ក្លាយខ្លួន ជាសេដ្ឋី តែមួយ ពព្រិចភ្នែក

មនុស្សម្នាក់ៗ សុទ្ធតែធ្លាប់គិត ធ្លាប់ចង់ក្លាយខ្លួន ជាសេដ្ឋី មានទ្រព្យស្តុកស្តម ប៉ុន្តែទំាងអស់នោះ  គ្រាន់តែជាការគិតប៉ុណ្ណោះ ចំពោះផ្លូវដើរ ដែរថា តើក្លាយខ្លួនទៅជា សេដ្ឋីយ៉ាងម្តេចកើត ពិតសំនួរដែរពិបាក ឆ្លើយណាស់ ហើយចម្លើយ ទំាងអស់នោះ ក៏ប្រហែលមានតែ មនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែរអាចឆ្លើយបាន តាមរយៈបទពិសោធន៍របស់ពួកគាត់ ដែលយើងត្រូវតែរៀនសូត្រតាម។
ក្លាយខ្លួនជាសេដ្ឋីតែមួយ ពព្រិចភ្នែកនេះ ក្នុងសាច់រឿងគឺចង់និយាយអំពីទ្រព្យដ៏មានតម្លៃមួយដែល កប់ក្នុងបាតសមុទ្រ ដែលគ្មានអ្នកណាម្នាក់ បានគិតដល់ តែមានថែកែហាម្នាក់ នៅអាមេរិកបានគិតដល់រឿង នេះដំបូងឡើយគេនាំគ្នាថា គាត់ជាមនុស្សឆ្កួត ប៉ុន្តែទីបំផុតទ្រព្យ នៅមនុស្សរាល់គ្នាគិតថា គ្មានតម្លៃ បែរជាប្រើរូបគាត់ឲ្យក្លាយជា សេដ្ឋីតែមួយពព្រិកភ្នែកទៅវិញ។

ដំណើររឿងទំាងនោះ មានដូចតទៅ មានព័ត៌មានមួយបាន ចុះផ្សាយតាមទំព័រការសែតថា សហរដ្ឋអាមេរិក នឹងប្តូរខ្សែកាបមួយខ្សែដែល បង្កប់នៅបាតសមុទ្រ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ការផ្លាស់ប្តូរនោះ ក៏ព្រោះតែខ្សែកាបទំាងនោះខូចគុណភាព។ ក្រោយទទួលបានដំណឹងនេះ លោកថៅកែហាង លក់គ្រឿងតែងលម្អម្នាក់ មិនបានបណ្តោយឲ្យព័ត៌មាននេះ កន្លងផុតពីគំនិតរបស់គាត់ដោយ ងាយៗនោះទេ។ គាត់ប្រញាប់ទៅទាក់ទងទិញខ្សែ កាបខូចគុណភាពនោះមកជាបន្ទាន់។

វាពិតណាស់អ្វីដែល គាត់កំពុងធ្វើនេះ គ្មាននរណាដឹងថា គាត់ចង់ធ្វើអ្វីនោះទេ ហើយគេបែរជាយល់ឃើញថា គាត់ហ្នឹងប្រហែលជាឡប់ សតិហើយមើលទៅ? លោកថៅកែហាង បានបញ្ជាឲ្យរើហាងចាស់ចេញ ហើយឲ្យកូនចៅនាំគ្នា លាងសម្អាតខ្សែកាបនោះ ពត់ឲ្យត្រង់ រួចកាត់លោហៈជាកំណាត់ខ្លីៗ បន្ទាប់មក គាត់ក៏យកដុំលោហៈ ទាំងនោះទៅរៀបចំកែច្នៃ ផលិតតុបតែងធ្វើជាវត្ថុ អនុស្សាវរីយ៍ រួចយកទៅដាក់លក់។

វត្ថុអនុស្សាវរីយ៍ធ្វើពីខ្សែកាប ដែលធ្លាប់បង្កប់ពីក្រោម មហាសមុទ្រអាត្លង់ទិករាប់សិបឆ្នាំ តើអ្នកណាមិនចង់បានវា យកមកទុកក្នុងផ្ទះ គ្រាន់ធ្វើជាវត្ថុអនុស្សាវរីយ៍? ទំនិញរបស់គេ ក៏លក់ដាច់ភ្លូកទឹក ភ្លូកដី ធ្វើឲ្យលោកថៅកែ ក្លាយទៅជាសេដ្ឋី តែក្នុងមួយរយៈពេលដ៏ខ្លីអញ្ចឹងទៅ។

