឃ​ក្នុង​តំបន់​អង្គរ ជួយ​ពន្យល់​អប់រំ​ពុទ្ធបរិស័ទ​ឲ្យ​ចូលរួម​ថែរក្សា​ផងដែរ​។ ប៉ុន្តែ​ជាដំបូង គឺ​ព្រះសង្ឃ​ត្រូវ​យល់​អំពី​វិធីសាស្ត្រ​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ជាមុនសិន មុននឹង​អាច​ពន្យល់​អប់រំ​ពុទ្ធបរិស័ទ​ឲ្យ​យល់​តាម​បាន​។ ដូច្នេះហើយ ទើប​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​គម្រោង ACHA បាន​សហការ​ជាមួយ​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ និង​ក្រុមប្រឹក្សា​កិច្ចការ​វត្ត​អារាម ដើម្បី​ផ្តល់​ការអប់រំ និង​ផ្តោះ​ផ្តូ​រ​យោបល់​អំពី​ការងារ​អភិរក្ស​នេះ​ចំពោះ​ព្រះសង្ឃ​ដោយផ្ទាល់ ដើម្បី​ឲ្យ​ព្រះសង្ឃ​មាន​មូលដ្ឋាន​យកទៅ​ពន្យល់​បន្ត​ដល់​ពុទ្ធបរិស័ទ​។​

​ព្រះ​មេគណ​ស្តីទី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កិច្ច​វត្ត​អារាម ព្រះ​តេជគុណ ជុំ គឹម​ឡេង មាន​ថេរ​ដីកា​ថា កន្លងមក​ព្រះសង្ឃ និង​ពលរដ្ឋ​មួយចំនួន​មាន​ការមិនសប្បាយចិត្ត​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងពេលដែល​ទាមទារ​សាងសង់​សំណង់​ផ្សេងៗ​មិនបាន​។ តែ​ចាប់ពី​យើង​បានធ្វើការ​ជាមួយគ្នា​មួយរយៈ តាមរយៈ​សិក្ខាសាលា និង​កម្មវិធី​ផ្សេងៗ ជាពិសេស​តាំងពី​ពេលដែល​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សា​កិច្ចការ​វត្ត​អារាម​មក ព្រះសង្ឃ​និង​អាជ្ញាធរ​ជាតិ​អប្សរា​មានការ​យល់​ពីគ្នា​ទៅវិញទៅមក​បាន​ច្រើន​។ ឥឡូវ​យើង​ឃើញ​ព្រះសង្ឃ​បានរួម​ចំណែក​ច្រើន​ក្នុង​ការងារ​អភិរក្ស​នេះ​។​

​មានប្រសាសន៍​បើក​កម្មវិធី​សិក្ខាសាលា លោក​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះសង្ឃ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​កន្លងមក​តែង​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​បេសកកម្ម​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។ ជាមួយគ្នានេះ លោក​អគ្គនាយក​ក៏​រំឭក​ឡើងវិញ​អំពី​សារសំខាន់​នៃ​បេតិកភណ្ឌ​អង្គរ ដែល​មិនមែន​សំដៅ​ត្រឹមតែ​ប្រាង្គ​ប្រាសាទ​នោះទេ តែ​គឺ​រួមទាំង​បរិស្ថាន​ជុំវិញ​ផង​។ ការ​នេះ​តម្រូវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម ទើប​អាច​ជោគជ័យ​ទៅបាន​៕

​អាជ្ញាធរ​មូលដ្ឋាន និង​ព្រះសង្ឃ ក្នុង​តំបន់​អង្គរ​ជួបជុំគ្នា ដើម្បី​រិះរក​វិធីសាស្ត្រ​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​អង្គរ​

​អាជ្ញាធរ​មូលដ្ឋាន និង​ព្រះសង្ឃ ក្នុង​តំបន់​អង្គរ​ជួបជុំគ្នា ដើម្បី​រិះរក​វិធីសាស្ត្រ​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​អង្គរ​

​អាជ្ញាធរ​មូលដ្ឋាន និង​ព្រះសង្ឃ ក្នុង​តំបន់​អង្គរ​ជួបជុំគ្នា ដើម្បី​រិះរក​វិធីសាស្ត្រ​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​អង្គរ​