ក្រោយមកទៀត លោកថែហាងរូបនេះ ក៏បានទៅដេញថ្លៃពេជ្ររបស់ម្ចាស់ក្សត្រី បានមួយគ្រាប់ ដែលមានពណ៌លឿងខ្ចី ស្អាតឥតមានទាស់ កម្រនឹងរកបាន។ មិត្តភក្តិបាននាំគ្នាសួរទៅគាត់ថា តើអ្នកឯងទិញទុកពាក់ខ្លួនឯង ឬយកទៅលក់បន្ត?  គាត់មិនបានឆ្លើយថា ម៉េចទេ គ្រាន់តែធ្វើមុខញឹមៗប៉ុណ្ណោះ។ បន្តិចក្រោយមក គាត់ក៏រៀបចំ ធ្វើពិធីតាំងពិពរណ៌ គ្រឿងអលង្ការមួយ ទៅតាមសម្រួល ដោយមិនបន្ទីបន្ទាន់អ្វីប៉ុន្មានទេ។

ចំណុចសំខាន់នៃពិពរណ៌ គឺស្ថិតនៅត្រង់គ្រាប់ពេជ្រម្ចាស់ក្សត្រីនោះឯង តើនរណាទៅ ដែលមិនស្រមៃចង់ ឃើញគ្រាប់ពេជ្រ ដ៏មានតម្លៃ របស់ម្ចាស់ក្សត្រី? មនុស្សក៏នាំគ្នាសម្រុកមកមើល យ៉ាងភ្លូកទឹកភ្លូកដី  ពីសព្វទិសទី ច្រើនឥតបីគណនា។ ថៅកែ គ្រប់ទឹក មួយគ្របទៀត ដោយសារតែរក ចំណូលបានពីការតាំងពិពរណ៌។

តាមរយៈសាច់រឿងនេះ បានបញ្ជាក់ឲ្យដឹង កាន់តែច្បាស់ថា ទ្រព្យសម្បត្តិមិនមែន គ្រាន់តែជាលុយកាក់ មាសប្រាក់ និងមិនមែនគ្រាន់តែជាវត្ថុ ឬរបស់របរនោះទេ។ នៅក្នុងសង្គមបច្ចុប្បន្ន ដែលមានការចម្រើន ជឿនលឿនខ្លាំងក្លាបែបនេះ ទ្រព្យសម្បត្តិដ៏សំខាន់របស់មនុស្ស គឺភាពឆ្លាតវាងវៃ ថាមពល សតិបញ្ញា និងភាពដាច់ខាត ទៅលើការសម្រេចចិត្ត។ ទ្រព្យសម្បត្តិ គឺជាការរួមផ្សំគ្នា រវាងវត្ថុ និងប្រាជ្ញាស្មារតីកម្រិតខ្ពស់នោះឯង។

ហេតុនេះ ដើម្បីសាងដំណើរជីវិតមួយ ដែលប្រកបដោយ គុណភាព មនុស្សម្នាក់ៗ ត្រូវតែខិតខំស្វែងយល់ ឲ្យទាន់កាលៈទេសៈ ឬអាចសម្លឹងមើលឲ្យបាន វែងឆ្ងាយជាងអ្វីដែល មើលឃើញបែបធម្មតាៗ ដើម្បីរកមើលឱកាសថ្មីៗឲ្យបានមុនគេ។

គុណភាពជីវិតរបស់មនុស្សម្នាក់ៗ តម្រូវឲ្យមានមូលដ្ឋានធំៗពីរ មូលដ្ឋានសេដ្ឋកិច្ច និងមូលដ្ឋានចំណេះដឹងប្រាជ្ញាស្មារតី ដែលត្រូវបំពេញគ្នា ទៅវិញទៅមក ដើម្បីរក្សាតុល្យភាព។ មានសេដ្ឋកិច្ច បើគ្មានចំណេះ ក៏មិនចេះរស់ឲ្យមានក្តីសុខ បើមានចំណេះ តែគ្មានសេដ្ឋកិច្ចទ្រទ្រង់ ក៏លូតមិនបានឆ្ងាយ សេដ្ឋកិច្ច និងចំណេះ បើមានមួយខ្វះមួយ ក៏មិនខុសអីពីមនុស្សពិការនោះឡើយ។ សេដ្ឋកិច្ច អាចមិនមានពីកំណើត តែអាចប្រើចំណេះដើម្បីរក ឯចំណេះដឹង អាចស្វះស្វែងរកបាន នៅគ្រប់ទីកន្លែង។ ដឹងរឿងច្រើនកាលណា ល្អកាលនោះ ជាពិសេស រឿងដែលគេមិនទាន់ដឹងនោះឯង៕
អត្ថបទដកស្រង់ ចេញពី Mind Book

ក្លាយខ្លួន ជាសេដ្ឋី តែមួយ ពព្រិចភ្នែក